ថ្ងៃ ច័ន្ទ ទី ២០ ខែសីហា ឆ្នាំ២០១៨

ខាតបង់ទាំងសេដ្ឋកិច្ច អន្តរាយទាំងសុខភាព ប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារធាតុគីមីក្រោមដំបូលសន្តិភាព

(អត្ថបទចុះផ្សាយថ្ងៃទី 2015-10-26 09:00:03)

ក្នុងពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាមានសុខ សន្តិភាពពេញលេញ សេដ្ឋកិច្ចក៏មានការរីកចម្រើនពីមួយឆ្នាំទៅ មួយឆ្នាំ ប្រជាជនរស់នៅនិងប្រកបអាជីវកម្មដោយសុខដុមរមនា ដោយមិនចាំបាច់ភ័យបារម្ភពីបញ្ហាសង្គ្រាមនិងគ្រោះទុរ្ភិក្សឡើយ។ ប៉ុន្តែ ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាពនិងគ្មានគ្រោះទុរ្ភិក្ស ប្រជាជនកម្ពុជាបែរជាកំពុងតែប្រឈមនិងរងគ្រោះដោយផ្ទាល់ និងប្រយោលដោយសារធាតុគីមីដែលបង្កប់នៅក្នុងចំណីអាហារទៅវិញ ធ្វើឱ្យពួកគាត់មានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដោយមិន ដឹងខ្លួន ហើយពេលជំងឺផ្ទុះឡើងត្រូវចំណាយថវិកាសម្រាប់ព្យាបាល ខាតបង់ទាំងសេដ្ឋកិច្ច អន្តរាយទាំងសុខភាពដោយសារតែចំណី អាហារមានសារធាតុគីមី។

ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនិងធ្វើឱ្យមានសុវត្ថិភាពចំណីអាហារគឺជាបញ្ហាចម្បងនិងជាកត្តាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។ ការជ្រើសរើសអាហារដែលមានសុវត្ថិភាពមក បរិភោគគឺជាបញ្ហាសំខាន់សម្រាប់សុខភាព។ ហេតុដូច្នេះហើយ ទើបញ្ហាសុវត្ថិភាពចំណីអាហារត្រូវបានអ្នកធ្វើការពាក់ព័ន្ធនឹងសុខភាពយកចិត្តទុកដាក់គិតគូរកាន់តែខ្លាំងនៅពេលបច្ចុប្បន្ននេះ។ តើវិធានការអ្វីខ្លះដែលអាចធ្វើឱ្យចំណីអាហារមានសុវត្ថិភាព? តើ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងសុខសន្តិភាពទទួលបាន សុវត្ថិភាពខាងចំណីអាហារហើយឬនៅ?

សារធាតុគីមីជា “ឃាតករ” លាក់មុខ

ជាការពិតបច្ចុប្បន្នមនុស្សមានបញ្ហាសុខភាពកាន់តែច្រើនឡើងៗ។ អ្នកខ្លះមានជំងឺមួយមុខតែអ្នកខ្លះមានជំងឺពីរ ឬ បីមុខ ដំណាលគ្នា។ ជំងឺទាំងនេះកើតឡើងនៅលើខ្លួនមនុស្សគ្រប់ប្រភេទ មិនថាតែមន្ត្រីរាជការឬជនស៊ីវិល អ្នកមានឬអ្នកក្រនោះទេ គឺវាធ្វើ ការវាយលុកដោយឥតរើសមុខឡើយ។ មូលហេតុសំខាន់ជាងគេ គឺបណ្ដាលមកពីចំណីអាហារគ្មានសុវត្តិភាព និង បរិស្ថានកខ្វក់ ដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់មនុស្ស។សារធាតុគីមីដែលជាសត្រូវរបស់សុខភាពមនុស្សត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យនៅក្នុងចំណីអាហារស្ទើរតែគ្រប់មុខរាប់តាំងពីត្រី សាច់ បន្លែ ផ្លែឈើ ដែលជាអាហារប្រចាំថ្ងៃរបស់មនុស្ស ធ្វើឱ្យសារធាតុពុលទាំងអស់នេះវាយលុកដោយស្ងៀមស្ងាត់ចូលទៅក្នុងខ្លួនរបស់មនុស្ស បន្ទាប់មកធ្វើការវាយប្រហារដោយគ្មាន មេត្តាពីក្នុងខ្លួនមនុស្សមកវិញ គឺបង្កឱ្យមានជំងឺផ្សេងៗ។

ក្រសួងសុខាភិបាលកម្ពុជានិងអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាមានជំងឺច្រើនជាង២០០មុខ ដែលបណ្ដាល មកពីការពុលចំណីអាហារដែលគ្មានសុវត្ថិភាព។ ជំងឺទាំងនោះគឺ មានចាប់ពីជំងឺរាករូសរហូតដល់ជំងឺមហារីក។ ចំណីអាហារគ្មាន សុវត្ថិភាពបណ្ដាលឱ្យមានការវិវឌ្ឍវិលចុះវិលឡើងនៃជំងឺរាកនិង កង្វះអាហារូបត្ថម្ភក្នុងរាងកាយ។ ការពិសោធរកឃើញមានឆ្លង មេរោគនៅក្នុងចំណីអាហារទាំងនោះជាពិសេសគឺសាច់។ ដើម្បីកាត់ បន្ថយបញ្ហានេះ ក្រសួងសុខាភិបាលកម្ពុជា WHO និង FAO បាន ដាក់ប្រធានបទឆ្នាំ២០១៥នេះសម្រាប់សុវត្ថិភាពចំណីអាហារថា “ពីកសិដ្ឋានដល់តុបរិភោគត្រូវធ្វើយ៉ាងឱ្យអាហារមានសុវត្ថិភាព”។ WHO បង្ហាញថាបញ្ហាចំណីអាហារគ្មានសុវត្ថិភាពជាមូលហេតុនាំ មុខលំដាប់ទី២ ដែលធ្វើឱ្យកុមារអាយុក្រោម៥ឆ្នាំស្លាប់នៅទូទាំង ពិភពលោក។ បញ្ហាចំណីអាហារគ្មានសុវត្ថិភាពបណ្ដាលឱ្យមនុស្ស ទូទាំងពិភពលោកស្លាប់ប្រមាណ២លាននាក់ជារៀងរាល់ឆ្នាំ។

កាំកុងត្រូលគួរដើរតួនាទីជារបាំងការពារសុវត្ថិភាព ចំណីអាហារដែលនាំចូលពីបរទេស
នៅបណ្តាប្រទេសផ្សេងៗ បញ្ហាសុខភាពរបស់ពលរដ្ឋត្រូវ បានអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់យ៉ាងខ្លាំង។ រាល់ ចំណីអាហារដែលដាក់លក់នៅលើទីផ្សារ ជាពិសេសទំនិញនាំ ចូលពីបរទេសត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីធានា ថាទំនិញទាំងនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ បើ មានបញ្ហាតែបន្តិចពួកគេក៏ចាត់វិធានការភ្លាម។

ចំណែកនៅប្រទេសកម្ពុជាមិនដឹងថាមួយថ្ងៃៗមានទំនិញ ប៉ុន្មាន និងអ្វីខ្លះដែលនាំចូលពីបណ្តាប្រទេសជិតខាង ដូចជា ប្រទេសវៀតណាមនិងប្រទេសថៃជាដើមហើយក៏មិនដឹងដែរថា ទំនិញទាំងនោះមានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ដែរ ឬយ៉ាងណានោះទេ។ យូរៗម្តង គេសង្កេតឃើញសមត្ថកិច្ចកាំកុង ត្រូលហៅក្រុមអ្នកសារព័ត៌មាន ទូរទស្សន៍ និងកាសែតជាដើម ទៅ ថតសកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញនិងចំណីអាហារតាមផ្សារមួយចំនួន ឬ សកម្មភាពដុតបំផ្លាញជង្គង់មាន់ខូចគុណភាព ដែលបាននាំចូលពីប្រទេសថៃ។ល។ ប៉ុន្តែតើមានទំនិញប៉ុន្មាន មុខទៀតដែលត្រូវបាននាំចូលដោយស្ងាត់ៗដែលសមត្ថកិច្ចពាក់ ព័ន្ធមិនដឹង ឬ ក៏ដឹងដែរតែត្រូវសំណូកបាំងភ្នែកមើលមិនឃើញ ពី ព្រោះកុំថាតែទំនិញ ឬ ម្ហូបអាហារដែលនាំចូលពីក្រៅស្រុកសូម្បី តែទំនិញក្នុងស្រុកក៏ពោរពេញដោយសារធាតុគីមីដែរ ដែលរាជ រដ្ឋាភិបាលគួរតែមានវិធានការតឹងរ៉ឹងនិងដាច់ខាតចំពោះបញ្ហា “ឃាត ករលាក់មុខ” នេះ។

បើមិនចង់ឱ្យសត្វពាហៈនៈចូលស៊ីដំណាំក្នុងចម្ការ ម្ចាស់ ចម្ការត្រូវធ្វើរបងព័ទ្ធជុំវិញឬត្រូវយាមកាមឱ្យបានម៉ត់ចត់។ ហេតុ ផលដូចគ្នានេះដែរ ប្រសិនបើប្រទេសកម្ពុជាមិនចង់ឱ្យចំណី អាហារដែលខូចគុណភាព ហួសកាលបរិច្ឆេទ ឬ ជាចំណីអាហារ ដែលបង្កប់នូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះ កាំកុងត្រូលនៅតាមច្រកព្រំដែននីមួយៗ ជាតួអង្គចម្បងនិង សំខាន់បំផុតក្នុងការទប់ស្កាត់ចំណីអាហារទាំងនេះកុំឱ្យហូរចូលក្នុងប្រទេសកម្ពុជា ដោយត្រូវបំពេញភារកិច្ចទៅតាមតួនាទី ហើយ ត្រូវយកសុខភាពប្រជាជនខ្លួនឯងជាសំខាន់បំផុត។ កាំកុងត្រូល នៅតាមច្រកចូលព្រំដែនត្រូវបានចាត់ទុកថាជារបាំងដ៏សំខាន់ក្នុងការការពារសុវត្ថិភាពចំណីអាហារដែលនាំចូលពីរបរទេស ព្រោះ ថា បើរបាំងនេះមិនរឹងមាំទេនោះ ចំណីអាហារបរទេសដែលមាន បញ្ហានឹងមានឱកាសចូលមកទន្ទ្រានក្នុងទឹកដីកម្ពុជា បំផ្លាញសុខ ភាពអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានទាំង បងប្អូនកូនចៅរបស់មន្ត្រីកាំកុងត្រូលផងដែរ។

បើយោងតាមរបាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ២០១៤ របស់ក្រុមហ៊ុន Emerging Market Consulting បានបង្ហាញឱ្យ ឃើញថា ដោយសារតែបន្លែនិងផ្លែឈើក្នុងស្រុកមិនអាចផ្គត់ផ្គង់ តម្រូវការទីផ្សារបាន ប្រទេសកម្ពុជាត្រូវចំណាយថវិការាប់រយ លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំសម្រាប់ការនាំចូលបន្លែនិងផ្លែ ឈើពីបរទេស ជាពិសេស គឺប្រទេសវៀតណាមនិងប្រទេសថៃ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។ របាយការណ៍នេះបាន បង្ហាញថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបាននាំចូលបន្លែពីប្រទេស វៀតណាមក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១០០ លានដុល្លារ អាម៉េរិកនិងបាននាំចូលផ្លែឈើពីប្រទេសថៃក្នុងទំហំទឹកប្រាក់ សរុបប្រមាណ ៨០ លានដុល្លារអាម៉េរិក។

របាយការណ៍នេះបានឱ្យដឹងទៀតថា បន្លែដែលផលិតក្នុង ស្រុកអាចផ្គត់ផ្គង់តម្រូវការទីផ្សារសរុបត្រឹមតែ ៣០% ប៉ុណ្ណោះ ឯ ៧០% ទៀតគឺនាំចូលពីប្រទេសវៀតណាមនិងប្រទេសថៃ។ ប្រទេស កម្ពុជានាំចូលបន្លែពីប្រទេសជិតខាងយ៉ាងហោចណាស់ ៣០០ តោនក្នុងមួយថ្ងៃ។ កាលពីឆ្នាំ២០១២ ផ្ទៃដីបង្កបង្កើនបន្លែនៅទូ ទាំងប្រទេសមានចំនួន ៥,៤ ម៉ឺនហិកតា ដែលបច្ចុប្បន្នមានការ កើនឡើង។ រីឯទិន្នផលបន្លែគឺមានការកើនឡើងពី ៣៧,៧ ម៉ឺន តោន នាឆ្នាំ២០១១ ដល់ ៤០ ម៉ឺនតោននាឆ្នាំ២០១២ ហើយទិន្នផល ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ប្រហាក់ប្រហែលនឹងចំនួននេះដែរ។

បើតាមមជ្ឈមណ្ឌលសិក្សា និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) បានឱ្យដឹងថា ឱ្យតែក្រសួងកសិកម្មអាចលើកទឹកចិត្ត កសិករ៥ម៉ឺននាក់ក្នុងចំណោមកសិករ២លាននាក់នៅទូទាំងប្រទេស កម្ពុជាឱ្យប្រកបរបរបង្កបង្កើនបន្លែ ពេលនោះបន្លែកម្ពុជានឹងអាច បំពេញតម្រូវការទីផ្សារបានហើយ ដោយមិនចាំបាច់នាំចូលពី បរទេសទៀតឡើយ។

ក្រសួងកសិកម្មត្រូវលុបបំបាត់បញ្ហាដែលអ្នកបង្ក បង្កើនផលមួយចំនួនបង្កនិងបង្កើត“ឃាតករលាក់មុខ”

លោកគាមមករាមន្ត្រី CEDAC មានប្រសាសន៍ក្នុងវេទិកា ថ្នាក់ជាតិស្ដីពីបទដ្ឋានគតិយុត្តនៃការប្រើប្រាស់និងការធ្វើពាណិជ្ជ កម្មភ្នាក់ងារជីវសាស្ត្រ (BCA) ក្នុងវិស័យកសិកម្មនៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ថាប្រទេសកម្ពុជាបច្ចុប្បន្ន ដែលមានប្រជាពលរដ្ឋសរុបជាង ១៥ លាននាក់គឺ ៨៥% ជា កសិករ, ហើយក្នុងចំណោមកសិករទាំងនោះគឺពី ៧០% ទៅ ៨០% កំពុងធ្វើកសិកម្មដោយប្រើជីគីមីនិងថ្នាំពុលកសិកម្មទៅលើស្រូវនៅរដូវវស្សា។ ចំណែកឯស្រែប្រាំងវិញ គឺបានប្រើប្រាស់ជីគីមី រហូតដល់ទៅ១០០%។ ទាំងជីគីមីនិងថ្នាំពុលកសិកម្ម សុទ្ធតែបង្ក ឱ្យមានគ្រោះថ្នាក់ដូចគ្នាដល់អ្នកប្រើប្រាស់ និងអ្នកទទួលទាន ចំណីអាហារ។

អគ្គលេខាធិការរងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកបណ្ឌិត ហ៊ាន វណ្ណហន បានឱ្យដឹងថានៅក្នុងការដាំដុះនិងចិញ្ចឹមសត្វក្នុងវិស័យកសិកម្ម បច្ចុប្បន្ន គេសង្កេតឃើញមានការប្រើប្រាស់ថ្នាំគីមី ថ្នាំសម្លាប់  សត្វល្អិតនិងការចាក់វាក់សាំងជាដើមដែលអាចបង្កផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ឬ អ្នកទទួលទានប្រសិនបើយើងមិន មានការយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានត្រឹមត្រូវទេនោះ។ លោក បានបន្តថា៖ “ក្រសួងកសិកម្មបាននិងកំពុងធ្វើយ៉ាងណាដើម្បី ផ្សព្វផ្សាយនិងបណ្តុះបណ្តាលដល់កសិករពីសុវត្ថិភាពម្ហូបអាហារដើម្បីឱ្យពួកគាត់ផលិតអាហារប្រកបដោយសុវត្ថិភាពនិងគុណភាព ដែលអាចទទួលយកបាន”។
ដោយឡែកអ្នកវិភាគខាងសេដ្ឋកិច្ចបានរិះគន់រាជរដ្ឋាភិបាលថា ខ្វះចន្លោះក្នុងការទប់ស្កាត់និងត្រួតពិនិត្យផលិតផលខូចគុណ ភាពនាំចូលពីបរទេសដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋខ្លួនឯងយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ ខ្ពស់រាជរដ្ឋាភិបាលទទួលស្គាល់ថា ការអនុវត្តនៅមានចន្លោះ ប្រហោងចំពោះការនាំចូលទំនិញមិនមានសុវត្ថិភាពនៅតាមច្រកព្រំដែនជាប់ប្រទេសវៀតណាមនិងប្រទេសថៃ ហើយអះអាងថា នឹងបង្កើនសកម្មភាពត្រួតពិនិត្យបន្ថែមទៀត។

តំណាងអង្គការ FAO អ្នកស្រី នីណា ប៊្រេនស្ត្រាប់ (Nina Brandstrup) ថ្លែងថា សុវត្ថិភាពចំណីអាហារជាបញ្ហាត្រូវរួមគ្នាគិត គូរតាំងពីអ្នកផលិតរហូតដល់អ្នកបរិភោគ។ ចំណីអាហារមាន សុវត្ថិភាពជាបច្ច័យមួយជួយដល់សន្តិសុខស្បៀង។ ចំណីអាហារ មានសុវត្ថិភាពក៏ជួយឱ្យមានសារធាតុចិញ្ចឹមនិងមានសុខភាពល្អដើម្បីជួយបង្កើនផលិតភាពក្នុងជីវិត។ ចំណីអាហារមានសុវត្ថិភាព គឺទាក់ទងនឹងកត្តាសេដ្ឋកិច្ច ព្រោះកាលណាជំងឺដែលបង្កឡើង ដោយចំណីអាហារគ្មានសុវត្ថិភាពថយចុះ ការចំណាយទៅលើ សេវាសុខាភិបាលសាធារណៈនិងឯកជនក៏នឹងថយចុះទៅតាមនោះដែរ។ អ្នកស្រីឱ្យដឹងទៀតថា តាមការស្ទង់ស្ថិតិចុងក្រោយ បង្ហាញថា មានមនុស្សជិត ៨៤២ លាននាក់នៅទូទាំងពិភពលោក ឬស្មើនឹងជិត ១២% នៃចំនួនប្រជាជនសរុបទូទាំងពិភពលោកស្ថិត នៅក្រោមការផ្គត់ផ្គង់ចំណីអាហារនិងថាមពល នៅក្នុងចំនួននេះ មានជិត ៦៣% គឺនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។

ថ្មីៗនេះ ពាក់ព័ន្ធជាមួយបញ្ហាចំណីអាហារគ្មានសុវត្ថិភាព គេបានឃើញសកម្មភាពអង្គភាពកាំកុងត្រូលត្រួតពិនិត្យទំនិញយ៉ាងសស្រាក់សស្រាំតាមទីផ្សារនិងតាមទីកន្លែងលក់ដូរមួយចំនួនផ្សេងទៀតផងដែរ, ប៉ុន្តែយើងដឹងហើយថាវាមានការខ្វះចន្លោះខ្លះដែល យើងត្រូវទទួលស្គាល់។ ទោះជាយ៉ាងណាក៏ដោយក៏សកម្មភាព ការត្រួតពិនិត្យពីសំណាក់មន្ត្រីកាំកុងត្រូលគឺទប់ស្កាត់បានមួយ កម្រិតផងដែរ ចំពោះទំនិញខូចគុណភាពនិងមានជាតិគីមីច្រើន។ ទន្ទឹមនឹងនេះ មន្រ្ដីកាំកុងត្រូលថានឹងខិតខំបង្កើនសមត្ថភាពត្រួត ពិនិត្យកាន់តែខ្លាំងថែមទៀតដើម្បីថែរក្សាសុវត្ថិភាពម្ហូបអាហារជូនប្រជាជន។

លោកស្រីបណ្ឌិត សៀង ហ៊ុយ អនុប្រធានវិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបំភ្លឺ ជាមួយនឹងសកម្មភាពកាំកុងត្រូលថា វាមិនមែនជាបញ្ហាក្តៅពាក់ ព័ន្ធនឹងអាហារដែលគ្មានសុវត្ថិភាពនាពេលបច្ចុប្បន្ននោះទេ វាគឺជា សកម្មភាពនិងភារកិច្ចរបស់មន្ត្រីកាំកុងត្រូលដែលត្រូវអនុវត្តការងារ មិនមែនថាចាំតែមានបញ្ហាទើបចុះទៅនោះទេ វាគឺជាតួនាទីរបស់ មន្រ្តីកាំកុងត្រូលដែលត្រូវចុះត្រួតពិនិត្យជាប្រចាំ។ ដោយឡែក គ្រាន់តែយើងមិនបានដឹងពីផែនការរបស់ពួកគាត់ថា ត្រូវចុះប៉ុន្មាន ដងក្នុង១ខែ ឬ ប៉ុន្មានដងក្នុង១សប្តាហ៍ តែជាទម្លាប់ បើយើង ឃើញមានការចុះត្រួតពិនិត្យក៏តែងគិតថាមានអ្វីធ្ងន់ធ្ងរ ឬយល់ ឃើញថាមានអ្វីក្តៅហើយទើបកាំកុងត្រូលចុះទៅត្រួតពិនិត្យនោះ។

លោកស្រីបណ្ឌិតក៏បានឱ្យដឹងដែរថា ខាងលោកស្រីដែល ជាអ្នកបច្ចេកទេសតែងតែតាមដានជាប្រចាំ តែស្ថាប័នស្រាវជ្រាវ យើងពុំទាន់មានឧបករណ៍ទំនើប ដូចខាងកាំកុងត្រូលដែលទើប នឹងបំពាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះទេ។ ខាងកាំកុងត្រូលដែល មានឧបករណ៍ទំនើប គេអាចមើលដឹងអំពីសារធាតុគីមីដែលគេ ដាក់បន្ថែមចំណីអាហារដែលចរាចរនៅតាមទីផ្សារដែលធ្វើឱ្យប៉ះ ពាល់ដល់សុខភាព។ ឯស្ថាប័នយើងធ្លាប់ស្រាវជ្រាវតាំងពីឆ្នាំ២០១០ មក ហើយយើងចង់ធ្វើការស្រាវជ្រាវនេះក្នុងពេល១ឆ្នាំម្តងដែរ តែ ពុំមានថវិកាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ។ តាមការស្រាវជ្រាវកន្លង មកនោះ គឺមានបន្លែ១១មុខ ហើយយើងក៏បន្ដការសិក្សាទៅលើ បង្គា បង្កង និងប្រភេទអាហារជ្រក់ ត្រាំ ជាអាហារដែលអ្នកលក់ បានដាក់សារធាតុគីមីនាំឱ្យប៉ះពាល់សុខភាពផងដែរ។ អាហារផ្សេង  ទៀត គឺមានគុយទាវដែលគេច្រើនដាក់ជាតិ បូរ៉ាក់ ដើម្បីធ្វើឱ្យ សរសៃគុយទាវស្វិត, ក្រៅពីនេះមានសាច់ក្រកនិងប្រហិតជាដើម។

បង្កើតឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារជា រឿងចាំបាច់

ការពិភាក្សាផ្នែកបច្ចេកទេសនិងកែលម្អសេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារដើម្បីបង្កើតប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និងការពារសុខភាពប្រជាពលរដ្ឋត្រូវបានក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការស្បៀងនិងកសិកម្ម (FAO) នៃអង្គការសហប្រជា ជាតិប្រចាំនៅកម្ពុជារៀបចំឡើងក្រោមគម្រោងប្រតិបត្តិការបច្ចេក ទេសនៅក្នុងសិក្ខាសាលាស្តីពីសេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ មុននឹងបញ្ជូនសេចក្តីព្រាង ច្បាប់នេះឱ្យគណៈរដ្ឋមន្ត្រីអនុម័ត។

“បញ្ហាសុវត្ថិភាពម្ហូបអាហារ គឺជាបញ្ហាអាទិភាពមួយក្នុង ចំណោមបញ្ហាផ្សេងទៀតដែលរាជរដ្ឋាភិបាលត្រូវដោះស្រាយ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងធានាថាម្ហូបអាហារដែល ត្រូវទទួលទានពុំមានសារធាតុគីមី។ ការជួយប្រឹក្សាយោបល់ពី អង្គការ FAO និងដៃគូពាក់ព័ន្ធនឹងជួយឱ្យច្បាប់នេះកាន់តែមាន ភាពល្អប្រសើរមុននឹងក្រសួងដាក់ជូនទៅគណៈរដ្ឋមន្ត្រីអនុម័តនៅឆ្នាំនេះ” នេះជាប្រសាសន៍របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មដែលបានថ្លែងនៅក្នុងសិក្ខាសាលាខាងលើ។

លោកបានមានប្រសាសន៍ដូច្នេះទៀតថា៖ “កម្ពុជានៅមិន ទាន់មានច្បាប់ហ្នឹងទេតែមិនមែនថាយើងមិនធ្វើអីនោះឡើយ គឺ យើងមានអង្គភាពកាំកុងត្រូលដែលចុះទៅពិនិត្យមើលគុណភាពនិងកាលបរិច្ឆេទម្ហូបអាហារនៅតាមទីផ្សារនានា ដោយពិនិត្យទៅ លើបញ្ហាសារធាតុគីមីជាសំខាន់ផងដែរ ដូច្នេះយើងបង្កើតច្បាប់ នេះ ដើម្បីគ្របដណ្តប់ទាំងអស់ ហើយយើងនឹងពិចារណាថាតើ ស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវពិតប្រាកដ”។

អ្នកស្រី នីណា ប៊្រេនស្ត្រាប់ បានថ្លែងថាកម្ពុជាមានភាព ចាំបាច់ត្រូវអនុវត្តជាបន្ទាន់នូវសេចក្តីព្រាងច្បាប់នេះដើម្បីជំរុញឱ្យមានលំហូរពាណិជ្ជកម្មក្នុងតំបន់អាស៊ានលើកកម្ពស់គុណភាព ស្បៀងអាហារ ដើម្បីការពារសុវត្ថិភាពអ្នកបរិភោគនិងបង្កើតការ ប្រកួតប្រជែងក្នុងការនាំចេញស្បៀងអាហារផងដែរ។ ករណីនេះ អង្គការ FAO បានកៀរគរធនធានក៏ដូចជាធ្វើកិច្ចសហប្រតិបតិ្តការ ពីអ្នកជំនាញជាតិនិងអន្តរជាតិព្រមទាំងមន្ត្រីផ្នែកច្បាប់ ដើម្បី អនុវត្តការងារនេះ។

សេចក្តីព្រាងច្បាប់ស្តីពីម្ហូបអាហារនេះមាន ១១ជំពូក និង ៥៣មាត្រា។ ច្បាប់នេះមានគោលបំណងបង្កើតប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារសម្រាប់ការពារសុខភាពអ្នកប្រើប្រាស់តាមរយៈការ ទប់ស្កាត់ការគ្រប់គ្រងនិងការលុបបំបាត់នូវការបំពុលក៏ដូចជា គ្រោះ ថ្នាក់ដែលបណ្តាលមកពីម្ហូបអាហារចំពោះមនុស្សជាតិ។ បទប្បញ្ញត្តិ នៃច្បាប់នេះនឹងគ្របដណ្តប់លើម្ហូបអាហារកែច្នៃនិងមិនកែច្នៃដែល មានកំណត់ក្នុងច្បាប់ និងលើខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំង មូលស្របតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានផលិតដល់តុបរិភោគ។

ទាក់ទិនទៅនឹងការរៀបចំច្បាប់ស្តីពីម្ហូបអាហារដើម្បីបង្កើតប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និងការពារសុខភាពប្រជា ពលរដ្ឋ លោកស្រីបណ្ឌិត សៀង ហ៊ុយ ក៏បានបញ្ជាក់ថា៖ ច្បាប់ ត្រូវតែមាន ព្រោះយើងធ្វើសមាហរណកម្មសហគមន៍អាស៊ាននៅ ចុងឆ្នាំនេះហើយ, បើគ្មានច្បាប់សម្រាប់ការពារគ្រប់គ្រាន់ទេ ចំណី អាហារយើងដែលមិនទាន់មានសុវត្ថិភាពឬចូលស្តង់ដា ជាហេតុ ធ្វើឱ្យគេមិនចូលចិត្ត គេមិនសូវប្រើប្រាស់។ បើយើងមានច្បាប់ គឺត្រូវមានការផាកពិន័យចំពោះអ្នកដែលប្រព្រឹត្តខុស។ មានច្បាប់ ជាការល្អ ប៉ុន្តែការអនុវត្តច្បាប់ជារឿងសំខាន់។

ចំពោះការងារទាក់ទងនឹងសុវត្ថិភាពចំណីអាហារនេះដែរ លោកឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធ ប្រធានលេខាធិការ ដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយបាន ថ្លែងឱ្យដឹងថា ការងារសុវត្ថិភាពចំណីអាហារនេះ គឺវាមានទំនាក់ ទំនងជាមួយនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផល ក្លែងក្លាយ ពីព្រោះគណៈកម្មាធិការមានការសហការគ្នាជាច្រើន ក្រសួង ហើយកាំកុងត្រូលដែលជាអគ្គនាយកដ្ឋានមួយ ក៏ជា សមាជិករបស់គណៈកម្មាធិការដែរ។ ចំពោះការងារដែលយើងបាន សម្រេចកន្លងមកមានលទ្ធផលជាច្រើនតាមរយៈប្រព័ន្ធផ្សព្ធផ្សាយដែលកាំកុងត្រូលបានដុតបំផ្លាញចោលនូវអាហារដែលមានផ្ទុកសារធាតុគីមី អាហារដែលខូចគុណភាពនិងហួសកាលបរិច្ឆេទនៅ តាមបណ្តាខេត្តមួយចំនួន។ ដូច្នេះយើងឃើញថា ការងារយើង បានធ្វើជាប់ជាប្រចាំ តាំងពីចំណុចផ្តើមនៅច្រកទ្វារព្រំដែន, យើង មានគយនៅតាមទីផ្សារ, យើងមានកាំកុងត្រូលចុះជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យលើអាហារនិងទំនិញដែលហួសកាលបរិច្ឆេទនិងគ្រប់ប្រភេទអាហារដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយ គណៈកម្មាធិការយើងក៏បានផ្តោតជាសំខាន់ទៅលើផលិតផលឱសថ ក្លែងក្លាយផងដែរ ព្រោះវាមានហានិភ័យខ្ពស់ជាងអាហារនិងផលិត ផលផ្សេងៗទៀត។

ទាក់ទិនទៅនឹងការរៀបចំច្បាប់ស្តីពីម្ហូបអាហារដើម្បីបង្កើតប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និងការពារសុខភាពប្រជា ពលរដ្ឋ លោកឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធ ក៏បាន បញ្ជាក់ថាស្របជាមួយនឹងការរៀបចំច្បាប់ស្តីពីម្ហូបអាហារ ដើម្បី បង្កើតប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់នេះ ខាងគណៈ កម្មាធិការយើងក៏មានការរៀបចំច្បាប់មួយដោយក្រសួងយុត្តិធម៌ ដើម្បីផាកពិន័យ ឬ ផ្តន្ទាទោសចំពោះអ្នកដែលប្រព្រឹត្តខុសផង ដែរ។ វិធានការការពារសុខភាពប្រជាពលរដ្ឋនិងសុវត្ថិភាពសង្គម នោះ លោក លីវ សុផាណារិទ្ធ បានថ្លែងថា គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងនឹងផលិតផលក្លែងក្លាយបានចូលរួមតម្រង់ទិសគោល នយោបាយនិងសកម្មភាពប្រឆាំងផលិតផលក្លែងក្លាយនៅកម្ពុជាក្នុងនាមរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃដោយបានផ្តោតទៅលើអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការផលិតនិងការចែកចាយផលិតផលក្លែងក្លាយ។ នេះជាវិធានការអាទិភាពក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាល។ ដោយសារតែគណៈកម្មាធិការមានកិច្ចសហការពីបណ្តា ក្រសួងពាក់ព័ន្ធដែលជាសមាជិកនោះ ការត្រៀមលក្ខណៈចូលរួម ក្នុងការផ្សព្វផ្សាយនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតែផ្សព្វ ផ្សាយឱ្យបានទូលំទូលាយនូវយុទ្ធនាការប្រឆាំងផលិតផលក្លែង ក្លាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលប៉ះ ពាល់នៃការប្រើប្រាស់ផលិតផលក្លែងក្លាយ។ មន្ត្រីអនុវត្តច្បាប់ពាក់ ព័ន្ធនានាក៏ត្រូវមានការបណ្តុះបណ្តាលបង្កើនសមត្ថភាព ចំណេះ ដឹងអំពីមុខជំនាញរបស់ខ្លួនស្របតាមការរីកចម្រើននៃសកលភាវូប នីយកម្ម។ ប្រសិនបើយើងអនុវត្តនូវវិធានការទាំងនេះបាននោះ សកម្មភាពចរាចរផលិតផលក្លែងក្លាយចំណីអាហារដែលមានផ្ទុក នូវសារធាតុគីមីនឹងត្រូវកាត់បន្ថយ។ នេះគឺជាការលើកកម្ពស់សុខុ មាលភាពនិងធ្វើឱ្យមានសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ៕ (លោក កែ ផុស)