ថ្ងៃ ច័ន្ទ ទី ២០ ខែសីហា ឆ្នាំ២០១៨

រួមគ្នាពិភាក្សាដើម្បីផលប្រយោជន៍ទាំងក្នុងប្រទេសនិងទាំងក្នុងតំបន់

(អត្ថបទចុះផ្សាយថ្ងៃទី 2014-09-11 06:00:29)

វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព(Cambodian Institute for Cooperation and Peace = CICP)បានរៀបចំវេទិកា សាធារណៈស្ដីពីទស្សនវិស័យសម្រាប់ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសកម្ពុជា នៅក្នុងបរិបទនៃទំនាក់ទំនងចិននិងអាស៊ាន(Prospects for China-Cambodian Relation in the context of China and ASEAN Relations) កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព(CICP)។

វេទិកានេះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្ដេច នរោត្តម សិរីវុឌ្ឍ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញនិងជាប្រធាន វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពនិងលោក Zhu Zhenming សាស្ត្រាចារ្យចិនដ៏ល្បីមកពីបណ្ឌិត្យសភាវិទ្យា- សាស្ត្រសង្គម ខេត្តយូណាន(Yunnan)នៃសាធារណរដ្ឋប្រជាមានិត ចិន ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា រួមមាន៖ ស្ថានទូតឥណ្ឌា  ឥណ្ឌូណេស៊ី ប៊្រុយណេ វៀតណាម ចិន ម៉ាឡេស៊ី បារាំង... ព្រមទាំងសមាជិករដ្ឋសភា រាជរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល អ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកស្រាវជ្រាវនិងនិស្សិត ជាច្រើនរូប។

លោក ពូ សុធីរក្ស នាយកប្រតិបត្តិCICP បានថ្លែងថា CICP មានតួនាទីមួយសំខាន់សម្រាប់ជំរុញការពិភាក្សាទូលំទូលាយ ស៊ីជម្រៅនិងមានប្រយោជន៍ចំពោះការអភិវឌ្ឍទាំងក្នុងប្រទេសនិង ទាំងក្នុងតំបន់។ នៅថ្ងៃនេះ លោកសាស្ត្រាចារ្យ Zhu Zhenming នឹងធ្វើបឋកថា ស្ដីពីទំនាក់ទំនងចិននិងអាស៊ាននិងទំនាក់ទំនង រវាងប្រទេសចិននិងប្រទេសកម្ពុជា ដែលកន្លងមកយើងសង្កេត ឃើញថានៅមានការខ្វះខាតនៅកម្ពុជាទាក់ទិននឹងការចូលរួមពីមតិ សាធារណៈ ពិសេសវាគ្មិនមកពីប្រទេសមហាអំណាចចិន។ លោក បន្ដថា នេះជាការរៀបចំលើកទី១ហើយដែលផ្ដោតទៅលើកិច្ចការ បរទេសការទូតរបស់ចិនទាក់ទិនទៅនឹងយុទ្ធសាស្ត្ររបស់ខ្លួនក្នុង ការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាអភិវឌ្ឍតំបន់។ តាមរយៈវេទិកានេះ លោកសង្ឃឹមថា វាជាឱកាសមួយបើកទ្វារ ទទួលមតិសាធារណៈ ក៏ដូចជាមតិជាតិ-អន្តរជាតិនិងបានយល់ បន្ថែមទៀតអំពីគោលនយោបាយការបរទេសចិនចំពោះប្រទេស កម្ពុជានិងគោលនយោបាយការបរទេសចិនចំពោះសហគមន៍ អាស៊ានទាំងមូល ដែលជាប្រយោជន៍សម្រាប់ឈានទៅរកការធ្វើ សមាហរណ កម្មអាស៊ានឆ្នាំ២០១៥ ខាងមុខនេះ។

លោកនាយកប្រតិបត្តិ CICP មានប្រសាសន៍ថា នេះជាលើកទី១ ហើយដែលមានតំណាងរាស្ត្រគណបក្សប្រឆាំងបានអញ្ជើញចូលរួមនៅក្នុងវេទិកាសាធារណៈរបស់ CICP។ តាមពិតទៅ យើងបាន អញ្ជើញទាំងអស់ឲ្យតែតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភានិងតំណាង ស្ថាប័នរដ្ឋផ្សេងៗទៀត ហើយលោករីករាយណាស់ ពិសេសក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលតែងបានបញ្ជូនមន្ត្រីតំណាងរបស់ខ្លួនមកចូលរួមរាល់វេទិកា ដែលរៀបចំឡើងដោយ CICP នេះ។

សម្ដេច នរោត្តម សិរីវុឌ្ឍ មានព្រះបន្ទូលថា នេះជាវេទិកាដ៏មាន សារៈសំខាន់សម្រាប់ប្រទេសជាតិយើង ក៏ដូចជាសម្រាប់តំបន់ក្នុង ពេលបច្ចុប្បន្ននិងទៅអនាគត ដែលយើងទាំងអស់គ្នាបានយល់ ដឹងបន្ថែមទៀតនូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើតមាន ឡើង បញ្ហាប្រឈមនិងការរួមគ្នាដោះស្រាយដោយសន្តិវិធី ព្រម ទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាបានដឹងអំពីគោលនយោបាយការបរទេសចិនចំពោះកម្ពុជានិងចំពោះអាស៊ានទាំងមូលដែរ។ ដូចអស់លោកដឹងស្រាប់ហើយថា ប្រទេសចិនគឺជាមហាអំណាច មួយរីកចម្រើនជឿនលឿន កម្លាំងសេដ្ឋកិច្ចក៏កំពុងកើនឡើងយ៉ាង ខ្លាំង ហេតុនេះហើយនៅពេលមានវាគ្មិនមកពីប្រទេសចិនធ្វើបឋក ថាអំពីនយោបាយការបរទេសរបស់ចិនក្ដី អំពីបញ្ហាតំបន់ក្ដី គឺពិតជា ធ្វើឲ្យអ្នកការទូតនានាប្រចាំនៅកម្ពុជាមានការចាប់អារម្មណ៍ខ្លាំង។

ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ មានព្រះបន្ទូលបន្តថា នៅឆ្នាំ ខាងមុខជាខួបគម្រប់ ២០ ឆ្នាំនៃការបង្កើតCICP, វិទ្យាស្ថានមាន គម្រោងរៀបចំវេទិកាធំមួយដើម្បីអបអរសាទរគម្រប់ខួបនេះនិង ដើម្បីនាំមកនូវប្រយោជន៍សម្រាប់ប្រទេសជាតិនិងតំបន់ផងដែរ។

លោកសាស្ត្រាចារ្យ Zhu Zhenming ដែលជានាយក ផ្នែកសិក្សាស្រាវជ្រាវស្តីពីតំបន់អាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តយូណានដែរនោះ បានមានប្រសាសន៍ថា កម្ពុជា ជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ពី ជំនាន់មួយទៅជំនាន់មួយ ជាពិសេសចាប់តាំងពីកម្ពុជាបានបញ្ចប់ ជម្លោះសង្គ្រាមរ៉ាំរ៉ៃផ្ទៃក្នុងនិងទទួលបានសន្តិភាពទូទាំងប្រទេសមក ទំនាក់ទំនងចិននិងកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយ ជាទំនាក់ទំនងដែលមានលក្ខណៈពិសេស។

ទាក់ទិននឹងទំនាក់ទំនងចិន-កម្ពុជាមានលក្ខណៈពិសេសនេះ លោកសាស្រ្តាចារ្យបានបញ្ជាក់ថា  ទី១- គឺជាទំនាក់ទំនងប្រវត្តិ សាស្ត្រនិងជាប្រពៃណីតាំងពីយូរយារណាស់មកហើយ។ ទី២- ចិននិងកម្ពុជាពុំដែលមានជម្លោះដែនដីឬដែនសមុទ្រទេ។ ទី៣- គឺជាទំនាក់ទំនងបង្កើតឡើងដោយអតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ (ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ) ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន។ ជាងនេះទៅទៀត ប្រទេសចិន និងកម្ពុជាតែងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ កម្ពុជា គាំទ្រគោលនយោបាយចិន គោរពការសម្រេចរបស់ចិន ហើយចិនក៏ គាំទ្រនូវមាគ៌ាដឹកនាំរបស់កម្ពុជា។ ចិនមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុង របស់កម្ពុជា ដែលជាហេតុនាំឲ្យទទួលបានការទុកចិត្តពីប្រជាជន កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ចិនតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដោយគ្មានជាប់លក្ខខណ្ឌនយោបាយ។

នៅក្នុងការធ្វើបឋកថានេះដែរ លោកសាស្ត្រាចារ្យលើកឡើងថា លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ស៊ី ជីនភីង (Xi Jinping) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពនូវទស្សនៈយុទ្ធសាស្ត្របន្តពង្រឹងពង្រីកទំនាក់ទនងចិន-កម្ពុជា ឲ្យកាន់តែរីកចម្រើន និងស្អិតល្មួត រឹងមាំថែមទៀត។
ចំពោះទំនាក់ទំនងចិន-អាស៊ានវិញត្រូវបានលោកសាស្ត្រាចារ្យ លើកឡើងថា ចិននិងអាស៊ានក៏មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ តាំងពីយូរមកហើយផងដែរ។ បន្ទាប់ពីការផ្តួចផ្តើមនៃការធ្វើកំណែ ទម្រង់និងការបើកចំហទៅកាន់ពិភពលោកខាងក្រៅ ការផ្លាស់ប្តូរ ដ៏ធំមួយបានកើតឡើងទាំងនៅក្នុងស្ថានភាពនយោបាយនិង សេដ្ឋកិច្ចរបស់ប្រទេសចិន ទាំងទំនាក់ទំនងការបរទេស រួមទាំង ការកែសម្រួលគោលនយោបាយរបស់ខ្លួនឆ្ពោះទៅរកតំបន់អាស៊ី អាគ្នេយ៍ ដែលប្រទេសចិននិងអាស៊ានមានដែនដីនិងសមុទ្ររួមគ្នា។ លោកសាស្ត្រាចារ្យបន្តថា ជាលទ្ធផល អាស៊ីអាគ្នេយ៍បានកាន់កាប់ តំណែងដ៏សំខាន់មួយក្នុងទំនាក់ទំនងការបរទេសនិងជាដៃគូយុទ្ធសាស្រ្តរបស់ប្រទេសចិន។ កត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេស ចិនផ្តល់តម្លៃដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយ អាស៊ាននិងបានគាំទ្រដោយយកចិត្តទុកដាក់ចំពោះការបង្កើន ទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ទាំងផ្នែកនយោបាយសេដ្ឋកិច្ច វប្បធម៌និងវិស័យផ្សេងៗទៀត។

លោកសាស្ត្រាចារ្យលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៧ នៅ ពេលដែលប្រទេសចិននិងអាស៊ានបានសម្រេចចិត្តរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើតទំនាក់ទំនង «អ្នកជិតខាងល្អ និងជឿទុកចិត្តគ្នាទៅវិញទៅមក» ហើយសម្រាប់សតវត្សរ៍ទី២១នេះ ទំនាក់ទំនងរវាងប្រទេសចិននិងអាស៊ានបានបង្ហាញការអភិវឌ្ឍ យ៉ាងឆាប់រហ័សនិងរឹងមាំ។ ដោយសារតែការផ្លាស់ប្តូរទាំងក្នុងនិង ក្រៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ស្ថានភាព អន្ដរជាតិបានក្លាយទៅជាស្មុគស្មាញកាន់តែច្រើន។ បន្ទាប់មក ទំនាក់ទំនងរវាងប្រទេសចិននិងអាស៊ានប្រឈមនឹងបញ្ហាមួយចំនួន។ បញ្ហាដែលនៅសេសសល់រួមមាន ថាតើត្រូវវាយតម្លៃបែបណាអំពី ទំនាក់ទំនងនិងទស្សនវិស័យសម្រាប់ទំនាក់ទំនងរវាងប្រទេសចិន និងអាស៊ាននាពេលបច្ចុប្បន្ន?

ទោះជាយ៉ាងណាក្ដី លោកសាស្ត្រាចារ្យក៏បានសម្ដែងការ រំពឹងថា តាមរយៈបទឧទ្ទេសនាមរបស់លោកនៅពេលនេះ នឹង ធ្វើឲ្យមានការយល់កាន់តែច្បាស់ថែមទៀតអំពីទំនាក់ទំនងរវាងចិន-កម្ពុជា ក៏ដូចជាទំនាក់ទំនងចិននិងអាស៊ាននិងជាការចាប់ផ្តើម ដ៏ល្អមួយក្នុងការផ្លាស់ប្តូរទស្សនៈ យោបល់ បទពិសោធន៍ទៅវិញ ទៅមក សំដៅរួមគ្នាអភិវឌ្ឍប្រទេសទាំងពីរនិងអាស៊ានផងដែរ។

នៅក្នុងវេទិកានេះក៏មានមតិជាច្រើនបានលើកឡើង ដោយសុំឲ្យ ភាគីចិនចាប់អារម្មណ៍អំពីការវិនិយោគផ្នែកឯកជនទាក់ទិនទៅនឹង រឿងគុណភាពហេដ្ឋារចនាសម័្ពន្ធស្ពានថ្នល់ ពីព្រោះផ្លូវថ្នល់ដែល ក្រុមហ៊ុនចិនសាងសង់នៅកម្ពុជាត្រូវបានគេសង្កេតឃើញថាមាន គុណភាពអន់ជាងផ្លូវថ្នល់ដែលសាងសង់ដោយក្រុមហ៊ុនជប៉ុន។ ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យបានឆ្លើយតបវិញថា បញ្ហានេះ មិនមែនមាននៅតែស្រុកខ្មែរទេ សូម្បីតែនៅស្រុកចិនក៏អញ្ចឹងដែរ ជាពិសេសក្រុមហ៊ុនឯកជនចិនមួយចំនួនមិនទាន់យកចិត្តទុកដាក់ទៅលើគុណភាពនៅឡើយ។
ពាក់ព័ន្ធទៅនឹងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) លោក សាស្ត្រាចារ្យបានលើកឡើងថា វាជាកម្មវិធីមួយរបស់សហគមន៍ អាស៊ានដែលខិតខំប្រឹងប្រែងជំរុញឲ្យមានការព្រមព្រៀងរវាង អាស៊ាននិងចិន សម្រាប់ចាត់ចែងដោះស្រាយកុំឲ្យមានបញ្ហាកើត ឡើងនៅឈូងសមុទ្រចិនខាងត្បូង ពិសេសទាក់ទិននឹងការទាមទារ តំបន់ត្រួតគ្នា រវាងបូរណភាពដែនដី ដែនសមុទ្រ ដែនកោះជាដើម។ COC គឺជាផែនការមួយវែងឆ្ងាយ ហើយត្រូវរកចំណុចប្រសព្វឲ្យ ឃើញបើទោះបីកន្លងមកបញ្ហាជម្លោះនៅឈូងសមុទ្រចិនខាងត្បូង រវាងប្រទេសចិនជាមួយប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន មិនទាន់មានការឯកភាពឬដោះស្រាយណាមួយនៅឡើយក្ដី។ ដូច នេះភាគីពាក់ព័ន្ធត្រូវតែខិតខំប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាដោះ ស្រាយបញ្ហាជម្លោះនេះ។
ចំពោះបញ្ហាពាណិជ្ជកម្មរវាងចិននិងអាស៊ានវិញ លោកសាស្ត្រាចារ្យ Zhu Zhenming លើកឡើងថា ប្រទេសចិនបានបោះទុន ច្រើនណាស់នៅកម្ពុជា ហើយបានធ្វើពាណិជ្ជកម្មយ៉ាងច្រើនជាមួយ គ្នាផងដែរ ប៉ុន្តែអ្វីដែលត្រូវធ្វើឲ្យកាន់តែស៊ីជម្រៅតទៅទៀតនោះគឺ ត្រូវបន្តឲ្យមានការសន្ទនាគ្នាឲ្យបានស៊ីជម្រៅនិងយល់គ្នាទៅវិញទៅ មកឲ្យកាន់តែច្បាស់លាស់ថែមទៀត។
លោក ពូ សុធីរក្ស បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៤ នេះ វិទ្យាស្ថាន CICP បានរៀបចំធ្វើវេទិកាសាធារណៈបែបនេះចំនួន ៦លើកហើយ រាប់ទាំងលើកនេះផង ហើយវិទ្យាស្ថាននឹងបន្តធ្វើ វេទិកាសាធារណៈតទៅទៀតដោយអញ្ជើញវាគ្មិនផ្សេងៗទៀត ទាំង ក្នុងនិងក្រៅប្រទេសមកធ្វើបឋកថាឬបទឧទ្ទេសនាមទៅតាមប្រធាន បទរបស់វេទិកា៕    ដោយលោក អុក សាផាន