ថ្ងៃ ច័ន្ទ ទី ២០ ខែសីហា ឆ្នាំ២០១៨

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

(អត្ថបទចុះផ្សាយថ្ងៃទី 2018-02-22 15:00:22)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធនិងវិស័យមួយចំនួនទៀត។

នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈនេះ។

ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន ៩ ក្នុងទុនវិនិយោគសរុបប្រមាណ ៦៣លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក។

បណ្តាញទំនាក់ទំនងសង្គម ដដែលបានបញ្ជាក់ថា រយៈពេលពីរថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៩កុម្ភៈមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូក្យូ បានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុនមកកម្ពុជាបន្ថែមទៀត។

ដោយឡែកនៅថ្ងៃទី២០ ខែកុម្ភៈនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីបានចូលរួមធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅទីក្រុងតូក្យូដែលប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃម្សិលម៉ិញ បានបន្តដឹកនាំគណៈប្រតិភូមកចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នៅទីក្រុងសេនដាយ ខេត្តមីយ៉ាហ្គី ។ សិក្ខាសាលានេះបានរៀបចំក្នុងគោលបំណងធ្វើការទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុនដែលមានមូលដ្ឋាននៅតំបន់នេះមកកម្ពុជា។

សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជាបានរៀបចំដោយមានកិច្ចសហការនិងការគាំទ្រពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូក្យូ, សាលាខេត្តមីយ៉ាហ្គី, សាលាក្រុងសេនដាយ, JETROសេនដាយ, ធនាគារ 77 Bank និង អង្គការJICA ប្រចាំតំបន់តូហុកឃឹ (Tohoku)។សូមរម្លឹកថា ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅទីក្រុងនានានៃប្រទេសជប៉ុន ដោយឆ្នាំនេះមានការរៀបចំសិក្ខាសាលានេះនៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ (Sendai)៕