ថ្ងៃ អាទិត្យ ទី ២៣ ខែSep ឆ្នាំ២០១៨

ដើម្បីឆ្លើយតបនឹងតម្រូវការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ពលករកម្ពុជាត្រូវលើកកម្ពស់សមត្ថភាពការងារជាចាំបាច់

(អត្ថបទចុះផ្សាយថ្ងៃទី 2016-05-19 16:00:42)

 

ក្រោយសមាហរណកម្មអាស៊ានបានចូលមកដល់នៅដំណាច់ឆ្នាំ២០១៥កន្លងមក ការជជែកគ្នាពីស្ថានភាពពលករចំណាក ស្រុក និង ជំនាញការងាររបស់ពួកគេត្រូវបានក្រុមមេដឹកនាំសហ ជីពអាស៊ានចាប់ផ្តើមធ្វើការពិភាក្សា ពីព្រោះថាបញ្ហាពលករនៅ ក្នុងប្រទេសអាស៊ានមិនទាន់ស្ថិតនៅក្នុងក្របខណ្ឌនៃស្តង់ដាតែ មួយនៅឡើយ ហើយអ្វីដែលជាការព្រួយបារម្ភនិងជាការប្រឈម  នោះគឺ សមត្ថភាពនិងលទ្ធភាពការងារជំនាញវិជ្ជាជីវៈរបស់ប្រទេស ជាសមាជិកមួយចំនួន ពិសេសប្រទេសកម្ពុជាយើងដែលនៅមាន សភាពទន់ខ្សោយនៅឡើយ។

 

កន្លងមកសិទ្ធិទទួលបានការងារនិងសិទ្ធិទទួលបានការការពាររបស់ពលករកម្ពុជា មិនទាន់មានភាពទូលំទូលាយ ឬ នៅមាន កម្រិតនៅឡើយ។ បញ្ហានេះត្រូវបានជជែកនិងស្នើឱ្យមានកិច្ច ព្រមព្រៀងក្នុងតំបន់អាស៊ាន ដើម្បីឱ្យមានការទទួលស្គាល់សិទ្ធិ ពលករចំណាកស្រុកក្នុងការចូល ឬ បង្កើតសហជីពនៅប្រទេស ដែលពួកគេប្រកបការងារ។

 

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក អាត់ ធន់ ដែលបានទៅចូលរួមកិច្ចប្រជុំនេះ បានលើកឡើងថា៖ ពលករខ្មែរមានការប្រឈមខ្លាំងនៅពេល ដែលមានការច្របាច់ចូលទីផ្សារការងារអាស៊ាន ជាពិសេសពល ករកម្ពុជាដែលមានជំនាញតិចតួចអាចនឹងបាត់បង់ឱកាសការងារ ដែលមានប្រាក់ចំណូលខ្ពស់។ សម្រាប់ពលករចំណាកស្រុកកម្ពុជា បច្ចុប្បន្ន ទើបតែមានកិច្ចព្រមព្រៀងរួមជាមួយប្រទេសថៃប៉ុណ្ណោះ ក្នុងការធានាដល់កម្មករខ្មែរដែលទៅធ្វើការនៅប្រទេសថៃអាចមានសិទ្ធិចូលជាសមាជិកសហជីពនៅក្នុងប្រទេសថៃ ឬ អាចបង្កើតជា សហជីពនៅទីនោះតែម្តង។

 

ក្រុមមេដឹកនាំសហជីពមើលឃើញថា ការដែលមានសហជីព ឬសមាគមជួយការពារពលករនៅក្នុងប្រទេសដែលទទួលពួកគេ ឱ្យធ្វើការនោះគឺមានសារៈសំខាន់ណាស់ ព្រោះអាចធានាបានក្នុង ការទប់ស្កាត់ការរំលោភសិទ្ធិពលករ ដែលកន្លងមកមានការកេង ប្រវញ្ចពីនិយោជកគ្រប់រូបភាព ដូចជាការផ្តល់ប្រាក់ឈ្នួលមិនបាន សមស្របតាមកម្លាំងការងារជាដើម។

 

បញ្ហាសហជីព និង ការអនុម័តច្បាប់

 

នៅពេលដែលបណ្តាប្រទេសអាស៊ានបានលើកយកបញ្ហា សហជីពមកពិភាក្សាគ្នានេះ នៅប្រទេសកម្ពុជាយើងវិញច្បាប់ សហជីពក៏កំពុងត្រូវបានពិភាក្សាអនុម័តដោយសភាជាតិផងដែរ តែការអនុម័តច្បាប់នោះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសពី  សហជីពកម្មករដែលស្នើសុំឱ្យកែតម្រូវលើចំណុចមួយចំនួនដែលពួកគេយល់ថាមានលក្ខណៈគាបសង្កត់និងរំលោភសិទ្ធិកម្មករនិងពលករ តែចំណែកខាងក្រុមនិយោជកក៏មិនយល់ស្របលើចំណុច ខ្លះ ព្រោះយល់ឃើញថាច្បាប់នេះបានផ្តល់សេរីភាពហួសហេតុ ដល់កម្មករ, តែអ្នករៀបចំច្បាប់បានពន្យល់ថា ច្បាប់នេះបានជួយ ការពារសិទ្ធិកម្មករនិងពលករទៅវិញទេ។

 

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពមានចំនួន ១៧ ជំពូក ចែកជា ១០០ មាត្រា។ សេចក្តីព្រាងច្បាប់នេះបាន តាក់តែងតាំងពីខែវិច្ឆិកា ឆ្នាំ២០០៨។ មកដល់ពេលនេះមានសហ ជីពចំនួន ៣ ៣៦៦ កំពុងតែដំណើរការក្នុងប្រទេសកម្ពុជាដោយ ក្នុងនោះសហព័ន្ធសហជីពមាន ៩៧, សហភាពសហព័ន្ធសហជីព មាន១៦ និង សមាគមនិយោជកមានចំនួន៨។

 

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅសណ្ឋាគារសាន់វ៉េ ថាច្បាប់នេះមានការរឹតបន្តឹងយ៉ាងខ្លាំងទៅ លើសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព ការចូលរួមក្នុងសហជីព និងការធ្វើសកម្មភាពរបស់សហជីព។ លោក អាត់ ធន់ បញ្ជាក់ ថា៖ ខ្ញុំគិតថាបើច្បាប់នេះនឹងត្រូវបានអនុម័តដោយគ្មានការបញ្ចូល អនុសាសន៍របស់សហជីពទេ សហជីពកម្មករមិនមានវត្តមាននៅ កម្ពុជានាពេលអនាគត ប៉ុន្តែមានតែសហជីពដែលគាំទ្រដោយថៅ កែរោងចក្រប៉ុណ្ណោះ។ ការតវ៉ាដើម្បីដំឡើងប្រាក់ឈ្នួលលក្ខខណ្ឌ ការងារ សុខភាព និង សេរីភាព សហជីពនឹងមិនមានទៀតទេ

 

លោកបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងច្បាប់សហជីព យើង ឃើញថា មិនបានជួយអ្វីដល់កម្មករនិងពលករនោះទេ ព្រោះឱ្យ សិទ្ធិកម្មករ ពលករ ទាបពេកហើយ ផ្តល់សិទ្ធិឱ្យនិយោជករំលោភ លើកម្មករ ពលករខ្លាំង កាន់តែធ្វើឱ្យកម្មករ ពលករខ្លាច។ អនាគត នឹងធ្វើឱ្យកម្មករ ពលករ ធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែ ច្រើន។ ច្បាប់ហ្នឹងមិនល្អលើចំណុចមួយចំនួនដែលខ្ញុំធ្លាប់លើក ឡើងកន្លងមក មានមាត្រា៦, ១៣, ១៤, ១៧, ២៤, ២៩ និង មាត្រា ៦៥ គឺសុទ្ធតែជាបញ្ហាដែលប្រឈម ព្រោះសម្រាប់កម្មករ ពលករ សិទ្ធិធ្វើកូដកម្មលែងមាន មិនអាចធ្វើបាន គឺទាល់តែ៥០ ភាគរយបូក១ទើបអាចធ្វើបាន។ បើនិយោជកធ្វើខ្លាំង មិនដឹងធ្វើ ម៉េច កម្មករមានតែតវ៉ា តែការតវ៉ាឬការធ្វើសកម្មភាពរបស់សហ ជីពត្រូវបានម្ចាស់រោងចក្រ សហគ្រាសប្តឹង ឬ បញ្ឈប់ពីការងារ។ បើច្បាប់ដែលអនុម័តដោយរដ្ឋសភាដែលយើងបានស្នើសុំឱ្យកែប្រែលើចំណុចប្រឈម តែពុំបានកែសម្រួល លុះពេលយកទៅអនុ វត្តមិនស្មើភាពគ្នា និង មានការជ្រៀតជ្រែកផ្នែកនយោបាយទៀត នោះ អ្នកណាដែលហ៊ានប្រឆាំង អ្នកណានឹងជួយកម្មករ? វានឹង កាន់តែពិបាកទៅៗ ដូច្នេះទាល់តែធ្វើវិសោធនកម្មច្បាប់នោះតទៅ មុខទៀត ព្រោះឥឡូវគេមិនបង្ហាញតម្រុយថា នឹងកែចំណុចមាន បញ្ហាប្រឈមដែលសហជីពបានលើកឡើងនៅក្នុងច្បាប់នេះទេ។

 

វឌ្ឍនភាពនៃការធ្វើចំណាកស្រុករបស់ពលករ

 

តាមការកត់សម្គាល់ ការធ្ធើចំណាកស្រុករបស់ពលករខ្មែរ បានកើតឡើងក្នុងរង្វង់១ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែពុំមានចំនួន ជាក់លាក់ទេ ហើយមានការកត់សម្គាល់នូវលំហូរចេញចូលរបស់ ពលករជាទ្រង់ទ្រាយធំចាប់ផ្តើមពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន។ លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមាន ប្រសាសន៍នៅក្នុងកម្មវិធីសួស្តីសំឡេងសហរដ្ឋអាម៉េរិក (Hello VOA) កាលពីខែកុម្ភៈកន្លងមកថា៖ «ជាធម្មតា រាជរដ្ឋាភិបាល មានគោលការណ៍និងគោលនយោបាយក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និង ក្រៅប្រទេស។ យើងបាន ឃើញថា១ទសវត្សរ៍ចុងក្រោយនេះ ពលករខ្មែរមួយចំនួនបាន ព្យាយាមចេញទៅធ្វើការនៅបរទេស ក្នុងនោះមានទៅរកការងារ ធ្វើស្របច្បាប់និងមិនស្របច្បាប់»។ លោកស្រីបានបញ្ជាក់ទៀត ថា៖ «មូលហេតុដែលពលករចូលទៅធ្វើការស្រុកគេកាន់តែច្រើន គឺមកពីអ្នកដែលទៅធ្វើការស្រុកគេធ្វើការផ្សព្វផ្សាយទាក់ទាញបន្តគ្នាឱ្យអ្នកដទៃទៅធ្វើការកន្លែងដែលខ្លួនធ្វើការជាបន្តបន្ទាប់ ព្រោះ បច្ចុប្បន្នការទាក់ទងគ្នាមានភាពងាយស្រួលជាងមុន ធ្វើឱ្យលំហូរ ចូលពលករទៅធ្វើការនៅប្រទេសជិតខាងយើង (ប្រទេសថៃ) មានកាន់តែច្រើនឡើង»

 

អ្នកវិភាគសង្គមបានគូសបញ្ជាក់ថា យុវជនកម្ពុជាដើរតួនាទី សំខាន់ណាស់ក្នុងការកសាងសហគមន៍អាស៊ាន ទាំងនៅក្នុង ដំណាក់កាលបច្ចុប្បន្ននិងទៅអនាគត។ កម្ពុជាមានយុវជនដែល មានអាយុក្រោម ២៥ ឆ្នាំរហូតដល់ទៅជាង ៥២%។ លើសពីនេះ បើនិយាយពីប្រជាជនវ័យក្មេងអាយុក្រោម ៣៥ ឆ្នាំគឺកម្ពុជាមាន រហូតដល់ទៅជិត ៧០% ឯណោះ។ លក្ខណៈប្រជាសាស្ត្រនេះ មានអំណោយផលដល់កម្ពុជាសម្រាប់ចូលរួមក្នុងកម្លាំងពលកម្មអាស៊ាន។ ប៉ុន្តែយ៉ាងណាក៏ដោយ យុវជនដែលជាកម្លាំងពលកម្ម ដ៏សំខាន់នេះ បានកំពុងតែធ្វើចំណាកស្រុកទៅកាន់ប្រទេសជិត ខាង ស្វែងរកការងារដែលអាចធ្វើឱ្យគេមើលឃើញថា ទន្ទឹមនឹង មានផលចំណេញនេះ កម្ពុជាក៏នឹងត្រូវជួបប្រទះបញ្ហាប្រឈម មួយចំនួនផងដែរ។ ក្នុងចំណោមនោះ បញ្ហាទីផ្សារការងារកំពុង តែក្លាយទៅជាក្ដីបារម្ភសម្រាប់យុវជនកម្ពុជាមួយចំនួនធំ ព្រោះថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងប្រែក្លាយប្រទេសកម្ពុជាទៅជាទីផ្សារធនធានមនុស្ស ធនធានកម្លាំងពលកម្មដែលប្រកបដោយ ជំនាញនិងពោរពេញទៅដោយការប្រកួតប្រជែង។

 

សូមបញ្ជាក់ថា ពលករខ្មែរដែលបានធ្វើចំណាកស្រុកទៅធ្វើ ការនៅក្រៅប្រទេសទាំងស្របច្បាប់និងមិនស្របច្បាប់មានប្រមាណ ជាង១លាននាក់។ យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឱ្យដឹងថា ចំនួនពលករដែលកំពុងបម្រើការងារច្រើនជាងនៅ ក្រៅប្រទេសនោះគឺ៖ ទី១ ប្រទេសថៃ មានប្រមាណជាង៨ សែននាក់, ទី២ ប្រទេសម៉ាឡេស៊ី មានចំនួន៤ម៉ឺននាក់ និង ទី៣ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានជាង៣ម៉ឺននាក់។ ក្រៅពី នេះ មាននៅប្រទេសជប៉ុន សិង្ហបុរី និង ប្រទេសអារ៉ាប់ផងដែរ។ ចំណែកឯក្រុមហ៊ុននាំពលករស្របច្បាប់មានចំនួន ៦៥, នៅ ដំណើរការតែចំនួន ៥១ រីឯចំនួន ១៤ ក្រុមហ៊ុនទៀតមិនមាន ដំណើរការទេ។ ចំពោះតម្លៃសរុបនៃការបញ្ជូនពលករចំណាក ស្រុកស្របច្បាប់ទៅកាន់ប្រទេសថៃ មានតម្លៃប្រហែល ៧០០ ដុល្លារអាម៉េរិក ចំណែកការបញ្ជូនពលករចំណាកស្រុកស្របច្បាប់ ទៅកាន់ប្រទេសម៉ាឡេស៊ីមានតម្លៃពី ៨៤០ ដុល្លារអាម៉េរិកទៅ ១ ២០០ ដុល្លារអាម៉េរិក ខណៈដែលការបញ្ជូនពលករចំណាកស្រុក មិនស្របច្បាប់ចំណាយត្រឹមតែ ១០០ ដុល្លារអាម៉េរិកសម្រាប់ការលួច ទៅធ្វើការក្នុងប្រទេសថៃ ហើយនឹងមិនត្រូវរង់ចាំយូរចំពោះដំណើរ ការដើម្បីចេញដំណើរទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។

 

មូលហេតុនៃការធ្វើចំណាកស្រុករបស់ពលករ

 

ការធ្វើចំណាកស្រុក គឺជាការផ្លាស់ទីពីកន្លែងមួយទៅកន្លែង មួយផ្សេងទៀតដោយការស្ម័គ្រចិត្ត ឬដោយការបង្ខិតបង្ខំ។ សួរថា ហេតុអ្វីបានជាគេធ្វើចំណាកស្រុក? នោះគេនឹងបានចម្លើយមក វិញជាច្រើនគឺ មកពីមូលហេតុផ្នែកសេដ្ឋកិច្ច អំពើហិង្សាក្នុងគ្រួសារ ការស្វែងរកការងារធ្វើ ជឿការបញ្ចុះបញ្ចូល មេខ្យល់បោកប្រាស់ ចង់ស្គាល់ទីក្រុង គ្រោះមហន្តរាយធម្មជាតិ បញ្ហាផ្លូវចិត្ត ស្ថានភាព រស់នៅដែលមិនមានសុវត្ថិភាព កង្វះខាតឱកាស តម្រូវការកម្លាំង ពលករ (សម្រាប់ប្រទេសផ្សេង)។ល។

 

ប្រជាពលរដ្ឋកម្ពុជាដែលពេញកម្លាំងបម្រើការងារបាននាំគ្នា ធ្វើចំណាកស្រុកពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា ដូចជា ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ជាដើម។ គ្រួសារដែលមានសមាជិកធ្វើចំណាកស្រុកទៅធ្វើការ នៅខាងក្រៅតំបន់រស់នៅ ឬ ក្រៅប្រទេសនោះបានឱ្យដឹងថា ពួក គាត់ទៅរកប្រាក់ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។ បើពលករកាន់ តែច្រើនធ្វើចំណាកស្រុក ដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេស តើមានអ្វីកើតឡើងនៅក្នុងស្រុក? បញ្ហាកង្វះធនធានមនុស្សក៏ អាចធ្វើឱ្យរោងចក្រសហគ្រាសបរទេសមានការរារែកក្នុងការមក ធ្វើវិនិយោគឬមកធ្វើដែរ តែសម្រាប់តែការងារដែលត្រូវការកម្មករ អត់ជំនាញឬអាចយកអ្នកជំនាញមកពីប្រទេសគេ ដែលធ្វើឱ្យ បាត់បង់ឱកាសការងារសម្រាប់ប្រជាជនខ្មែរផងដែរ។ ជាលទ្ឋផល កង្វះធនធានមនុស្សនឹងមិនធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៏បានពេញលេញពីការពង្រីកទីផ្សារការងារក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដើមឆ្នាំ២០១៦ខាងមុខនេះទេ។ តែយ៉ាងណាក៏ដោយ សម្រាប់ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនអះអាងថានៅក្នុងរយៈពេលខ្លីកម្ពុជាស្រូបយកកម្មករជំនាញពីប្រទេសគេមែន តែក្នុង រយៈពេលវែង ប្រជាជនខ្មែរនឹងអាចរៀនជំនាញទាំងនោះបាន ហើយអាចដណ្តើមយកការងារវិញបាន ដោយសារតម្លៃពលកម្ម ក្នុងស្រុកទាបជាងកម្មករដែលនាំមកពីក្រៅស្រុក។

 

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សបានប្រាប់ទស្សនាវដ្តី «សេដ្ឋកិច្ចខ្មែរ» តាម ទូរសព្ទថា៖ មូលហេតុនៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ កម្ពុជាមានកត្តា២ គឺកត្តាជំរុញនិងកត្តាទាក់ទាញ។ កត្តាជំរុញគឺ ទី១ សំដៅទៅលើទីផ្សារការងារក្នុងស្រុកអត់សូវមាន អត់គ្រប់ សម្រាប់កម្លាំងពលកម្មដែលត្រូវការឈានទៅក្នុងទីផ្សារការងារ របស់យើង, និស្សិតដែលរៀនចប់អត់មានការងារធ្វើ, ពលរដ្ឋដែល ធ្លាប់ធ្វើជាកសិករ ដោយសារកសិកម្មរបស់គាត់មិនទទួលផលល្អ គាត់ក៏ទៅធ្វើជាកម្មករ ពលករចំណាកស្រុក, ដោយសារទីផ្សារ ការងារក្នុងស្រុកអត់គ្រប់ក្នុងការស្រូបយកកម្លាំងពលកម្ម ដូច្នេះធ្វើ ឱ្យមនុស្សចាប់ផ្តើមរកជម្រើសហើយ។ ទី២ អ្នកខ្លះគាត់មាន ការងារហើយ តែលក្ខខណ្ឌការងារក៏ដូចជាប្រាក់ឈ្នួលមិនអាចឱ្យ គាត់រស់បាន, ប្រាក់ខែយើងទាប តែការចំណាយយើងខ្ពស់។ បើ យើងប្រៀបធៀបទៅប្រទេសថៃប្រាក់ខែគេខ្ពស់ តែការចំណាយ របស់គេទាប ដូចជាបាយទឹកស្រុកយើង បើតម្លៃ១ដុល្លារអាម៉េរិក រកហូបអាហារឱ្យមានសុវត្ថិភាព គឺយើងពិបាករក តែនៅប្រទេស ថៃវិញគេចំណាយតែ ៣០ ឬ ៤០ បាត (១ដុល្លារអាម៉េរិក) គេរក ម្ហូបបានល្អ។ ទី៣ ពាក់ព័ន្ធនឹងជីវភាពក្រីក្រជំពាក់លុយគេ, គាត់ ធ្វើកសិកម្មមិនបានផល, គាត់មានដីស្រែធ្វើតែអត់ទីផ្សារសម្រាប់ លក់ផលិតផលកសិកម្មដែលគាត់ធ្វើបាន។

 

លោក មឿន តុលា បានបញ្ជាក់បន្ថែមថា៖ តាមការសិក្សាទៅ លើពលរដ្ឋដែលធ្វើចំណាកស្រុក យើងអាចចែកជា៣ក្រុម៖ ទី១ គឺក្រុមអ្នកអត់មានដីសោះ។ ពីដើមមកគាត់មានដីតែគាត់លក់ដី ព្យាបាលជំងឺ លក់ដីឱ្យកូនរៀន ធ្វើឱ្យគាត់អត់មានដី មានតែដើរធ្វើ ការឱ្យគេ។ ទី២ គឺក្រុមអ្នកលក់ដីឱ្យគេ តែមាននៅសល់ដីតូច សម្រាប់ធ្វើកសិកម្មដែរ, គាត់ទទួលផលមិនគ្រប់គ្រាន់ ព្រោះគ្រួសារ មានសមាជិកច្រើន បន្ទុកចំណាយធ្ងន់។ ទី៣ គឺក្រុមអ្នកមានដី គ្រប់ធ្វើបាន ក៏ប៉ុន្តែពេលបានផលលក់មិនបានថ្លៃ ចំណូលតិចជាង ចំណាយនាំឱ្យមិនអាចទ្រទ្រង់ជីវភាពបាន។ ពេលគាត់ធ្វើកសិកម្ម គាត់ជំពាក់មីក្រូហិរញ្ញវត្ថុដោយបានខ្ចីទិញគោយន្ត ទិញជី។ល។ ទាំងអស់នេះគឺជាកត្តាជំរុញនិងជាមូលហេតុដែលនាំឱ្យប្រជាពល រដ្ឋនាំគ្នាចាកចេញទៅធ្វើពលករចំណាកស្រុក។

 

រីឯកត្តាទាក់ទាញវិញ លោក មឿន តុលា បានឱ្យដឹងថា៖ នៅស្រុកគេ គេមានប្រាក់ឈ្នួលខ្ពស់ជាងយើង។ ការទាក់ទាញ តាមរយៈមេខ្យល់បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីព្រោះពេល អ្នកខ្លះចេញទៅធ្វើការនៅឯប្រទេសជិតខាង ពេលមកលេងផ្ទះ មានលុយទិញផ្ទះ ទិញដី មានជីវភាពធូរធារមួយកម្រិត។ មេខ្យល់ បញ្ចុះបញ្ចូលតាមភូមិ តាមស្រុក ហើយមានការផ្សាយតាមវិទ្យុ មានលក្ខណៈទាក់ទាញ ធ្វើឱ្យពលរដ្ឋបាក់ជំនឿ ធ្វើចំណាកស្រុក ទៅក្រៅកាន់តែច្រើន។

 

ចំណែក លោក អាត់ ធន បានឱ្យទស្សនាវដី្ត «សេដ្ឋកិច្ចខ្មែរ» ដឹងថា៖ ការធ្វើចំណាកស្រុករបស់ពលករខ្មែរ គឺពាក់ព័ន្ធនឹងបញ្ហា មួយចំនួន៖ ទី១ គឺបានប្រាក់ឈ្នួល ហើយប្រាក់ឈ្នួលដែលទទួល បាននៅប្រទេសជិតខាងយើងគឺថ្លៃជាង នេះជារឿងធំបំផុត។ ទី២ បរិយាកាសនិងលក្ខខណ្ឌការងាររបស់គេល្អជាង។ ទី៣ បរិស្ថាន កន្លែងធ្វើការក៏ល្អជាងនៅស្រុកយើង។ ទី៤ កត្តាអូសទាញរបស់ មេខ្យល់ក៏មានសភាពខ្លាំងក្លា ព្រោះគេមានចំណុចល្អស្រាប់ ងាយ ស្រួលក្នុងការអូសទាញពលករយើង។

 

លោក អាត់ ធន បានបញ្ជាក់ឱ្យដឹងដែរថា៖ «ចំពោះបញ្ហា ពលករនៅស្រុកខ្មែរ គឺត្រូវរៀបចំច្បាប់ឱ្យបានរឹងមាំល្អដើម្បីការពារ ពលករចំណាកស្រុកដែលចូលមកធ្វើការនៅប្រទេសយើង។ ឧទា ហរណ៍ដូចជាពលករមកពីប្រទេសវៀតណាម ថៃជាដើម ទោះបី ជាអ្នកឯងមកធ្វើការច្រើនឆ្នាំក៏ដោយ ក៏នៅតែជាពលករចំណាក ស្រុកមានកាតព្វកិច្ចបង់ពន្ធដូចពលករទេសន្តប្រវេសន៍ទូទៅដែរ»

 

ទន្ទឹមនឹងសហគមន៍អាស៊ានបង្កើតឡើង តើមានការជះឥទ្ធិពលយ៉ាងណាដល់ពលករខ្មែរ?

 

សមាហរណកម្មសេដ្ឋកិច្ចអាស៊ានមានន័យថា ទីផ្សារការងារ របស់កម្ពុជានឹងបើកចំហសម្រាប់យុវជនបរទេស ប៉ុន្តែបញ្ហាទីផ្សារ ការងារកំពុងតែក្លាយទៅជាក្ដីបារម្ភសម្រាប់យុវជនកម្ពុជាមួយចំនួន ធំ។ វានឹងប្រែជាតូចចង្អៀតសម្រាប់យុវជនដែលជាកម្លាំងស្នូលនៃ ប្រទេស។ យុវជនខ្មែរដែលជាកម្លាំងពលកម្មយ៉ាងសំខាន់មិនទាន់ មានសមត្ថភាព មិនទាន់មានជំនាញ និង មិនមានលទ្ធភាពរក ការងារធ្វើបាន។ នៅក្នុងបរិបទនេះ តើយុវជនខ្មែរគួរត្រៀមខ្លួន យ៉ាងដូចម្ដេចខ្លះ ដើម្បីចូលទីផ្សារការងារអាស៊ាន?

 

ដំបូងបង្អស់គឺចំណេះដឹងផ្នែកភាសា។ និន្នាការនៃការជ្រើស រើសរៀនភាសារបស់យុវជននៅកម្ពុជាប្រែប្រួលទៅតាមស្ថានភាព ទីផ្សារការងារ។ ពីមុនយុវជនខ្មែរផ្ដល់តម្លៃខ្លាំងទៅលើការសិក្សា ភាសាអង់គ្លេសនិងចិន ដោយសារតែងាយរកការងារធ្វើនិងងាយ ទទួលបានប្រាក់ខែខ្ពស់។ ក្រោយមកដោយសារតែមានអ្នកវិនិ យោគកូរ៉េចូលមករកស៊ីនៅកម្ពុជាច្រើន យុវជនខ្មែរក៏បានងាក ទៅរៀនភាសាកូរ៉េវិញ។ តែភាពពេញនិយមរបស់ភាសាកូរ៉េបាន ថយចុះនាពេលបន្ទាប់ ជំនួសវិញដោយភាសាជប៉ុនក្រោយពីវត្ត មានដ៏ច្រើនកុះកររបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ អ្នកជំនាញបាន លើកទឹកចិត្តចំពោះការរៀនភាសាបរទេសរបស់យុវជនកម្ពុជា ដោយបានណែនាំឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតចំពោះភាសាអង់គ្លេសដែលជាភាសាការងារផ្លូវការរបស់អាស៊ាន តែពួកគេក៏បាន លើកទឹកចិត្តឱ្យសិក្សាភាសាមួយបន្ថែមទៀត ដោយជ្រើសយក ភាសាណាក៏បានក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង ១០។ ទី២ គឺជំនាញវិជ្ជាជីវៈ ដោយហេតុថា នៅពេលអាស៊ានធ្វើ សមាហរណកម្ម នោះទីផ្សារការងារលែងមានព្រំដែនទៀតហើយ។ យុវជនមកពីគ្រប់ប្រទេសនៅក្នុងអាស៊ានមានឱកាសស្មើៗគ្នាក្នុង ការដណ្ដើមយកការងារល្អៗ។ ជំនាញវិជ្ជាជីវៈដែលនៅមានកម្រិត គឺជាឧបសគ្គមួយចម្បងរារាំងមិនឱ្យយុវជនកម្ពុជាឈានជើងចូលទៅក្នុងទីផ្សារអាស៊ានឱ្យបានពេញលេញ។ ក្នុងន័យនេះ ក្រសួង អប់រំ យុវជន និង កីឡា និង ស្ថាប័នពាក់ព័ន្ធទាំងអស់ព្រមទាំង យុវជនខ្លួនឯងផង ត្រូវតម្រង់ទិសដៅការអប់រំនិងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈធ្វើយ៉ាងណាឱ្យឆ្លើយតបឱ្យបានទៅនឹងក្របខណ្ឌ គុណវុឌ្ឍិ  និងការព្រមព្រៀងនៅក្នុងក្របខណ្ឌអាស៊ាន។

 

ក្រៅពីចំណេះដឹងភាសានិងជំនាញវិជ្ជាជីវៈ យុវជនកម្ពុជា ក៏ត្រូវបានជំរុញឱ្យបង្កើនការយល់ដឹងពីវប្បធម៌ប្រទេសអាស៊ាន ឱ្យបានទូលំទូលាយផងដែរ។ អាស៊ានជាបណ្ដុំប្រទេសចំនួន ១០ ដែលក្រៅពីមានភាសាខុសគ្នា ក៏មានវប្បធម៌ខុសប្លែកពីគ្នាខ្លាំង ណាស់ដែរ។ ការយល់ដឹងពីវប្បធម៌ឱ្យបានទូលំទូលាយ ជាពិសេស វប្បធម៌របស់ប្រទេសដែលជាគោលដៅបំពេញការងារនឹងជួយ សម្រួលយុវជនបានច្រើនទាំងនៅក្នុងការងារនិងការប្រាស្រ័យ ទាក់ទង។ ថ្វីត្បិតតែការរៀបចំត្រៀមខ្លួននៅពេលនេះហាក់ដូចជា យឺតពេលបន្តិច ក៏ប៉ុន្តែប្រសិនបើអាចសម្រេចបានមែននោះ យុវ ជនកម្ពុជានឹងអាចទាញយកផលប្រយោជន៍បានយ៉ាងច្រើនពី សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

 

លោក អាត់ ធន បានបញ្ជាក់ឱ្យដឹងថា ពលករខ្មែរយើងអាច ធ្វើចំណាកស្រុក ឬធ្វើទេសន្តប្រវេសន៍ទៅកាន់ទីផ្សារការងារក្នុង ប្រទេសតំបន់អាស៊ី មានដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េ និងប្រទេសសិង្ហបុរីជាដើមបានច្រើននិងដោយងាយជាងមុន ប៉ុន្តែ គាត់ទៅគ្រាន់តែជាកម្មករសាមញ្ញដែលប្រើតែកម្លាំងមួយមុខគត់ ព្រោះយើងមិនបានបណ្តុះបណ្តាលជំនាញពិតប្រាកដអ្វីមួយដល់គាត់។ ដូច្នេះនៅពេលដែលពួកគាត់ត្រឡប់មកស្រុកកំណើតវិញ គាត់បានបន្សល់ទុកនូវបញ្ហាមួយចំនួន គឺអត់ចេះអីសោះ មានជំងឺ ព្រោះគាត់ធ្វើការដោយការប្រើកម្លាំង។

 

លោក មឿន តុលា បានបញ្ជាក់ពីការជះឥទ្ធិពលនៃសមាហរ ណកម្មអាស៊ានថា យើងនឹងទទួលបានផលចំណេញមួយគឺយើង នឹងមានទីផ្សារធំ ប៉ុន្តែយើងក៏មានគុណវិបត្តិដ៏ធំមួយផងដែរ ដោយ សារបច្ចុប្បន្នពលករយើងបានទៅធ្វើការនៅបណ្តាប្រទេសមួយ ចំនួន តែជាការងារតូចតាច មិនមែនជាអ្នកគ្រប់គ្រង មិនមែន ជាអ្នកបច្ចេកទេស។ កាលណាធនធានមនុស្សយើងចេញទៅធ្វើ ការបែបហ្នឹង វាធ្វើឱ្យមានភាពរងគ្រោះច្រើនដែរ។ ដូច្នេះទាល់តែ រដ្ឋមានគោលការណ៍បណ្តុះបណ្តាល ឬ ផ្តល់ឱកាសដល់ពលករ យើង។ ឧទាហរណ៍ បើគិតតែរឿងវិស័យកាត់ដេរមួយ យើងនាំ យកវត្ថុធាតុដើមពីបរទេស ដើម្បីធ្វើការផលិត ហើយនាំចេញទៅ ក្រៅប្រទេស តែបើយើងរកវត្ថុធាតុដើមសម្រាប់ផលិតនោះដោយ ឱ្យកសិករយើងដាំដូចជាកប្បាសនោះ យើងអាចជួយមុខរបរដល់ កសិករផង ហើយជួយដល់កម្មករធ្វើការនៅក្នុងរោងចក្រកប្បាស ផងនិងផលិតផលក៏អាចផ្គត់ផ្គង់វិស័យកាត់ដេរទៀត បែបនេះ អាចកាត់បន្ថយចំណាយថ្លៃវត្ថុធាតុដើមថែមទៀត។ បើរដ្ឋមិនគិត ពីបញ្ហានេះទេ ថ្ងៃក្រោយយើងមិនអាចប្រកួតឈ្នះគេទេ ហើយការ ដាំដុះក៏ត្រូវតែគិតពីតម្រូវការផងដែរ។

 

កម្ពុជាត្រូវពង្រឹងវិស័យអ្វីបន្ថែមដើម្បីមានសមត្ថភាព

ប្រកួតប្រជែងជាមួយពលករបរទេស?

 

លោក មឿន តុលា បានគូសបញ្ជាក់ថា យើងត្រូវពង្រឹងវិស័យ ធនធានមនុស្សរបស់យើងដោយផ្តោតលើ៣ចំណុច៖ ទី១ បង្រៀន វិជ្ជាជីវៈផ្តោតលើកសិកម្ម ឧស្សហកម្មកែឆ្នៃ និង ឧស្សហកម្មតែម្តង (ក្នុងនោះពង្រឹងសេវា ពង្រឹងវិជ្ជាជីវៈដល់ពលរដ្ឋ ផ្តល់ដីសម្បទាន សង្គមកិច្ចនិងរកទីផ្សារ)។ ទី២ ពិចារណាប្រាក់ឈ្នួលកម្មករ បើ យើងមានប្រាក់ឈ្នួលល្អគឺជាការកាត់បន្ថយជម្លោះនៅក្នុងទីផ្សារការងារធ្វើឱ្យអ្នករកស៊ីមានសុខដុមរមនាជាមួយកម្មករនិងនាំឱ្យ មានការចុះសម្រុងល្អពីនិយោជក។ ទី៣ ការរៀបចំប្រព័ន្ធអប់រំឱ្យ បានល្អ ព្រោះប្រព័ន្ធអប់រំយើងនៅខ្សោយ យើងមិនអាចប្រកួត ប្រជែងនឹងគេបាន។

 

លោក អាត់ ធន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ ពលករ យើងត្រូវការបណ្តុះបណ្តាលជំនាញ។ អ្នកដែលចេញពីសាលាក៏ ត្រូវរៀនវគ្គខ្លីៗ ដើម្បីចាប់យកជំនាញអាចធ្វើការបាននៅក្នុងស្រុក ឬអាចទៅក្រៅស្រុក។ យើងអាចប្រើជំនាញដែលយើងមាន ឬ អាចរៀនជំនាញពីគេវិញឱ្យកាន់តែច្បាស់។ លោកបានបញ្ជាក់ ដូច្នេះថា៖ «ចំពោះសិស្ស និស្សិត ប្រព័ន្ធអប់រំត្រូវរៀបចំឱ្យគាត់ មានការចាប់អារម្មណ៍ ឱ្យគាត់គិតពីរឿងជំនាញបច្ចេកទេស។ ចំពោះអ្នកដែលពុំមានលទ្ធភាពរៀនបន្តទៅដល់មហាវិទ្យាល័យ សកលវិទ្យាល័យ គាត់គួររៀនជំនាញឯកទេសព្រោះនឹងទទួល បានការងារដូចគ្នា។ ឧទាហរណ៍នៅអឺរ៉ុបគេបានរៀបចំប្រព័ន្ធសិក្សា របស់គេឱ្យសិស្សរៀនចប់វិទ្យាល័យអាចចូលរៀនជំនាញតែម្តង ប្រសិនបើមិនអាចរៀនបន្តទៅថ្នាក់ខ្ពស់ទៀតនោះ គេអាចចាប់ យកឯកទេសជាចុងភៅ អ្នកឯកទេសសំណង់ អ្នកជំនាញកែច្នៃ សិប្បកម្មតូចៗជាដើម»

 

វិធានការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដើមចាត់វិធានការរឹតបន្តឹង និងព្រមាន ចំពោះក្រុមហ៊ុនជ្រើសរើសពលករ។ សេចក្ដីណែនាំនេះបានក្រើន រម្លឹកឱ្យក្រុមហ៊ុនជ្រើសរើសពលករទាំងអស់អនុវត្តឱ្យបានល្អប្រសើរ ចំពោះបទប្បញ្ញត្តិលេខ១៩០ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្ដីពីការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ដោយឡែក សម្រាប់សង្គមស៊ីវិលដែលធ្វើការផ្នែកពលករបានគាំទ្រវិធានការនេះ ប៉ុន្តែក៏បានរិះគន់ថា វិធានការរបស់ក្រសួងនាពេលកន្លងនៅ មិនទាន់មានលក្ខណៈធ្ងន់ធ្ងរនិងគ្មានវិធានការច្បាស់លាស់។

 

វិធានការរបស់ក្រសួងការងារធ្វើឡើងក្រោយពីពិនិត្យឃើញថា ថ្វីត្បិតតែមានក្រុមហ៊ុនជ្រើសរើសពលករមួយចំនួនបានអនុ វត្តកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការបញ្ជូន ពលករទៅធ្វើការនៅក្រៅប្រទេស  ប៉ុន្តែនៅមានក្រុមហ៊ុនជ្រើស រើសឯកជនមួយចំនួនធំនៅមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនឯកជនមួយចំនួនទៀតនៅមានចំណុចខ្វះខាតក្នុង ការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដែលជាហេតុមួយទាម ទារឱ្យក្រសួងតាមឃ្លាំមើល ដាស់តឿនក្រើនរម្លឹក និង ធ្វើការកែ តម្រូវរាល់បាតុភាពខុសឆ្គងជាបន្តបន្ទាប់។

 

ជាងនេះទៅទៀត ក្រសួងការងារក៏បានណែនាំ និងរំលឹកក្រុម ហ៊ុនជ្រើសរើសពលករឯកជនទាំងអស់ត្រូវអនុវត្ត ១២ ចំណុច ដែល មានចែងនៅក្នុងសេចក្ដីណែនាំចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ គឺ គ្រប់ទីភ្នាក់ងារជ្រើសរើសទាំងអស់ដែលចុះធ្វើការជ្រើសរើសនិង ផ្សព្វផ្សាយរាល់ព័ត៌មានទាក់ទងដល់ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ត្រូវមានឯកសណ្ឋាន ស្លាកឈ្មោះ ស្លាកសញ្ញារបស់ ទីភ្នាក់ងារជ្រើសរើសពលករ ព្រមទាំងមានលិខិតឧទ្ទេសនាម ដែលចុះហត្ថលេខាដោយអគ្គនាយកដ្ឋានការងារនិងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហើយត្រូវមានកិច្ចសហការល្អពី អាជ្ញាធរដែនដីផងដែរ។

 

ចំពោះបញ្ហានេះលោក មឿន តុលា បានគាំទ្រវិធានរបស់ ក្រសួង ប៉ុន្តែលោកនៅមិនទាន់ហ៊ានវាយតម្លៃថា ទទួលបានប្រសិទ្ធ ភាពកម្រិតណានោះទេ ដោយរង់ចាំមើលការអនុវត្តសិន។ តែ លោកបានរិះគន់ថា វិធានការរបស់ក្រសួងនាពេលកន្លងមកគឺជា វិធានការមួយមិនទាន់មានភាពច្បាស់លាស់សម្រាប់ដាក់ទោស ទណ្ឌទៅលើក្រុមហ៊ុនដែលនាំពលករចេញនៅឡើយទេ ជាក់ស្ដែង ក្រុមហ៊ុនឯកជនមួយដែលក្រសួងមហាផ្ទៃរកឃើញថាឃុំខ្លួនមនុស្ស ខុសច្បាប់ បន្លំឯកសារ និង ជ្រើសរើសពលករមិនគ្រប់អាយុ ទៅធ្វើការជាដើម ក៏ក្រសួងការងារមិនបានប្រកាសលុបចោល ក្រុមហ៊ុននេះជាផ្លូវការដែរ។

 

ជាមធ្យមក្នុងមួយឆ្នាំរាជរដ្ឋាភិបាលត្រូវទទួលបន្ទុកក្នុងការ បង្កើតការងារថ្មីចំនួន២សែនកន្លែងទើបអាចឆ្លើយតបទៅនឹង កំណើនប្រជាជនទាំងយុវជនមានជំនាញ និង គ្មានជំនាញ។ ជា មួយនឹងសម្ពាធប្រាក់ឈ្មួលក្នុងប្រទេសកាន់តែកើនឡើង ប៉ុន្តែ កម្លាំងពលកម្មនៅមានជំនាញទាប កម្ពុជាកំពុងជួបបញ្ហាប្រឈម ក្នុងការលើកកម្ពស់ផលិតភាពតាមរយៈការបណ្តុះបណ្តាលធន ធានមនុស្សប្រកបដោយសមត្ថភាពនិងគុណភាព ដើម្បីអាចរក្សា បាននូវការប្រកួតប្រជែងទាក់ទាញវិនិយោគទុនពីបរទេស និង ស្រូបយកបច្ចេកវិទ្យាថ្មីៗ សំដៅធ្វើពិពិធកម្មមូលដ្ឋានផលិត និង ចូលរួមដោយប្រសិទ្ឋភាពក្នុងសហគមន៏សេដ្ឋកិច្ចអាស៊ានដែល នឹងធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងការបង្កើតការងារ និង កាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្នកម្ពុជានៅតែត្រូវគេមើលឃើញថា យន្តការនិងស្ថាប័នទីផ្សារការងារ នៅមិនទាន់ដំណើរការដោយ មានប្រសិទ្ឋភាពពេញលេញនៅឡើយ ជាពិសេសកង្វះព័ត៌មាន ទីផ្សារការងារ ការផ្តល់សេវាការងារ មិនទាន់បានទូលំទូលាយ ព្រមទាំងយន្តការទំនាក់ទំនងវិជ្ជាជីវៈនិងការកំណត់ប្រាក់ឈ្នួល មិនទាន់ត្រូវបានអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅឡើយ៕      (លោក កែ ផុស)