ថ្ងៃ សុក្រ ទី ២៧ ខែមេសា ឆ្នាំ២០១៨

ឧកញ៉ា គឹម សាវុធ៖ «ជោគជ័យនៃជំនួញ មិនមែនជោគជ័យឈ្នះគេទេ តែជាជោគជ័យគួរឱ្យពេញចិត្ត»

(អត្ថបទចុះផ្សាយថ្ងៃទី 2015-05-25 09:00:47)

លោកឧកញ៉ា គឹម សាវុធ ត្រូវបានគេស្គាល់ថា គឺជាឧកញ៉ាកម្ពុជាមួយរូបដែលមានបទពិសោធន៍ក្នុងការរកស៊ី ជា ពាណិជ្ជករផ្នែកស្រូវអង្ករជាង២០ឆ្នាំមកហើយ ជាពិសេសក្នុងចំណោមពាណិជ្ជករ គាត់ជាអនុប្រធានសហព័ន្ធនិងជា ប្រធានគណៈកម្មាធិការប្រតិបត្តិកែទម្រង់ថ្លៃដើមនៃសហព័ន្ធស្រូវ អង្ករដ៏ល្បីល្បាញមួយរបស់កម្ពុជា។

ថ្វីត្បិតតែលោកឧកញ៉ា គឹម សាវុធ មានកិត្តិនាមល្បីក្នុងសង្គមនាពេលបច្ចុប្បន្ន តែលោកហាក់ដូចជាជាមនុស្សស្ងប់ ស្ងាត់មួយរូបដែលមានចំណាត់ការក្នុងការងារច្បាស់លាស់និងម៉ឺងម៉ាត់ចំពោះការងារដែលលោកបានរា៉ប់រង។ ខាងក្រោម នេះជាកិច្ចសម្ភាសន៍របស់ទស្សនាវដ្តី «សេដ្ឋកិច្ចខែ្មរ» ជាមួយលោកឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូ៊តគ្រុប (Khmer Food Group)។

ប្រវត្តិសង្ខេប

លោកឧកញ៉ា គឹម សាវុធ មានវ័យ៥៤ឆ្នាំ ជាប្រធានក្រុមហ៊ុនខ្មែរ ហ៊្វូតគ្រុប។ ក្រោយរបបខ្មែរក្រហម លោកបានចាប់ផ្តើមដូចប្រជា ពលរដ្ឋខ្មែរទូទៅដែរក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖ “មកដល់ភូមិកំណើត យើងកសាងខ្លួនពីបាតដៃទទេ យើងមានក្រុម គ្រួសារ មានកូនប្រុសមួយនិងស្រីមួយដែលតាមគន្លងធម៌ដែរនិង បានរៀនចប់ទទួលសញ្ញាបត្ររួចហើយ, បច្ចុប្បន្នមានមុខរបររកស៊ី ត្រឹមត្រូវ រីកចម្រើនគួរសម ធ្វើឱ្យគេទទួលស្គាល់បានច្រើន”។

លោកឧកញ៉ាបានឱ្យដឹងថា ក្រុមហ៊ុនខ្មែរហ៊្វូតបានកកើតឡើង ស្ទើរតែអ្នកអាជីវករខ្លះមិនចង់ជឿ គឺបង្កើតតាំងពីឆ្នាំ១៩៩៩មកម៉្លេះ គ្រាន់តែក្រុមហ៊ុនយើងបានផ្លាស់ប្តូរលក្ខន្តិកៈ ផ្លាស់ប្តូរទីតាំង កែប្រែ ភាគហ៊ុនជាបន្តបន្ទាប់ ដើម្បីឱ្យស្របទៅតាមសភាពការណ៍និងស្ថាន ការណ៍ទីផ្សារតែប៉ុណ្ណោះ។ តែបើតាមកាលកំណត់ដើម គឺវិញ្ញាបនបត្រដែលបានបញ្ជាក់ឆ្នាំច្បាស់លាស់គឺក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩។

លោកឧកញ៉ាមានប្រសាសន៍ថា៖ “បើគិតតាំងពីការចាប់ផ្តើម រកស៊ីអង្ករដំបូងបំផុត គឺតាំងពីឆ្នាំ១៩៩៤ យើងលក់អង្ករដូចគេឯង ដែរជាការលក់រាយ ចង់ទិញប៉ុន្មានគីឡូក៏យើងលក់ដែរលក់ជា ទូទៅ។ ក្រោយមកទើបយើងពង្រីកខ្លួននិងបានបង្កើនភ្ញៀវឱ្យកាន់ តែមានចំនួនច្រើនឡើង រួចឈានទៅបង្កើតនិងបើកក្រុមហ៊ុននា៥ ឆ្នាំបន្ទាប់។ បើគិតជាមុខរបរលក់អង្ករគឺចូល២១ឆ្នាំ, តែបើគិតពីក្រុម ហ៊ុន ខ្មែរហ៊្វូត យើងបង្កើតមក១៥ឆ្នាំហើយ, ហើយឆ្នាំនេះជាឆ្នាំទី ១៦”។

ពីដំបូង ក្រុមហ៊ុនខ្មែរហ៊្វូតជាក្រុមហ៊ុនមានលក្ខណៈជាគ្រួសារទេ តែបានបំផ្លែងខ្លួនជាក្រុមហ៊ុនមានក្ខណៈស្តង់ដាមួយដូចគេឯងដែរ។ក្រុមហ៊ុនមានសាខាតែមួយទេ គឺមានទីតាំងនៅច្បារអំពៅជាប់ទី តាំងពន្ធដារខណ្ឌមានជ័យ។ នៅឆ្នាំ២០១៤ ក្រុមហ៊ុនបានយកទី តាំងបច្ចុប្បន្នធ្វើជាឃ្លាំង។ ពេលធ្វើឃ្លាំងហើយ ក៏លើកការងារមកទី តាំងថ្មីដែលស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះតែម្តង។ ក្រុមហ៊ុនមិនមានបុគ្គលិកច្រើនប៉ុន្មានទេ តែក្រុមហ៊ុនមានកម្មករច្រើន ព្រោះការងារនេះជាមុខរបរការងារ ដែលត្រូវការកម្មករ។ កន្លងមកក្រុមហ៊ុនមានដៃគូរកស៊ីច្រើនដែរ គឺ ប្រមាណជាង ១០០ ដៃគូ ប៉ុន្តែនៅពេលបច្ចុប្បន្នមានតែជាង ១០ ដៃ គូទេ ដោយសារដៃគូខ្លះរកស៊ីមិនជាប់លាប់ គឺទិញដូរតែម្តងម្កាល  ហើយដៃគូខ្លះទៀតនៅទំនាក់ទំនងរកស៊ីជាប់រាល់ខែនិងរហូតមក។
    
កត្តាដែលជំរុញឱ្យលោកឧកញ៉ាក្លាយជាពាណិជ្ជករជាង២០ឆ្នាំ

លោកឧកញ៉ា គឹម សាវុធ បានបញ្ជាក់ថា៖ “ដំបូងបំផុតកត្តា ដែលជំរុញឱ្យខ្ញុំចូលប្រឡូកក្នុងអាជីពជាអ្នករកស៊ីនេះ គឺដោយសារ តែនឿយណាយនិងធុញទា្រន់នឹងខួរក្បាលក្នុងការងារជាវេជ្ជបណ្ឌិត ក៏មកបើកលក់អង្ករ។ ដំបូងមិនចេះអ្វីទេ តែដោយសារយើងជាអ្នក រៀនសូត្រ ក៏ឆាប់យល់ក្នុងការរកស៊ីទទួលទានខាងអង្ករនេះរហូតមក។ ក្នុងការរៀនកន្លងមក លោកជាអ្នកជំនាញខាងពេទ្យមធ្យមជំនាន់ ទី៤ និងរៀនយកវេជ្ជបណ្ឌិតជំនាន់ទី១៨”។

ក្នុងការធ្វើជាពាណិជ្ជករអស់រយៈពេលជាង២០ឆ្នាំកន្លងមក ពេលនេះបានក្លាយជាក្រុមហ៊ុនល្បីឈ្មោះក្នុងការនាំចេញអង្ករទៅ ក្រៅប្រទេសទៀតផងនោះ លោកឧកញ៉ាបានឱ្យដឹងថា ការនាំចេញ អង្ករទៅក្រៅប្រទេសរបស់ក្រុមហ៊ុនខ្មែរហ៊្វូតគឺចាប់ផ្តើមនៅខែកញ្ញាឆ្នាំ២០០៧ ហើយបានកើនឡើងជាបន្តបន្ទាប់។ ការនាំចេញអង្ករ របស់ក្រុមហ៊ុនគឺទៅសហគមន៍អឺរ៉ុប ហើយភ្ញៀវដំបូងបំផុតគឺប្រទេស បារាំង បន្ទាប់មកទើបបានរាលដាលដល់ប្រទេសជិតខាងបារាំង ប្រមាណ១២ទៅ១៣ប្រទេស។ ក្រុមហ៊ុនខ្មែរហ៊្វូតក៏ជាក្រុមហ៊ុនបាន នាំអង្ករទៅចិនបានច្រើនជាងគេដែរ គឺប្រមាណជា ១,២ ម៉ឺនតោន ក្នុងដើមឆ្នាំ២០១៥នេះ។
លោកឧកញ៉ាបានបញ្ជាក់ថា៖ “ចំពោះការនាំចេញទៅប្រទេស ចិននេះ ក្រុមហ៊ុនបានធ្វើការប្រជុំផ្ទៃក្នុងក្រុមហ៊ុនរបស់យើងក្នុងការ បង្កើនការនាំចេញដែរ តែយើងមិនបានគិតរំពឹងទៅដល់ការបង្កើន ចំនួនតួលេខនៃការនាំចេញទេ។ យើងបានគិតទៅដល់ការវេចខ្ចប់ តូចៗដើម្បីបង្កើនតម្លៃ ព្រោះថាការបង្កើនចំនួនតួលេខនោះ ប្រទេស អ្នកនាំចូលគេមានកំណត់ការទិញរបស់គេ។ ប្រទេសគេប្រកួត ប្រជែង គេត្រូវលក់បន្ថយតម្លៃ។ ដូច្នេះការលក់ទម្លាក់ថ្លៃទៅវិញទៅ មកវាធ្វើឱ្យមានការឈឺចាប់ដល់អ្នកលក់ទាំងអស់គ្នា។ គោលនយោបាយក្រុមហ៊ុនគឺត្រូវធ្វើការវេចខ្ចប់ជាកញ្ចប់តូចៗ។ ការវេចខ្ចប់ជាកញ្ចប់ តូចៗមិនច្រើនមែន តែបានចំណេញច្រើន ហើយដើម្បីធ្វើការវេច ខ្ចប់ជាកញ្ចប់តូចៗ យើងបានទៅសុំវិញ្ញាបនបត្រពីខាងសុវត្ថិភាពម្ហូប អាហារ គឺខាងស្ថាប័នរដ្ឋជាអ្នកចេញឱ្យ ព្រោះថា អ្នកទិញយើងមាន ពីរប្រភេទ ខ្លះគាត់ទិញពីយើង គាត់យកទៅវេចខ្ចប់ខ្លួនឯងម្តងទៀត អ្នកខ្លះពេលយើងខ្ចប់ស្រេចជាកញ្ចប់តូចៗ គាត់យកទៅលក់តែម្តង គឺកន្លះគីឡូ, ១គីឡូ, ៥គីឡូ ឬ ១០គីឡូ”។

លោកឧកញ៉ាបានឱ្យដឹងផងដែរថា ក្រុមហ៊ុនពង្រឹងនិងសង្កត់ ធ្ងន់ទៅលើការនាំចេញ។ ចំណែកការលក់ក្នុងស្រុកជារឿងបន្ទាប់ បន្សំប៉ុណ្ណោះ ព្រោះធ្លាប់លក់យូរឆ្នាំមកហើយ។ សព្វថ្ងៃក្រុមហ៊ុននៅ មានដំណើរការលក់ក្នុងស្រុក តែពុំបានពង្រឹងខ្លាំងទេ។ ក្រុមហ៊ុន ពង្រឹងខ្លាំងទៅលើការនាំចេញ ដើម្បីឆ្លើយតបនឹងគោលនយោបាយ ជំរុញការនាំចេញរបស់រាជរដ្ឋាភិបាល, ជំរុញធ្វើម៉េចឱ្យនាំផលិតផល ដែលជំនួសការលក់ស្រូវដោយរាជរដ្ឋាភិបាល, មានគោលនយោបាយផ្សេងទៀតដែរ ដូចជាសិប្បកម្មដែលរាជរដ្ឋាភិបាលចង់ជំរុញ ឱ្យលក់នូវផលិតផលសម្រេចជាជាងយើងលក់វត្ថុធាតុដើម ព្រោះវា ពុំសូវចំណេញ។

ចំណាប់អារម្មណ៍ចំពោះការវាយតម្លៃក្លាយជាពាណិជ្ជករល្អ

ក្រុមហ៊ុនខ្មែរហ៊្វូតជាក្រុមហ៊ុននាំចេញអង្ករច្រើនជាងគេនៅ ឆ្នាំ២០១៤។ ក្រុមហ៊ុននេះបាននាំចេញអង្ករចំនួន ៤៥ ៧៦៦ តោន ស្មើនឹង១១,៨២%នៃចំនួនអង្ករនាំចេញសរុបរបស់កម្ពុជាទៅបរទេស រយៈពេលពេញមួយឆ្នាំ។ គិតទាំងឆ្នាំ២០១៤ផង ក្រុមហ៊ុនខ្មែរហ៊្វូត បានកាន់កាប់តំណែងលេខ១ក្នុងការនាំចេញអង្ករចំនួន៣ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១២មក ក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករ ទាំង ៨៦ ក្រុមហ៊ុនដែលកំពុងដំណើរការនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ខ្មែរហ៊្វូតបានបញ្ជាក់ថា៖ ថ្វីត្បិតក្រុមហ៊ុនខ្មែរហ្វូ៊តកាន់កាប់តំណែង លេខ១ចំនួន៣ឆ្នាំជាប់គ្នា តែហាក់ដូចជានៅមានកម្រិតធ្វើឱ្យយើង មិនសូវពេញចិត្ត។ ចំណែកដៃគូសេវាកម្មផ្សេងទៀតដូចជានៅពិបាក។ ដៃគូមិនសូវពូកែ កម្រិតយល់ដឹងនិងសមត្ថភាពនៃការរកស៊ីនៅមាន កម្រិត ដូច្នេះហើយធ្វើឱ្យយើងពិបាក។

លោកឧកញ៉ា គឹម សាវុធ បានរំលឹកពីចំណាប់អារម្មណ៍ចំពោះ ការវាយតម្លៃជាពាណិជ្ជករល្អថា៖ “ក្រុមហ៊ុនខ្មែរហ៊្វូតធ្លាប់បានទទួល កេរ្តិ៍ឈ្មោះថាជាអ្នកនាំមុខគេលេខ១ក្នុងប្រទេសក្នុងការនាំចេញ ស្រូវអង្ករតាំងពីឆ្នាំ២០១២ ដែលអាចចាត់ទុកថាជាមោទកភាពមួយ របស់ក្រុមហ៊ុន។ ថ្វីត្បិតក្រុមហ៊ុនយើងមានឈ្មោះជាអ្នកនាំមុខគេ តែយើងមិនទាន់សប្បាយចិត្តទេ ព្រោះអ្វីដែលក្រុមហ៊ុនខ្ញុំធ្វើគឺជាការ ខំប្រឹងចូលរួមជាមួយរាជរដ្ឋាភិបាល, តែយើងមិនទាន់បានសម្រេច ទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យការនាំចេញ ស្រូវអង្ករកម្ពុជាចំនួន ១ លានតោនក្នុងឆ្នាំ២០១៥នេះ, ក្រុមហ៊ុន ខ្មែរហ៊្វូតមិនទាន់សម្រេចបាន”។

ប្រឈមមុខនិងស្វែងរកដំណោះស្រាយបញ្ហាជាកត្តាសំខាន់

លោកឧកញ៉ា គឹម សាវុធ ដែលបានបូជាកម្លាំងកាយចិត្តរយៈពេល ប្រមាណជាង២០ឆ្នាំដើម្បីការងារជោគជ័យសម្រាប់ជីវិតជាពាណិជ្ជ ករនោះ គឺបានប្រែក្លាយពីវេជ្ជបណ្ឌិតម្នាក់ដែលមិនសូវមានអ្នកស្គាល់ ទៅជាពាណិជ្ជករម្នាក់ដែលមានការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់បន្ទាប់ ពីសកម្មភាពប្រកបដោយការអត់ធ្មត់និងឆន្ទៈមោះមុតរបស់លោក ឧកញ៉ាត្រូវបានផ្សព្វផ្សាយតាមរយៈទូរទស្សន៍ក្នុងស្រុកជាច្រើនក្រោយ ពីការចាប់ផ្តើមកកើតនូវសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកឧកញ៉ា បានឱ្យដឹងថា៖ នៅក្នុងជីវិតមនុស្សយើង បើនិយាយពីសម្ពាធគឺមិន ចេះអត់ទេ។ អ្នកធ្វើការក៏មាន អ្នករកស៊ីក៏មាន អ្នករៀនក៏មាន ពោល គឺសម្ពាធបញ្ហាមិនដែលអត់នោះទេ ប៉ុន្តែតាមគំនិតខ្ញុំ បើមានសម្ពាធ ឬបញ្ហា ខ្ញុំហ៊ានប្រឈមមុខដោះស្រាយដោយសន្តិវិធី សម្របសម្រួល ដើម្បីបញ្ចប់បញ្ហាហ្នឹង។ នៅក្នុងការងារជាបន្ត លោកឧកញ៉ា គឹម សាវុធ បានថ្លែងថា៖ “ពុំមានសម្ពាធអ្វីទេសម្រាប់ខ្ញុំនៅក្នុងការងារ ជាបន្ត ពីព្រោះខ្ញុំបានទទួលជោគជ័យនៅក្នុងការងារជំនួញរបស់ខ្ញុំ ហើយនឹងនៅបន្តជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដោយទុកភារៈទទួលខុសត្រូវទទួលបន្ទុកជាប្រធានក្រុមហ៊ុនឱ្យទៅកូនស្រីជាអ្នក បន្តវេនវិញ។ ចំណែកការងារសព្វថ្ងៃមានមុខងារជាក្រុមប្រឹក្សាភិបាល គឺតាមដានសំខាន់តែខាងហិរញ្ញវត្ថុក្រុមហ៊ុនតែប៉ុណ្ណោះ។ ចំពោះការងារប្រឈមដទៃទៀតលោកបានឱ្យដឹងថា៖ ទាក់ទងនឹង ធនធានដើមទុនបង្វិលក្នុងការធ្វើជំនួញ, ក្រុមហ៊ុននីមួយៗ បើយើង មិនប្រើលុយធនាគារ គឺយើងមិនអាចនាំចេញបរិមាណអង្ករច្រើន បានទេ។ សព្វថ្ងៃក្រុមហ៊ុននាំចេញអង្ករប្រហែលជាកម្រថាអត់មាន អ្នកប្រើលុយធនាគារណាស់។ ភាគច្រើនក្រុមហ៊ុនអង្ករត្រូវតែប្រើ លុយធនាគារ គឺមិនដែលក្រុមហ៊ុនណាមិនប្រើលុយធនាគារនោះ ទេ។

ភាពប្រឈមនិងឧបសគ្គក្នុងការធ្វើជំនួញអង្ករនេះ ត្រូវបានលោក ឧកញ៉ាបញ្ជាក់ឱ្យដឹងថា៖ ឧបសគ្គគឺអ្នកណាក៏ដឹងឮក្នុងបួនដប់ឆ្នាំ កន្លងមកនេះ សូម្បីតែបរទេសដែលអត់ចេះខ្មែរក៏ដឹងដែរថា គុណភាពអង្ករយើងកិនមកវាបាក់បែកច្រើនជាងគេ, សោហ៊ុយដឹកជញ្ជូន ថ្លៃជាងគេ, ឯកសារក៏ពិបាក, ចំណាយធនាគារក៏ថ្លៃជាងគេ, កម្ចី ធនាគារក៏យើងពិបាកខ្ចី។ បើនិយាយទៅខ្មែរយើងនៅអន់នៅឡើយ តែក្រោយពីយើងបានបង្កើតសហព័ន្ធនាំចេញនៅឆ្នាំ២០១២ ដែលបានមកពីការបូកបញ្ចូលជាមួយនឹងសមាគមផ្សេងទៀត នៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ សហព័ន្ធនាំចេញស្រូវអង្ករកម្ពុជាបានធ្វើការមួយ ចំនួនដោយជួបជាមួយដៃគូសេវាកម្ម ដើម្បីចរចាបញ្ចុះបញ្ចូលរក ដំណោះស្រាយណាឱ្យមានភាពងាយស្រួល។ ដល់ឆ្នាំ២០១៤ សហព័ន្ធនាំចេញស្រូវអង្ករកម្ពុជាទើបដំណើរការមានភាពរលូនជាងមុន។

ជោគជ័យជាគំរូក្នុងវិស័យពាណិជ្ជកម្ម

លោកឧកញ៉ា គឹម សាវុធ បានថ្លែងពីជោគជ័យជាគំរូក្នុងវិស័យ ពាណិជ្ជកម្មថា៖ បើនិយាយរឿងជោគជ័យនោះ ខ្ញុំគិតថាជីវិតយើង មិនផ្តោតតែលើមុខរបរទេ គឺយើងផ្តោតទៅលើក្រុមគ្រួសារ ក៏ដូចជា ស្ថានភាពសង្គម។ យើងមិនហ៊ានថាជោគជ័យឈ្នះគេទេ តែជាជោគ ជ័យដែលមុខរបរបានរីកចម្រើននិងមានការពេញចិត្តសម្រាប់ជីវភាព។ ជោគជ័យកន្លងមកក៏យើងបានដាស់តឿនកូនចៅយើងឱ្យ អនុវត្ត។ កន្លងមកគឺយើងសម្រេចបានគួរជាទីពេញចិត្តហើយ តែ ជោគជ័យប៉ុនណាយើងមិនដឹងទេ។ ស្ថិរភាពសង្គមក៏ល្អពេញចិត្តមិន មែនតែត្រឹមមុខរបរទេ គឺទាំងក្នុងគ្រួសារ ទាំងសង្គម និង ទាំងមុខ របរ។
លោកថ្លែងថា៖ “ជោគជ័យនៃការធ្វើជំនួញគឺត្រូវសំដៅទៅទាំង ព្រមទាំងមុខរបរជំនួញ ទាំងសង្គម និង ទាំងក្នុងគ្រួសារ” ដែលទាំងនោះបានមកពីចំណុចសំខាន់បីដែលយើងត្រូវប្រព្រឹត្តជាមួយ ដៃគូ គឺយើងត្រូវតែស្មោះត្រង់, ត្រូវតែបម្រើសេវាកម្មឱ្យដៃគូយើងបាន រហ័ស និង ធានាគុណភាពទំនិញ។ យើងបានប្រើយុទ្ធសាស្ត្របី ចំណុចហ្នឹង គឺធ្វើឱ្យដៃគូយើងទូទៅគាត់នៅបន្តការងារទិញលក់ជា មួយយើងបាន។

ជាចុងក្រោយ ដើម្បីជោគជ័យសម្រាប់កិច្ចខិតខំប្រឹងប្រែងដែល លោកបានធ្វើកន្លងមក លោកឧកញ៉ាបញ្ជាក់ថា៖ ខ្ញុំមានសំណូមពរ ពីរដែរ, ទី១ សម្រាប់វិស័យឯកជន គឺថាក្នុងនាមជាពាណិជ្ជករ យើងរកស៊ីត្រូវតែទៀងត្រង់នឹងគ្នា ដើម្បីធានាសុខដុមនីយកម្មជាមួយដៃគូ របស់យើងឱ្យគាត់អាចទទួលយកបាន, គាត់ជឿទុកចិត្តក្នុងការងារ រកស៊ីទិញលក់ជាមួយគ្នាបន្តទៅទៀត។ ទី២ ចំពោះមន្ត្រីរាជរដ្ឋាភិបាលដែលជាអ្នកផ្តល់សេវាកម្ម សុំឱ្យគាត់ជួយផ្តល់សេវាកម្មដោយ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនច្រើនពេក ពីព្រោះការងារនាំចេញអង្ករ នេះក៏ដូចជាផលិតផលកសិកម្មផ្សេងទៀតដែរ គឺការនាំចេញផលិត ផលសម្រេចមានផលប្រយោជន៍ដល់សង្គមជាតិជាជាងយើងលក់ វត្ថុធាតុដើម។ បើកាលណាយើងនាំផលិតផលសម្រេចបានច្រើន គឺបានជួយទាំងអស់គ្នា, សូម្បីតែពួកគាត់ដែលទទួលប្រាក់ខែពីរដ្ឋក៏ បានជួយដោយប្រយោលដល់គាត់ផងដែរ។ តាមការដែលមើល ឃើញការអនុវត្តជាក់ស្តែងកន្លងមក មន្ត្រីអនុវត្តខ្លះគឺយឺត, យឺតទាល់ តែមែនទែនតែម្តង, យឺតពេកទៅធ្វើឱ្យយើងពិបាកនឹងពង្រឹងនិង ពង្រីកខ្លួនក្នុងការនាំចេញផលិតផល៕     (លោក កែ ផុស)