ថ្ងៃ ច័ន្ទ ទី ២២ ខែតុលា ឆ្នាំ២០១៨

ព្រឹទ្ធសភាកម្ពុជា ជំរុញគណៈកម្មការសេដ្ឋកិច្ចកម្ពុជា-តួរគី សម្រេចគោលដៅផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម

(អត្ថបទចុះផ្សាយថ្ងៃទី 2018-01-27 12:00:39)

ព្រឹទ្ធសភាកម្ពុជា បានជំរុញដល់គណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួរគី ធ្វើយ៉ាងណាឱ្យ​​សម្រេច​​​គោលដៅផ្លាស់ប្តូរ​ពាណិជ្ជ​កម្មទ្វេភាគីចំនួន៥០០លានដុល្លារអារិក នៅត្រឹមឆ្នាំ២០២០។

ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសា​ធារណរដ្ឋតួរគី​ប្រចាំ​កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃទី ២៥ ខែមករានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា កម្ពុជា​​ចង់​បាន​នូវ​ទំហំ​ពាណិជ្ជ​កម្មរវាងកម្ពុជា និងប្រទេសតួរគីកើនឡើង និងចង់ឃើញជើង ហោះហើរត្រង់ពីតួរគីមកកាន់​កម្ពុជា ដើម្បីជំរុញកំណើនទេសចរ វិនិយោគ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជនទាំងពីរឱ្យកើនដល់ ៥០០លានដុល្លារ នៅឆ្នាំ២០២០។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា «បេសកកម្មការទូត ពិតជាបានរួមចំណែក​​យ៉ាងធំធេង​​ក្នុង​​​ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលនាំមកផល​​ប្រយោជន៍​ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។

លោកឯកអគ្គរដ្ឋទូត Ilhan Kemal Tug បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សន​កិច្ចផ្លូវការ​​របស់​សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមកម្ពុជា នាពេលខាងមុខនេះ នឹងមានការចុះហត្ថលេខា​​លើកិច្ច​ព្រមព្រៀងជាច្រើន រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ សំដៅបើកផ្លូវដល់ការលើកកម្ពស់​​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ​​ឲ្យកាន់តែខ្លាំងខ្លា​​ថែម​ទៀត។

កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងតួរគី មានទឹកប្រាក់សរុប​​ប្រមាណ៧៥លានដុល្លារអាមេរិក៕