ថ្ងៃ ច័ន្ទ ទី ២០ ខែសីហា ឆ្នាំ២០១៨

សម្តេចតេជោនាយអញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យា របស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា

(អត្ថបទចុះផ្សាយថ្ងៃទី 2018-01-27 12:00:29)

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា នារសៀល ថ្ងៃទី២៤មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបាន អញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យា របស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា។
   
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ បុគ្គលិក របស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌាជាច្រើនរូប។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ លើបទបង្ហាញស្តីពីគម្រោងផលិតផល បច្ចេកវិទ្យារបស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើប (Centre for Development of Advanced Computing) របស់សាធារណរដ្ឋឥណ្ឌា។ បទបង្ហាញដែលលើកឡើងដោយ ឯកឧត្តម Ravi Shankar Prasad រដ្ឋមន្រ្តីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា បានឱ្យដឹងថា មជ្ឈមណ្ឌលនេះគឺជាទីកន្លែងប្រមូលផ្តុំដោយការសិក្សាស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ក៏ដូចជាការរក្សាទុកបណ្តាទិន្នន័យនានា លើប្រព័ន្ធអ៊ីនធឺណែត ក្នុងការគ្រប់គ្រងលើគ្រប់ផ្នែក និងគ្រប់ទីកន្លែងក្នុងប្រទេសឥណ្ឌា និងក៏ជាការភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាប្រទេសមួយចំនួន ទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពី ការគ្រប់គ្រងទិន្នន័យដល់ប្រជាកសិករ និង ការធ្វើអាជីវកម្មគ្រប់បែបយ៉ាងទាំងក្នុងប្រទេសឥណ្ឌា និងអន្តរជាតិនានា ពិសេសការភ្ជាប់ទៅនិងបណ្តាសាកលវិទ្យាល័យធំៗលើពិភពលោកប្រមាណ ១៦ម៉ឺនកន្លែង។ នៅក្នុងពិធីនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា ពិសេសថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើប (Centre for Development of Advanced Computing) ដែលបានអនុញ្ញាតនិងផ្តល់ឱកាសឲ្យរូបសម្តេចបានមកធ្វើការស្វែងយល់ សិក្សាពីគម្រោងអាទិភាពនានានៅក្នុងមជ្ឈមណ្ឌលនេះ។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ភាគីឥណ្ឌា ធ្វើការសិក្សានិងផ្តល់លទ្ធភាពក្នុង ការភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីឲ្យកម្ពុជាបានធ្វើការតភ្ជាប់និងផ្តល់នូវព័ត៌មាន ពីគ្នាទៅវិញទៅមកលើប្រព័ន្ធ ព័ត៌មានវិទ្យាដ៏មានសារៈសំខាន់នេះ។ បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីគម្រោង ផលិតផលបច្ចេកវិទ្យារបស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូ បានអញ្ជើញទស្សនានូវការបង្ហាញជាក់ស្តែង ស្ទីពីការតភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងទិន្នន័យ ការតម្លើងប្រព័ន្ធសុសវែរ ការចុះបញ្ជីដីធ្លី និងឯកសារផ្សេងៗ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាបែបទំនើប ពិសេសការតភ្ជាប់ពី ប្រទេសឥណ្ឌាទៅកាន់ប្រទេសដទៃទៀត លើពិភពលោក។

សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣លាន២៨៧ពាន់២៦៣គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ារ ចិន នេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន១ពាន់២៧០លាននាក់ តួលេខក្នុងខែកក្កដាឆ្នាំ២០១៦។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ខែមករាឆ្នាំ១៩៥០។ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦កន្លងទៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនិង ១ពាន់៧០៩,៦ដុល្លាអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន១៧,៤% ឧស្សាហកម្មមាន២៨,៨% និងសេវាកម្មមាន៤៦,២% ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨,៦ពាន់លានដុល្លារ ឯការនាំចូលមានទឹកប្រាក់សរុប ៣៧៦,១ពាន់លានដុល្លារ។ សូមបញ្ជាក់ដែរថា នៅក្នុងដំណើរនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំឥណ្ឌាក៏បានចាត់ទុកថា វត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ គឺជាការជួយជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំឥណ្ឌា ពិសេសថ្នាក់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបនេះ កាន់តែមានសកម្មភាពរស់រវើកថែមទៀត ក្នុងការស្រាវជ្រាវរកនូវរក របកគំហើញថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យានេះជាមួយនិងបណ្តាប្រទេសជឿនលឿននានា លើសកលលោក៕