ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(តចប់)

(អត្ថបទចុះផ្សាយថ្ងៃទី 2016-05-21 15:00:08)


តចប់

មាត្រា ៨៥ 

         ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំ លាន) រៀល និងអាចត្រូវផ្ដន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

 

         អំពើល្មើសខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) រៀល ការបើអំពើនេះបានប្រព្រឹត្តិក្នុងករណីណាមួយដូចខាងក្រោម៖

 

ក.   បើកបរដោយគ្មានបណ្ណបើកបរ ឬ មានបណ្ណបើកបរតែមិន ត្រឹមត្រូវតាមប្រភេទយានយន្ត។

ខ.   ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយ លីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ។

គ.   បណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់។

ឃ.  រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពី ការទទួលខុសត្រូវ។

         ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែម ដូចតទៅនេះអាចត្រូវបានប្រកាស ៖

១.   ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើស នេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬ នៅក្នុងឱកាសនៃ ការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំយ៉ាងច្រើន។

២.  ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទ ណាក៏ដោយសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។

៣.  ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាង ច្រើន។

៤.   ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន។

៥.   ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន។

៦.   ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយ ទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃយ៉ាងច្រើន។

 

មាត្រា ៨៦

         នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ តាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៤២ (ការទទួលខុស ត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌចំពោះ បទល្មើសដែលមានចែងក្នុងមាត្រា ៨៥ នៃច្បាប់នេះ។

 

         នីតិបុគ្គលត្រូវផ្ដន្ទាទោសជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន) រៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដូចតទៅនេះ ៖

 

១.   ការរំលាយតាមបែបបទកំណត់ដោយមាត្រា ១៧០ (ការ រំលាយ និងការជម្រះបញ្ជីនៃនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

២.  ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយមាត្រា ១៧១ (ការដាក់ឱ្យស្ថិតនៅ ក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមព្រហ្ម ទណ្ឌ ។

៣.  ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយឬច្រើនតាម បែបបទកំណត់ដោយមាត្រា ១៧២ (ការហាមឃាត់ចំពោះ ការធ្វើសកម្មភាព) នៃក្រមព្រហ្មទណ្ឌ។

៤.   ការបិទគ្រឹះស្ថានដែលប្រើប្រាស់សំរាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយមាត្រា ១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមព្រហ្មទណ្ឌ។

៥.   ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើក ចំហរដល់សាធារណជន ឬ ដែលប្រើប្រាស់ដល់សាធារណ ជន តាមបែបបទកំណត់ដោយមាត្រា ១៧៧ (ការហាមឃាត់ ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថាន) នៃក្រមព្រហ្មទណ្ឌ។

៦.   ការបិទផ្សាយសេចក្ដីសម្រេចផ្តន្ទាទោស តាមបែបបទ កំណត់ដោយមាត្រា ១៨០ (ការបិទផ្សាយសេចក្ដីសម្រេច) នៃក្រមព្រហ្មទណ្ឌ។

៧.  ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន សរសេរ ឬ ការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការ ផ្សាយតាមសេចក្ដីសម្រេច តាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ជាអាទិ៍) នៃក្រមព្រហ្មទណ្ឌ។

 

មាត្រា ៨៧

 

         ការបង់ប្រាក់ពិន័យអន្តរការណ៍ នាំឱ្យរំលត់បណ្ដឹងអាជ្ញា។

 

         អំពើល្មើសដែលត្រូវទទួលរងពិន័យអន្តរការណ៍ ហើយជន ណាពាក់ព័ន្ធមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍តាមកាល កំណត់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបញ្ជូនកំណត់ ហេតុព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូង។

 

ជំពូកទី១១

អន្តរប្បញ្ញាត្តិ

 

មាត្រា ៨៨

 

         រាល់លិខិតបទដ្ឋានគតិយុត្តដែលបានបង្កើតឡើង ដើម្បីអនុ វត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលបានប្រកាសឱ្យប្រើ តាមព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវនៅមានអានុភាពអនុវត្តន៍តទៅទៀត រហូតមានអត្ថបទថ្មីមកកែប្រែ ឬលុបចោល លើកលែងតែ បទប្បញ្ញាតិដែលផ្ទុយនឹងស្មារតីនៃច្បាប់នេះ។

 

មាត្រា ៨៩

 

         អ្នកកាន់បណ្ណបើកបរដែលត្រឹមត្រូវតាមបទប្បញ្ញាតិនៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឱ្យប្រើតាមព្រះរាជ ក្រមលេខ នស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ អាចបន្តប្រើប្រាស់រហូតដល់អស់សុពលភាព។

 

         អ្នកកាន់បណ្ណបើកបរដែលមិនត្រឹមត្រូវតាមបទប្បញ្ញាតិនៃ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឱ្យប្រើតាម ព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧/ ចុះថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០០៧ ត្រូវបំពេញបែបបទសុំប្ដូរបណ្ណបើកបរឱ្យ បានចប់សព្វគ្រប់ក្នុងរយៈពេល១ (មួយ) ឆ្នាំ បន្ទាប់ពីច្បាប់ នេះចូលជាធរមាននៅទូទាំងប្រទេស។

 

មាត្រា ៩០

 

         នៅក្រៅទីប្រជុំជន អ្នកបើកបរនិងអ្នករួមដំណើរទាំងអស់តាម រថយន្តដែលមានចំណុចលើសពី ៩ (ប្រាំបួន) នាក់ ដោយ គិតទាំងអ្នកបើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និង បទប្ប ញ្ញត្តិដែលមានចែងក្នុងកថាខណ្ឌទី២ មាត្រា៧ និង ចំណុច   ទី១១ និងទី១២ មាត្រា៨ នៃច្បាប់នេះត្រូវចាប់អនុវត្តក្នុងរយៈ ពេល៥ (ប្រាំ) ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅ ទូទាំងប្រទេស ។

 

មាត្រា ៩១

 

         បទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា ៤៣ និងមាត្រា ៤៤ ជំពូកទី៧ នៃច្បាប់នេះ ត្រូវចាប់អនុវត្តក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅទូទាំងប្រទេស ។

 

ជំពូកទី១២

អវសានប្បញ្ញត្តិ

 

មាត្រា ៩២

 

         ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧/ ចុះថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ២០០៧ ត្រូវទុកជានិរាករណ៍ ហើយត្រូវជំនួស ដោយច្បាប់នេះ ។