ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

កម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦១

(អត្ថបទចុះផ្សាយថ្ងៃទី 2014-12-09 08:00:30)

ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធខួបលើកទី៦១ នៃទិវាបុណ្យ ឯករាជ្យជាតិរបស់ខ្លួនដែលទាមទារបានពីការគ្រប់គ្រងរបស់បារាំង (៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា ២០១៤) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅ ក្រោមព្រះរាជាធិបតីនិងប្រទានភ្លើងជ័យដ៏ខ្ពង់ ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការចូលរួមពីសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ, មន្ត្រីរាជការ, អ្នកមុខអ្នកការ, កងកម្លាំងប្រដាប់អាវុធ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល, ឯកអគ្គរាជទូត រដ្ឋទូតនិងតំណាងស្ថានទូតនៃប្រទេសជាមិត្តប្រចាំកម្ពុជាយ៉ាងច្រើនកុះករ។

ដោយយាងព្រះរាជដំណើរតាមព្រះទីនាំងរថយន្តនៅវេលាម៉ោង៨ព្រឹក ព្រះករុណាព្រះមហាក្សត្រ ត្រូវបានអបអរសាទរដោយមហាជននិងសិស្សានុសិស្សដែលមានកាន់ទង់ជាតិនិងព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ ព្រមទាំងសម្តេចឪ សម្តេចម៉ែនិងបាច់ផ្កាឈរអមសង ខាងផ្លូវចាប់តាំងពីព្រះបរមរាជវាំងរហូតមកដល់វិមានឯករាជ្យជាទី កន្លែងដែលព្រះករុណាត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា, លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី, លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភានិងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រមទាំងអ្នកការទូតប្រចាំកម្ពុជាជាច្រើនផងដែរ។

ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦១ បានធ្វើឡើងក្នុងបរិយាកាសសប្បាយរីករាយ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមក ពីគណបក្សសង្គ្រោះជាតិផងដែរ ក៏ប៉ុន្តែអ្វីជាការកត់សម្គាល់ គឺមិនមានវត្តមានរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ដោយសារបញ្ហាសុខភាព រីឯសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏អវត្តមានផងដែរ ដោយសារសម្ដេចជាប់បំពេញបេសកកម្មនៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសចិនចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចំណែកមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិនិងលោក កឹម សុខា អនុ ប្រធានទី១ រដ្ឋសភា ក៏មិនមានវតុ្តមាននៅក្នុងឱកាសនោះដែរ។

មិនខុសពីបណ្ដាឆ្នាំកន្លងមកនោះទេ មុនពេលប្រទានភ្លើងជ័យ ដើម្បីជាការរំលឹកដល់ស្នាព្រះហស្តនិងគុណូបការៈរបស់ព្រះមហាវីរក្សត្រនិងអតីតយុទ្ធជនដែលបានដឹកនាំកម្លាំងចលនាតស៊ូពលី ជីវិតដើម្បីជាតិមាតុភូមិនោះ ព្រះករុណាព្រះមហាក្សត្របានយាងត្រួតពលនិងសួរសុខទុក្ខ សំណេះសំណាលជាមួយក្រុមមន្ដ្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធនិងបណ្ដាអង្គទូតនានាប្រចាំនៅកម្ពុជានិងបានយាងគោរពទង់ជាតិនៃព្រះរាជា ណាចក្រកម្ពុជាជាកិច្ចប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦១ នៃទិវាបុណ្យ ឯករាជ្យជាតិ, បន្ទាប់មក ព្រះមហាក្សត្រស្ដេចយាងប្រទានកម្រងផ្កា ប្រទានភ្លើងជ័យនិងគោរពវិញ្ញាណក្ខន្ធដោយមានសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកនិងសម្តេចព្រះរាជាគណៈ ៩ អង្គ ថ្វាយព្រះពរចំពោះព្រះអង្គផងដែរ។ ពិធីបង្ហោះប៉េងប៉ោងនិងលែង ព្រាបជានិមិត្ដរូបនៃសន្ដិភាពបានចាប់ផ្ដើមជាបន្ដបន្ទាប់គ្នានិងបាន បង្កឲ្យមានបរិយាកាសសប្បាយរីករាយ។
មុននឹងយាងទៅកាន់ព្រះបរមរាជវាំងវិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានយាងជុំវិញវិមានឯករាជ្យដើម្បីសាកសួរសុខទុក្ខ បងប្អូនប្រជារាស្ត្រ មន្ដ្រីរាជការ សិស្សានុសិស្សក្នុងទឹកចិត្តគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ ហើយព្រះអង្គបានចាប់ដៃជម្រាបលាអង្គទូត មន្រ្តីរាជការនិងលើកព្រះហស្តគ្រវីទៅកាន់មហាជនដែលបាន អញ្ជើញចូលរួមក្នុងពិធីដ៏សែនសប្បាយរីករាយនេះ។

ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ គឺដើម្បីរម្លឹកឡើងវិញនូវ ស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋនិងយុទ្ធជនកម្ពុជាដែល បានបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យភាពពេញលេញពី ប្រទេសបារាំងបានមកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយ ថ្ងៃនេះ ក៏ជាខួបលើកទី៦១ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ផងដែរ។ ប្រជារាស្រ្តខ្មែរបានចងចាំមិនភ្លេចថ្ងៃទី៩ ខែវិច្ឆិកាជាប្រវត្ដិសាស្ដ្រនិងគុណូបការៈដ៏ថ្លៃថ្លានិងវីរភាពដ៏អង់អាចក្លាហាននៃព្រះ ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់នូវ ព្រះកាយពលនិងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតដើម្បីតស៊ូទាមទារឯករាជ្យភាពពីការគ្រប់គ្រងរបស់បារាំងមកជូនជាតិមាតុភូមិកម្ពុជា ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានឯកភាពទឹកដី សេរីភាព ឯករាជ្យពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ បន្ទាប់ពីបារាំងបាន គ្រប់គ្រងកម្ពុជាអស់ ៩០ ឆ្នាំមកនោះ។ ដើម្បីរម្លឹកដល់គុណូបការៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើមិទ្ទីងអបអរបុណ្យឯករាជ្យ ជាតិជារៀងរាល់ឆ្នាំ ដោយប្រព្រឹត្ដទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

មុននេះមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកនាយ ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយនឹងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (RCAF) លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីខួបលើកទី៦១ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ ឬហៅថា ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ឆ្នាំ១៩៥៣- ៩វិច្ឆិកា ២០១៤) និងទិវាឯករាជ្យនៅឯក្រសួងការពារជាតិ ដោយមានមន្រ្តីយោធារាប់រយនាក់បានចូលរួមផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានប្រសាសន៍ថា “ខួបនៃ ការបង្កើតកងកម្លាំងប្រដាប់អាវុធនិងទិវាឯករាជ្យ បានបង្ហាញពី ជោគជ័យនិងកម្លាំងសាមគ្គីភាពរបស់ប្រទេសមួយដែលឆ្លងកាត់ប្រវត្តិសាស្ត្រនៃការគ្រប់គ្រងស្មុគស្មាញអស់រយៈពេល ៦១ ឆ្នាំ ប៉ុន្តែ នៅតែរក្សាអត្តសញ្ញាណរបស់ខ្លួន”។ ជាមួយគ្នានេះ លោកក៏បានធ្វើ ការកោតសរសើរដល់កងយោធពលខេមរភូមិន្ទចំពោះការលះបង់ដ៏ ធំធេងដើម្បីបុព្វហេតុឯករាជ្យ សន្តិភាព បូរណភាពទឹកដីនិងភាព សុខសាន្តរបស់ប្រជាពលរដ្ឋ។

តាយរយៈឯកសារបានឲ្យដឹងថា នៅឆ្នាំ១៩៥២ បារាំងបានប្រគល់ឯករាជ្យឲ្យមកកម្ពុជាវិញ ក៏ប៉ុន្តែឯករាជ្យនោះនៅពុំទាន់ពេញ លេញនៅឡើយទេ ទើបនៅក្នុងឆ្នាំ១៩៥២ ដដែលនោះ ចលនារាជ បូជនីយកិច្ចដើម្បីឯករាជ្យពេញលេញនៃកម្ពុជាត្រូវបានបង្កើតឡើង ដោយស្នាព្រះហស្ថរបស់ព្រះអង្គដែលប្រជាជាតិកម្ពុជាទាំងមូលបានគាំទ្រនិងអបអរសាទរយ៉ាងខ្លាំង ដោយមានចលនាជីវពលនារីក្លាហានមករួមរស់ជាមួយព្រះអង្គក្នុងតំបន់រំដោះខេត្ដកំពង់ធំនិងខេត្ដ បាត់ដំបង រហូតទទួលបានឯករាជ្យពេញលេញជូនប្រទេសជាតិ។

ឯកសារបានបន្តថា ដោយមើលឃើញថាខ្លួនអាចជួបប្រទះនូវ គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា បន្ថែមទៅលើការលំបាកបំផុតលើការធ្វើសង្គ្រាមនៅឌៀនបៀនភូ(វៀតណាមខាងជើង)នោះ បារាំងក៏បានសុខចិត្ដធ្វើការផ្ទេរថ្វាយព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជាយើងនូវអំណាចនិងសមត្ថកិច្ចនៃវិស័យណាដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាទាំងស្រុង។

លោក រីចស្ដេរូស៊ី តំណាង ប្រទេសបារាំងនិងសម្ដេច ប៉ែន នុត តំណាងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជននិងជំនាញការសំខាន់បានធ្វើការចរចានៅទីក្រុងភ្នំពេញរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផល ដោយជោគជ័យ ហើយនៅថ្ងៃនោះ លោកអគ្គមេបញ្ជាការ អគ្គសេនាធិការ ព្រមទាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងសហភាពបារាំងបានថ្វាយបង្គំលាព្រះករុណា សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ហើយបានចាកចេញដោយមិនវិលត្រឡប់មកព្រះ រាជាណាចក្រកម្ពុជាវិញឡើយ។ ដូច្នេះ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើនឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូរណ៍។ គួររម្លឹកថា បារាំង បានដាក់អាណាព្យាបាលលើកម្ពុជាចាប់តាំងពីឆ្នាំ១៨៦៣។


ព្រះមហាក្សត្រយាងពន្លត់ភ្លើងជ័យនៃថ្ងៃបុណ្យឯករាជ្យ

បន្ទាប់ពីភ្លើងជ័យនៅវិមានឯករាជ្យត្រូវបានរក្សាទុករយៈពេល ៣ ថ្ងៃ រួចមក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះរាជពិធីពន្លត់ ភ្លើងជ័យខួបអនុស្សាវរីយ៍ឆ្នាំទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៤ បានរៀបចំឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ដោយមានវត្តមានដង្ហែដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោក ស ខេង នាយករដ្ឋមន្ដ្រីស្តីទី, លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភានិងថ្នាក់ដឹកនាំសំខាន់ៗនៃ ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រជាកូនចៅរបស់ព្រះអង្គជាង ១.០០០ នាក់។

នៅពេលព្រះករុណា ព្រះមហាក្សត្របានយាងដល់វិមានឯករាជ្យ សូរសំឡេងជយឃោសនិងស្នូរទះដៃអបអរសាទរបានបន្លឺឡើងពី ហ្វូងមហាជនថ្វាយព្រះអង្គ។ បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងបានយាងត្រួតពល, ពន្លត់ភ្លើងជ័យនិងបានយាងគោរពទង់ ជាតិដើម្បីបញ្ចប់ថ្ងៃបុណ្យឯករាជ្យជាតិគម្រប់ ៣ ថ្ងៃ។

ដូចថ្ងៃប្រទានភ្លើងជ័យនៅក្នុងទិវាបុណ្យឯករាជ្យជាតិខួបលើក ទី៦១ នាថ្ងៃទី៩ ខែវិច្ឆិកាដែរ ព្រះមហាក្សត្របានយាងសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាល  ព្រមទាំងយាងស្វាគមន៍និងថ្លែងអំណរគុណចំពោះបណ្តាអង្គទូតនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ លើព្រះទីនាំងរថយន្តបើកដំបូល ព្រះអង្គក៏បានយាងព័ទ្ធ ជុំវិញវិមានឯករាជ្យដើម្បីសាកសួរសុខទុក្ខកូនចៅប្រជារាស្រ្តរបស់ ព្រះអង្គដែលឈររង់ចាំព្រះរាជបដិសណ្ឋារកិច្ចនៅជុំវិញវិមានឯករាជ្យ នេះ។ នៅក្នុងពិធីពន្លត់ភ្លើងជ័យនេះក៏មិនខុសពីថ្ងៃប្រទានភ្លើងជ័យ ដែរគឺពុំមានវត្តមានរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដោយសារបញ្ហាសុខភាព, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចជាប់បេសកកម្មដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ នៅ ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី១១ ដល់ទី១៤ ខែវិច្ឆិកា ។ រីឯមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្សី និងលោក កឹម សុខា ក៏មិនមានវតុ្តមានក្នុងឱកាសនេះដែរ។

ពិធីបុណ្យឯករាជ្យជាតិតែងត្រូវបានប្រព្រឹត្តធ្វើរយៈពេល ៣ ថ្ងៃ ហើយរៀងរាល់ ១០ ឆ្នាំម្តង តែងមានការប្រារព្ធពិធីមហាមិទ្ទីងធំម្តង ដើម្បីអបអរថ្ងៃបុណ្យឯករាជ្យជាតិនៅមុខព្រះបរមរាជវាំង៕   (ដោយលោក អុក សាផាន រូបថតលោក សារ៉េត )