Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 15

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 16

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 20

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 21

Warning: mysql_query(): Unable to save result set in /home/khmereco/public_html/page/counter.php on line 25

Warning: mysql_fetch_row() expects parameter 1 to be resource, boolean given in /home/khmereco/public_html/page/counter.php on line 26
KHMER ECONOMY MAGAZING
ថ្ងៃ អាទិត្យ ទី ១៨ ខែវិច្ជិការ ឆ្នាំ២០១៨

កិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក និង អាស៊ានចេញសេចក្តីថ្លែងការណ៍រួមនិងគោលការណ៍រួម ១៧ចំណុច

(អត្ថបទចុះផ្សាយថ្ងៃទី 2016-04-08 17:00:32)

 

បន្ទាប់ពីប្រមុខការទូតសហរដ្ឋអាម៉េរិកលោក ចន ឃើរី (John Kerry) បានបំពេញទស្សនកិច្ចនៅអាស៊ី ដែលរួមមាន ប្រទេសឡាវ កម្ពុជា និង ប្រទេសចិន កាលពីចុងខែមករា រួចមក មិនយូរប៉ុន្មាន លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានា ធិបតីសហរដ្ឋអាម៉េរិក បានអញ្ជើញមេដឹកនាំនៃបណ្តាប្រទេស អាស៊ានទាំង ១០ ចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មានពីមុនមកនាថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ មជ្ឈមណ្ឌល Sunny Lands ទីក្រុង Rancho Mirage រដ្ឋ កាលីហ្វ័រនីញ៉ា (California) ក្នុងទឹកដីសហរដ្ឋអាម៉េរិកផ្ទាល់តែ ម្តង។ កិច្ចប្រជុំកំពូលពិសេសរវាងសហរដ្ឋអាម៉េរិក និង អាស៊ាន លើកទី១នេះបានធ្វើឡើងក្រោមប្រធានបទ ការលើកកម្ពស់ការ ច្នៃប្រឌិត និងសហគ្រិនភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន

 

ជំនួបកំពូលពិសេសនេះត្រូវបានគេយល់ឃើញថា ធ្វើឡើង ក្នុងគោលបំណងជំរុញយុទ្ធសាស្រ្តរបស់អាម៉េរិកក្នុងការ ធ្វើឱ្យ មានតុល្យភាពឡើងវិញ នូវគោលនយោបាយរបស់សហរដ្ឋ អាម៉េរិកចំពោះតំបន់អាស៊ី (បើទោះបីជាមិនត្រូវបានសម្តែងចេញ មកខាងក្រៅក៏ដោយ) ក៏ប៉ុន្តែ ដើម្បីទប់ទល់នឹងឥទិ្ធពលរបស់ចិន ដែលកាន់តែខ្លាំងឡើងមកលើប្រទេសអាស៊ីតូចៗជាប្រទេសជិតខាងរបស់ខ្លួន។ លោក អូបាម៉ា បានលើកឡើងថា ការទទួល មេដឹកនាំអាស៊ាន គឺជាការទម្លាយភាពទ័លច្រកក្នុងក្ដីប្រាថ្នារបស់ មេដឹកនាំសហរដ្ឋអាម៉េរិក ដើម្បីបង្កើតទំនាក់ទំនងជាមួយតំបន់ អាស៊ាន។

 

ប្រទេសចិនក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំពិសេស សហរដ្ឋអាម៉េរិក-អាស៊ាន

 

អ្នកវិភាគយល់ឃើញថា ប្រទេសចិនគឺជាប្រធានបទសំខាន់ ក្នុងជំនួបកំពូលពិសេសសហរដ្ឋអាម៉េរិក-អាស៊ានជាប្រវត្តិសាស្ត្រលើកនេះ។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១រវាងសហរដ្ឋអាម៉េរិក និងអាស៊ានដែលប្រារព្ធឡើងនៅសហរដ្ឋអាម៉េរិក រីឯប្រទេសចិន មិនមែនជាសមាជិកនៃសហគមន៍អាស៊ានទេ។

 

គេមើលឃើញថា ក្រៅពីសហរដ្ឋអាម៉េរិកជួយឱ្យតំបន់អាស៊ាន រួមបញ្ចូលគ្នា សេដ្ឋកិច្ចតំបន់មានការអភិវឌ្ឍ និងទប់ទល់នឹងបញ្ហា ប្រឈមឆ្លងដែននោះ ការបង្កើនឥទ្ធិពលពីមួយថ្ងៃទៅមួយថ្ងៃនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិកនិងទំនាស់លើបញ្ហាដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន ក៏នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ កំពូលពិសេសនេះផងដែរ។

 

កិច្ចប្រជុំនៅរាត្រីថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ផ្តោត សំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច ចំណែកកិច្ចប្រជុំនៅថ្ងៃអង្គារ៍ ទី១៦ គឺផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខតំបន់ ក្នុងនោះរួមមានបញ្ហា សមុទ្រចិនខាងត្បូងនិងការវាយប្រហារភេរវកម្មនិយម។

ថ្វីត្បិតតែមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបញ្ជាក់ថា កិច្ច ប្រជុំកំពូលលើកនេះមិនសំដៅចំពោះប្រទេសចិនក៏ដោយ ប៉ុន្តែ ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់គឺជារបៀបវារៈសំខាន់ដោយស្វ័យប្រវត្តិនៃកិច្ចប្រជុំកំពូលនេះ។

 

គោលជំហរប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង បាន ធ្វើឱ្យប្រទេសចិនកើតមានបញ្ហាចម្រូងចម្រាសជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។ ប្រទេសចិនបានប្រកាសថា នៅក្នុងប្រវត្តិ សាស្ត្រចិនមានអធិបតេយ្យភាពលើដែនកោះសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង និងពន្លឿនសកម្មភាពសាងសង់កោះនៅសមុទ្រ ចិនខាងត្បូង បង្កើតហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍កំពង់ផែនិងផ្លូវរត់ អាកាសយានដ្ឋានជាដើម។ ប៉ុន្តែ ប្រទេសជាសមាជិកអាស៊ាន រួមមានប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម និង ប្រទេស ហ្វ៊ីលីពីន ព្រមទាំងកោះតៃវ៉ាន់ ក៏ប្រកាសថាខ្លួនមានអធិបតេយ្យ ភាពលើដែនកោះមួយចំនួនផងដែរ។ ចំណែកសហរដ្ឋអាម៉េរិកមិន ត្រឹមតែបានសម្តែងនូវការមិនពេញចិត្តចំពោះទង្វើរបស់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងបានចាត់បញ្ជូននាវាចម្បាំងចេញល្បាត នៅសមុទ្រចិនខាងត្បូងដែលធ្វើឱ្យភាគីក្រុងប៉េកាំងផ្ទុះកំហឹងយ៉ាង ខ្លាំងផងដែរ។

 

លោក បេន រ៉ូដែស (Ben Rhodes) ទីប្រឹក្សាកិច្ចការសន្តិ សុខជាតិរបស់លោកប្រធានាធិបតី អូបាម៉ា ថ្លែងថា លោក អូបាម៉ា នឹងថ្លែងសុន្ទរកថា ដោយបង្ហាញថាការប្រកួតប្រជែងលើបញ្ហា សមុទ្រចិនខាងត្បូងចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី។

 

ដោយឡែក បញ្ហាកិច្ចព្រមព្រៀងទំនាក់ទំនងដៃគូឆ្លងមហា សមុទ្រប៉ាស៊ីហ្វ៊ិក (TPP) ក៏ត្រូវបើកកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំ កំពូលនេះដែរ។

    

ធ្វើឱ្យប្រទេសចិនមានតុល្យភាព?

 

សេតវិមានសហរដ្ឋអាម៉េរិថ្លែងថា បរិមាណផលិតសរុបនៃ សេដ្ឋកិច្ចអាស៊ានឈរនៅចំណាត់ថ្នាក់ទី៧នៃពិភពលោកគឺប្រទេស  អាស៊ានជាដៃគូពាណិជ្ជកម្មធំទី៤របស់សហរដ្ឋអាម៉េរិក។

 

មជ្ឈដ្ឋានខាងក្រៅសុទ្ធតែយល់ឃើញថា សហរដ្ឋអាម៉េរិក ចង់ធ្វើឱ្យការពង្រីកឥទ្ធិពលនៅអាស៊ីរបស់ចិនមានតុល្យភាពតាម រយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

 

ទស្សនាវដ្តី «សេដ្ឋកិច្ចវិទូ» (The Economist) បានចេញ ផ្សាយអត្ថបទដោយនិយាយថា មូលហេតុចម្បងដែលប្រទេស អាស៊ានមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្ននេះ គឺដោយសារអានុភាពដែលកាន់តែខ្លាំងក្លារបស់ ប្រទេសចិន។

 

ការវិភាគរបស់ចិន

 

ចំណែកបណ្តាញសារព័ត៌មាននៃប្រទេសចិនវិញ ក៏បានធ្វើ ការវិភាគយ៉ាងច្រើនទៅលើកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ាន លើកនេះ។ សារព័ត៌មានរដ្ឋ ស៊ីនហួរ (Xin Hua) បានចេញផ្សាយ នូវអត្ថបទវិភាគមួយដោយចាត់ទុកការកោះអញ្ជើញមេដឹកនាំប្រទេស អាស៊ានរបស់សហរដ្ឋអាម៉េរិកគឺគួរឱ្យគេចាប់អារម្មណ៍ណាស់។

 

អត្ថបទនេះនិយាយថា បន្ទាប់ពីលោក អូបាម៉ា បានបើកកិច្ច ប្រជុំកំពូលនៅទីក្រុងគួឡាឡាំពួ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥រួចមក មិនដល់រយៈពេល៣ខែផង សហរដ្ឋអាម៉េរិកក៏បានអញ្ជើញមេដឹក នាំប្រទេសអាស៊ានមកជួបប្រជុំម្តងទៀត បង្ហាញឱ្យឃើញថា កម្រិតនៃការរាក់ទាក់កាន់តែកើនឡើងចំពោះអាស៊ានរបស់សហ រដ្ឋអាម៉េរិក ពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន។

អត្ថបទនេះនិយាយថា ការបង្ហាញភាពស្និទ្ធស្នាល ជាមួយ អង្គការតំបន់មួយចំនួនតាមរយៈអង្គប្រជុំជំនួបនិងកិច្ចប្រជុំកំពូល ។ល។ គឺជាយុទ្ធវិធីការទូតដែលសហរដ្ឋអាម៉េរិកឧស្សាហ៍ប្រើ ប្រាស់ ប៉ុន្តែមិនមែនទទួលបានលទ្ធផលរាល់លើកនោះទេ។

 

អត្ថបទបានលើកឡើងប៉ុន្មានចំណុចថា លោក អូបាម៉ា ប្រញាប់ប្រញាល់ក្នុងការបង្កើតកេរដំណែលការទូត, កិច្ចប្រជុំមាន លក្ខណៈជានិមិត្តរូបច្រើនជាងលទ្ធផលជាក់ស្តែង, ប្រធានបទរសើបពិបាកនឹងទទួលបាននូវការគាំទ្រជាសមូហភាពពីអាស៊ាន, ប្រទេសអាស៊ានយកចិត្តទុកដាក់លើប្រធានបទទ្វេភាគីច្រើនជាង។

 

មានអ្នកវិភាគយល់ឃើញថា កិច្ចប្រជុំកំពូលលើកនេះ ប្រាកដជាត្រូវបានមជ្ឈដ្ឋានខាងក្រៅចាត់ទុកថាជាការសាកល្បង ធំមួយនៃយុទ្ធសាស្ត្រ ការធ្វើឱ្យមានតុល្យភាពឡើងវិញ វិល ត្រឡប់មកអាស៊ីវិញ របស់សហរដ្ឋអាម៉េរិកកាលពី៧ឆ្នាំមុន ហើយ ក៏អាចក្លាយជាឱកាសដែលលោក អូបាម៉ា ទទួលលទ្ធផលបាន ជាជំហានដំបូងក្នុងអាណត្តិផងដែរ។

 

អូបាម៉ា ស្នើឱ្យជំរុញអនាគតទទួលផលរួមគ្នានៃសណ្តាប់ ធ្នាប់តំបន់

 

     លោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានថ្លែង នៅក្នុងកិច្ចប្រជុំកំពូលនេះថា សហរដ្ឋអាម៉េរិក និង អាស៊ាននឹង ជំរុញ អនាគតទទួលផលរួមគ្នានៃសណ្តាប់ធ្នាប់តំបន់ និងជំរុញ បណ្តា ប្រទេសទាំងអស់គប្បីគោរពប្រតិបត្តិតាមច្បាប់ទម្លាប់ដូចគ្នា

 

ដើម្បីដាក់សម្ពាធទៅលើប្រទេសចិនដែលជាប់ពាក់ព័ន្ធនឹងទំនាស់ដែនកោះសមុទ្រចិនខាងត្បូង លោក អូបាម៉ា បានប្រកាស នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ានថា សហ រដ្ឋអាម៉េរិក និង អាស៊ាននឹង ជំរុញអនាគតទទួលផលរួមគ្នានៃ សណ្តាប់ធ្នាប់តំបន់

 

លោក អូបាម៉ា មានប្រសាសន៍ថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាម៉េរិកបានបង្កើនជំនួយផ្នែកសន្តិសុខលើសមុទ្រដល់ ប្រទេសជាសម្ព័ន្ធមិត្តនិងប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ក្នុងខណៈពេលការពារការជួញដូរពាណិជ្ជកម្មស្របច្បាប់ និង ទប់ទល់ជាមួយនឹងវិបត្តិមនុស្សធម៌ បានកែលម្អសមត្ថភាពទ្វេ ភាគី។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ ពួកយើងនឹងជំរុញអនាគត ទទួលផលរួមគ្នានៃសណ្តាប់ធ្នាប់តំបន់, ការពារច្បាប់អន្តរជាតិ ដែលរួមមានសិទ្ធិនាវាចរណ៍ដោយសេរីផងដែរ ហើយដោះស្រាយ វិវាទដោយសន្តិភាពនិងស្របច្បាប់

 

នៅមុនពេលលោក អូបាម៉ា បញ្ចប់តំណែងប្រធានាធិបតី សហរដ្ឋអាម៉េរិកនៅខែមករា ឆ្នាំ២០១៧ សេតវិមានបានចាត់ទុក កិច្ចប្រជុំកំពូលលើកនេះជាឱកាសជំរុញគោលនយោបាយ ធ្វើឱ្យ អាស៊ីមានតុល្យភាពឡើងវិញ ដែលផ្តួចផ្តើមឡើងដោយលោក អូបាម៉ា និងបង្ហាញពីតួនាទីសំខាន់របស់អាស៊ានដែលកើនឡើង ជាលំដាប់។

 

លោក អូបាម៉ា ថ្លែងថា លោកនៅតែយល់ថា ក្នុងនាមជា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បើទោះបីជាសហរដ្ឋអាម៉េរិកកំពុង ប្រឈមមុខនឹងការគំរាមកំហែងដោយសារសកលលោកស្ថិតក្នុងស្ថានភាពតានតឹងក្តី ក៏គោលនយោបាយការទូតសហរដ្ឋអាម៉េរិក គប្បីចាប់យកកាលានុវត្តភាពថ្មីដែរ, ហើយនៅសតវត្សរ៍ទី ២១ មាន តំបន់តិចតួចណាស់ដែលអាចផ្តល់កាលានុវត្តភាពកាន់តែច្រើន ដល់សហរដ្ឋអាម៉េរិកដូចតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។

 

លោកមានប្រសាសន៍ថា៖ នេះក៏ជាមូលហេតុដែលខ្ញុំឡើង ធ្វើជាប្រធានាធិបតីពេលដំបូងយល់ឃើញថា ក្នុងនាមជាប្រទេស មហាសមុទ្រប៉ាស៊ីហ្វ៊ិក គោលនយោបាយការបរទេសសហរដ្ឋ អាម៉េរិកគប្បីមានតុល្យភាពបន្ថែមទៀត ហើយដើរតួនាទីកាន់តែ សំខាន់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក

 

ចិនមិនមែនជាប្រទេសសមាជិកសហគមន៍អាស៊ានទេ ដូច្នេះ ចិនមិនមែនជាប្រទេសដែលត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល សហរដ្ឋអាម៉េរិក និង អាស៊ានដែរ។ ថ្វីត្បិតតែមន្ត្រីជាន់ខ្ពស់របស់ សហរដ្ឋអាម៉េរិកបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកនេះមិនសំដៅចំពោះ ប្រទេសចិននោះទេ ប៉ុន្តែឥទ្ធិពលនៅក្នុងតំបន់របស់ប្រទេសចិននឹង ក្លាយជារបៀបវារៈសំខាន់ដែលត្រូវពិភាក្សាដោយស្វ័យប្រវត្តិ។

 

សារព័ត៌មាន AFP វិភាគថា គោលបំណងសំខាន់នៃកិច្ច ប្រជុំកំពូលរបស់លោក អូបាម៉ា លើកនេះ គឺបង្កើតខ្សែប្រយុទ្ធ ឯកភាពមួយដើម្បីទប់ទល់នឹងប្រទេសចិន។ ដោយសារតែមិន ចង់ឱ្យគេចាត់ទុកចិនថាជាអ្នកក្តោបអំណាច នៅតំបន់អាស៊ី-ប៉ាស៊ី ហ្វ៊ិក ដូច្នេះសេតវិមានប្រមូលផ្តុំបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វ៊ិក បង្កើតជាប្រទេសសម្ព័ន្ធមិត្តក្រៅផ្លូវការ ស្នើឱ្យប្រទេសចិនដោះ ស្រាយវិវាទដែនសមុទ្រចិនខាងត្បូងដោយច្បាប់អន្តរជាតិ។

 

លោក អូបាម៉ា និយាយថា អាស៊ាន និង សហរដ្ឋអាម៉េរិក អាចជំរុញឱ្យបង្កើតអនាគតទទួលបានរួមគ្នានៃសណ្តាប់ធ្នាប់តំបន់ ដោះស្រាយវិវាទសមុទ្រចិនខាងត្បូងដោយសន្តិវិធី។

 

សារព័ត៌មានកាសែត «Global Times» ដែលចំណុះឱ្យ កាសែត « People’s Daily » របស់ចិនបានចេញផ្សាយការវិភាគ សង្គមឆ្លើយតបថា សហរដ្ឋអាម៉េរិកគ្មានកម្លាំងក្នុងការនាំយក សមុទ្រចិនខាងត្បូងទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ាទេ។ ការវិភាគសង្គម នេះនិយាយទៀតថា សហរដ្ឋអាម៉េរិកមានអារម្មណ៍ហានិភ័យ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និង អាស៊ាន គឺចង់លើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និង អាស៊ាន

 

អត្ថបទវិភាគសង្គមនេះលើកឡើងថា ក្រុងវ៉ាស៊ីនតោនបាន បញ្ជាក់ម្តងហើយម្តងទៀតថា កិច្ចប្រជុំលើកនេះ មិនសំដៅចំពោះ ប្រទេសចិនទេ, ប្រហែលជាមិនមែនក្រុងវ៉ាស៊ីនតោន មិនចង់ សំដៅចំពោះប្រទេសចិន នោះទេ តែគឺក្រុងវ៉ាស៊ីនតោន មិនសូវ ហ៊ាន និយាយថាប្រទេសចិនជាទិសដៅនៃកិច្ចប្រជុំនេះ

 

អត្ថបទវិភាគសង្គមនេះនិយាយទៀតថា តាមពិតសមុទ្រ ចិនខាងត្បូងគឺជារឿងរបស់ប្រទេសចិននិងប្រទេសដែលជាប់ពាក់ព័ន្ធ, ឥរិយាបថរបស់អាស៊ានគឺចូលរួមពិភាក្សាជាមួយប្រទេសចិន ទាក់ទងនឹងសន្តិភាពតំបន់, រឿងវិវាទដែនដីជាក់ស្តែងទុកឱ្យប្រទេស ដែលជាប់ពាក់ព័ន្ធនិងប្រទេសចិនជាអ្នកដោះស្រាយដោយទ្វេ ភាគីប្រសិនបើសហរដ្ឋអាម៉េរិកចង់ប្រែក្លាយទំនាស់សមុទ្រចិន ខាងត្បូងឱ្យទៅជាបញ្ហារវាងប្រទេសចិន និង អាស៊ាននោះ អាស៊ាន មិនអាចចាញ់បោកនោះទេ

 

សហរដ្ឋអាម៉េរិក៖ គោលបំណងនៃកិច្ចប្រជុំកំពូលគឺពង្រីកកិច្ចសហប្រតិបត្តិការលើកម្មវិធីអាទិភាពរួមរវាងសហរដ្ឋអាម៉េរិក និង អាស៊ាន

 

វិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA) បានផ្សាយកាលពីថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋ អាម៉េរិកថ្លែងថា កិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ានរំលេច ឱ្យឃើញអំពីការសន្យារបស់សហរដ្ឋអាម៉េរិកចំពោះតំបន់អាស៊ី- ប៉ាស៊ីហ្វ៊ិកនិងសារៈសំខាន់របស់អាស៊ានចំពោះសហរដ្ឋអាម៉េរិក។ ពួកមន្ត្រីសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះមិន សំដៅចំពោះប្រទេសចិននោះទេ បើទោះបីជាវិវាទសមុទ្រចិនខាង ត្បូងជារបៀបវារៈសំខាន់ដែលត្រូវពិភាក្សាក៏ដោយ។

 

លោក ដានីអែល គ្រីតថេនប៊្រីង (Daniel Kritenbrink) នាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីនៃគណៈកម្មាធិការជាតិសហរដ្ឋអាម៉េរិកនិយាយថា៖ នេះគឺជាកិច្ចប្រជុំកំពូលដាច់ដោយ ឡែករវាងសហរដ្ឋអាម៉េរិកនិងមេដឹកនាំអាស៊ានលើកទីមួយរបស់លោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំកំពូល នេះរំលេចឱ្យឃើញពីការសន្យាជាចីរភាពរបស់យើងចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិកនិងអាស៊ាន។ វាកើតឡើងលើមូលដ្ឋាននៃទំនាក់ ទំនងដៃគូជាយុទ្ធសាស្រ្តថ្មីរវាងសហរដ្ឋអាម៉េរិក និង អាស៊ានដែល បានប្រកាសនៅទីក្រុងគូឡាឡាំពួ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្មវិធីអាទិភាពរួមគ្នារបស់ពួកយើងមានជាអាទិ៍ ពាណិជ្ជកម្ម សន្តិសុខដែន សមុទ្រ និង ការប្រឆាំងភេរវកម្ម

 

៣-ផ្នែកសំខាន់ៗនៃកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ាន

 

លោក ដានីអែល គ្រីតថេនប៊្រីង មានប្រសាសន៍ថា កិច្ច ប្រជុំលើកនេះមានបីផ្នែកសំខាន់ៗ៖ របៀបវារៈសេដ្ឋកិច្ចធ្វើឡើង ជាលក្ខណៈកិច្ចប្រជុំតំណាង ពិធីទទួលទានអាហារពេលល្ងាច និង របៀបវារៈនយោបាយនិងសន្តិសុខធ្វើឡើងជាលក្ខណៈកិច្ចប្រជុំ តំណាង។

 

លោកនិយាយថា ការពិភាក្សាលើបញ្ហាសេដ្ឋកិច្ចនឹងរំលេច ឱ្យឃើញនូវឧត្តមានុភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋ អាម៉េរិក និង អាស៊ាន និងរកឃើញវិធីពង្រីកពាណិជ្ជកម្មនិងការវិនិ យោគបន្ថែមរួមមានការផ្លាស់ប្តូរមតិយោបល់ ដើម្បីជំរុញកំណើន និងសមាហរណកម្មថែមមួយកម្រិតទៀតនូវការកែទម្រង់គោល នយោបាយដែលចាំបាច់, ប្រារព្ធពិធីទទួលទានអាហារពេលល្ងាច គឺដើម្បីឱ្យមេដឹកនាំអាស៊ានចែករំលែកនូវការយល់ឃើញរបស់ ពួកគេលើបញ្ហាយុទ្ធសាស្ត្រដែលកាន់តែទូលំទូលាយ។

 

នៅក្នុងពិធីទទួលទានអាហារពេលល្ងាចនោះ លោកប្រធា នាធិបតី អូបាម៉ា ក្រៅពីថ្លែងទាក់ទងនឹងការសន្យាជាចីរភាពរបស់ សហរដ្ឋអាម៉េរិកចំពោះអាស៊ាន ក៏ថែមទាំងលើកឡើងនូវសារៈ សំខាន់នៃការអនុវត្តគោលនយោបាយល្អ បង្កើតអង្គភាពប្រព័ន្ធ ពិនិត្យការទទួលខុសត្រូវ (Accountability System)។ កិច្ចប្រជុំ តំណាងស្តីពីនយោបាយនិងសន្តិសុខផ្តោតលើការពិភាក្សាអំពីវិធីនៃការបើកកិច្ចសហប្រតិបត្តិការលើបញ្ហាជាលក្ខណៈយុទ្ធសាស្ត្រនិងឆ្លងដែនដែលតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិកប្រឈម រួមមានវិវាទ សមុទ្រ ភេរវកម្មនិយម ការជួញដូរមនុស្ស ជំងឺឆ្លង និង បញ្ហា អាកាសធាតុ។

 

លោក ដានីអែល គ្រីតថេនប៊្រីង ថ្លែងថា ហេតុដែលសហរដ្ឋ  អាម៉េរិកបង្កើតកិច្ចប្រជុំកំពូលនេះឡើង ក្រៅពីរំលេចឱ្យឃើញនូវការសន្យាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកក្នុងការធ្វើឱ្យអាស៊ី-ប៉ាស៊ីហ្វ៊ិកមានតុល្យភាពឡើងវិញ គឺព្រោះតែសារៈសំខាន់របស់ អាស៊ានចំពោះសហរដ្ឋអាម៉េរិកនិងតួនាទីកាន់តែសំខាន់ក្នុងការដោះស្រាយបញ្ហាជាលក្ខណៈសកល។

មិនត្រឹមតែប៉ុណ្ណោះ លោក ដានីអែល រ៉ាស់សែល (Daniel Russel) ជំនួយការរដ្ឋមន្ត្រីការទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ នូវឥទ្ធិពលរបស់អាស៊ានចំពោះសហរដ្ឋអាម៉េរិកថា៖ ជាមូលដ្ឋាន យើងអាចសរុបជាបីពាក្យបានគឺ កំណើន ស្ថិរភាព និង ច្បាប់

 

លោក ដានីអែល រ៉ាស់សែល និយាយទៀតថា ឆ្នាំ២០០៩ នៅពេលដែលពួកគេបើកការជជែកវែកញែកនៅសេតវិមានស្តីអំពីយុទ្ធសាស្រ្តធ្វើឱ្យអាស៊ី-ប៉ាស៊ីហ្វ៊ិកមានតុល្យភាពឡើងវិញ លោក ប្រធានាធិបតី អូបាម៉ា បានធ្វើការជ្រើសរើសដោយឥតស្ទាក់ស្ទើរ ក្នុងការទាក់ទងជាមួយអាស៊ាន ដោយសារមូលហេតុទាំងបីនេះគឺ សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកនៅថ្ងៃអនាគតនឹងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងតំបន់ដែលពោរពេញដោយកម្លាំងរស់រវើក មួយនេះ, សន្តិសុខផ្ទាល់ខ្លួនរបស់សហរដ្ឋអាម៉េរិកទទួលឥទ្ធិពល ដោយផ្ទាល់ពីបរិស្ថានសន្តិសុខរបស់តំបន់នេះ, ម្យ៉ាងទៀត សណ្តាប់ ធ្នាប់ដែលឈរលើច្បាប់កំណត់ដែលយុត្តិធម៌ គោរពច្បាប់អន្តរ ជាតិ និងទស្សនៈតម្លៃសកល (Universal Value) នឹងធ្វើឱ្យ គ្រប់គ្នាទទួលបានអត្ថប្រយោជន៍។

 

កិច្ចប្រជុំមិនមែនសំដៅចំពោះប្រទេសចិន

 

លោក ដានីអែល រ៉ាស់សែល បានលើកឡើងជាពិសេសថា កិច្ចប្រជុំកំពូលលើកនេះ មិននិយាយពីប្រទេសចិននោះទេ។ លោកថា៖ ប្រាកដណាស់ នៅក្នុងខួរក្បាលរបស់មេដឹកនាំ ប្រទេសអាស៊ាននឹងនឹកគិតដល់ផលប៉ះពាល់ដែលអាចកើតមាន ឡើងដោយសារការបន្ថយល្បឿនសេដ្ឋកិច្ចរបស់ចិន ហើយពួក យើងគួរទប់ទល់យ៉ាងណាចំពោះសកម្មភាពរបស់ចិនលើបញ្ហា សមុទ្រចិនខាងត្បូងជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសនីមួយៗ ក្នុងចំណោម ១១ ប្រទេសសុទ្ធតែមានទំនាក់ទំនងច្រើនវិស័យនិង សំខាន់ជាមួយនឹងប្រទេសចិន

 

លោកនិយាយថា ចំណុចសំខាន់នៃកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីអត្ថប្រយោជន៍របស់សហរដ្ឋអាម៉េរិកតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក និងប្រជាជនទូទាំងសកលលោក, តើអ្វីដែលសហរដ្ឋអាម៉េរិកនិង  អាស៊ានអាចរួមគ្នាសម្រេចបាន។

 

ធ្វើយ៉ាងណាទើបក្រុងប៉េកាំងជឿជាក់ថាកិច្ចប្រជុំកំពូលនេះមិនសំដៅចំពោះប្រទេសចិន?

 

ទាក់ទងនឹងសំណួររបស់អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាម៉េរិកដែលបានលើកឡើងថាតើធ្វើយ៉ាងណាទើបក្រុងប៉េកាំង ជឿជាក់ថា កិច្ចប្រជុំកំពូលនេះមិនសំដៅចំពោះប្រទេសចិននោះ លោក ដានីអែល រ៉ាស់សែល បានឆ្លើយតបថា គោលជំហររបស់សហ រដ្ឋអាម៉េរិកលើបញ្ហាសមុទ្រចិនខាងត្បូង បើនិយាយចំពោះប្រទេស ចិនមិនមែនជាអាថ៌កំបាំងនោះទេ។ ម្យ៉ាងទៀតសហរដ្ឋអាម៉េរិក មិននិយាយអ្វីឱ្យខុសប្លែកគ្នាជាមួយនឹងភាគីម្ខាងៗនោះទេ។

 

លោក ដានីអែល រ៉ាស់សែល មានប្រសាសន៍ថា៖ ថ្មីៗនេះ ខ្ញុំមានសំណាងបានអមដំណើរលោក ចន ឃើរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ លោក ចន ឃើរី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការ បរទេសចិន សមាជិកគណៈរដ្ឋមន្ត្រី និង លោកប្រធានាធិបតីចិន។ កិច្ចពិភាក្សានេះមានលក្ខណៈបើកចំហយ៉ាងខ្លាំង ស្មោះត្រង់ និង ពោរពេញទៅដោយលក្ខណៈស្ថាបនា។ ខ្ញុំយល់ឃើញថា វិធីដោះ ស្រាយក្តីបារម្ភដ៏ងាយស្រួលនៃរឿងដែលថាកិច្ចប្រជុំកំពូលលើកនេះមានលក្ខណៈប្រឆាំងនឹងប្រទេសចិននោះគឺតម្លាភាព ហើយ ពួកយើងមានតម្លាភាពទាំងស្រុងលើចំណុចនេះ

 

លោក ដានីអែល គ្រីតថេនប៊្រីង ថ្លែងថា សហរដ្ឋអាម៉េរិក មិនមើលបញ្ហាដោយឈរលើជ្រុងមិនច្បាស់លាស់នោះទេ។ លោកបានបញ្ជាក់ពីទំនាក់ទំនងសហរដ្ឋអាម៉េរិក និង ចិន និងការ ជំរុញគ្នាទៅវិញទៅមកយ៉ាងល្អប្រសើររវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងទំនាក់ទំនងសហរដ្ឋអាម៉េរិក និង ចិន យើងបានបង្ហាញ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់លទ្ធភាពរបស់យើងក្នុងការបង្កើតទំនាក់ទំនងសកម្មដែលមានលក្ខណៈស្ថាបនាបំផុត។ អ្នកអាច និយាយថា របៀបវារៈកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងយើងនិង ចិនលើបញ្ហាពាក់ព័ន្ធជាសកលទទួលបានជោគជ័យ និង មាន លក្ខណៈទូលំទូលាយជាងពេលណាៗទាំងអស់។ ទន្ទឹមនឹងនេះ យើងក៏មានភាពស្មោះត្រង់ខុសប្លែកពីធម្មតានៅពេលដែលប្រឈមមុខនឹងការខ្វែងគំនិតគ្នានិងភាពតានតឹងដែលកើតមានរវាងពួកយើង, ទំនាក់ទំនងយើងនិងចិនគឺមានភាពចាស់ទុំ ស្ថិរភាព និង ទូលំទូលាយ ហើយក៏ស្មុគស្មាញផងដែរ

 

លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាម៉េរិក-អាស៊ាន

 

ក្នុងកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាម៉េរិក-អាស៊ាន បាន ពិនិត្យទៅលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិស័យវិនិយោគរវាងសហរដ្ឋអាម៉េរិក និងអាស៊ានពិសេសក្រោយពេលដែលសហគមន៍អាស៊ានត្រូវបាន បង្កើតឡើង។ អ្វីដែលបណ្តាមេដឹកនាំអាស៊ាននិងសហរដ្ឋអាម៉េរិក ចង់បាននៅពេលនេះ គឺការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចឱ្យបានច្រើនជាងមុន ពិសេសធ្វើយ៉ាងណាឱ្យទំហំពាណិ ជ្ជកម្មមានការកើនឡើង និងឱ្យមានការអ្នកវិនិយោគទុនសហរដ្ឋ អាម៉េរិកទៅធ្វើការវិនិយោគក្នុងបណ្តាប្រទេសអាស៊ានឱ្យកាន់តែមានការកើនឡើងទ្វេដងថែមទៀត ។

 

បណ្តាមេដឹកនាំទាំងអស់បានធ្វើការពិភាក្សាធ្វើយ៉ាងណាជួយដល់សហគ្រាសធុនតូចនិងមធ្យមមានជំហានបោះទៅមុខ ពិសេស ជួយដល់ប្រជាពលរដ្ឋនៃប្រទេសអាស៊ាន។ ជាមួយគ្នានេះ មេដឹក នាំទាំងអស់ក៏បានពិភាក្សាគ្នាផងដែរទាក់ទិនទៅនឹងបញ្ហាសន្តិសុខជាតិ បញ្ហាកម្មសិទ្ធិបញ្ញា និង បញ្ហាដោះស្រាយការងារធ្វើជូនដល់ ស្រទាប់យុវវ័យដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនោះ។ ដោយសារសេដ្ឋកិច្ចអាស៊ានត្រូវការផ្ទេរនូវបច្ចេកវិទ្យាពី សហរដ្ឋអាម៉េរិក កិច្ចពិភាក្សាគ្នានោះក៏បានធ្វើការពិភាក្សាគ្នាយ៉ាង យកចិត្តទុកដាក់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានស្ថិរភាព ពិសេសកំណើនសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់បណ្តា ប្រទេសក្នុងតំបន់អាស៊ាននិងការធ្វើដៃគូអន្តរទ្វីប។

 

ក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះដែរ លោកប្រធា នាធិបតីសហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា បានផ្តួចផ្តើមគំនិតក្នុង ការរៀបចំសិក្ខាសាលា ដើម្បីបើកឱកាសឱ្យបណ្តាប្រទេសអាស៊ាន បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមធ្វើសិក្ខាសាលាពិសេស និង បែបបទមួយចំនួនក្នុងការចូលរួមក្នុងកម្រិតសេដ្ឋកិច្ចអន្តរទ្វីបដ៏ ទូលំទូលាយ។ ដោយមានសំណើរពីបណ្តាមេដឹកនាំអាស៊ានមួយ ចំនួន លោក អូបាម៉ា ក៏បានស្នើឱ្យយុវជននៃបណ្តាប្រទេស អាស៊ានបានចូលរួមក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ដែលគេ បានឯកភាពគ្នានោះ។

 

នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះដែរ មេដឹកនាំទាំងអស់ បានអះអាងជាថ្មីនូវគោលការណ៍សំខាន់ដែលនឹងកំណត់ កិច្ចសហ ប្រតិបត្តិការឆ្ពោះទៅមុខ ពិសេសការគោរពគ្នាទៅវិញទៅមកនូវ ឯកភាពអធិបតេយ្យភាព និង ភាពស្មើគ្នានៃរដ្ឋទាំងអស់ ពិសេស លើសារៈសំខាន់នៃវិបុលភាពរួម កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនិងដោយរួមបញ្ចូលគ្នា និង ការបណ្តុះបណ្តាលអ្នកដឹកនាំ វ័យក្មេង ដើម្បីរក្សានូវសន្តិភាព ការអភិវឌ្ឍ និង ស្ថិរភាពតំបន់។

 

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានថ្លែងថា ជិត៤ទសវត្សរ៍កន្លងមកហើយ ដែល អាស៊ាន និង សហរដ្ឋអាម៉េរិកបានធ្វើការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាពវិបុលភាព និងស្ថិរភាព ទាំងនៅក្នុង តំបន់អាស៊ី ក៏ដូចជានៅលើពិភពលោកទាំងមូល, ពិសេសទៅ ទៀតនោះកិច្ចប្រជុំកំពូលនៅពេលនេះនឹងចូលរួមផ្តល់នូវវិភាគ ទានដ៏សំខាន់បំផុតដល់ការពង្រឹងនិងលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ។

 

សហរដ្ឋអាម៉េរិក និង អាស៊ានបានប្តេជ្ញាធ្វើការរួមគ្នាដើម្បី  កសាងសហគមន៍អាស៊ានមួយដែលរឹងមាំ មានស្ថិរភាព ជិតស្និទ្ធ ផ្នែកនយោបាយ មានសមាហរណកម្មសេដ្ឋកិច្ច មានការទទួល ខុសត្រូវខាងសេដ្ឋកិច្ច និង ផ្តោតលើប្រជាជន។ នៅក្នុងសុន្ទរកថា របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានថ្លែងទៅកាន់មេដឹក នាំអាស៊ានសហរដ្ឋអាម៉េរិក បានផ្តល់នូវចំណុចគន្លឹះមួយចំនួន ក្នុងនោះរួមមាន ការពង្រឹងការចែករំលែកព័ត៌មាននិងបណ្តាញ ទំនាក់ទំនង ដើម្បីជំរុញគំនិតច្នៃប្រឌិតថ្មីៗនិងភាពប៉ិនប្រសប់នៅ ក្នុងស្ថាប័នឧត្តមសិក្សានិងក្នុងវិស័យពាណិជ្ជកម្ម តាមរយៈការបង្ក លក្ខណៈងាយស្រួលក្នុងការផ្ទេរបច្ចេកវិទ្យា ការសម្របទៅនឹងការ ផ្លាស់ប្តូរ និង ការគាំទ្រតាមរយៈគោលនយោបាយផ្សេងៗសម្រាប់ ការស្រាវជ្រាវនិងការអភិវឌ្ឍសហគ្រាស។ ការផ្តោតការយកចិត្ត ទុកដាក់លើការអភិវឌ្ឍកិច្ចការស្រាវជ្រាវនិងការបង្កើតសួនបច្ចេក វិទ្យា មន្ទីរពិសោធន៍ស្រាវជ្រាវរួមគ្នារវាងរដ្ឋាភិបាលនិងសាជីវកម្ម អាស៊ាន និង សហរដ្ឋអាម៉េរិក។ ការពង្រឹងតភ្ជាប់រវាងបណ្តាញ ស្រាវជ្រាវនិងអភិវឌ្ឍន៍រវាងអាស៊ាន និង សហរដ្ឋអាម៉េរិកតាមរយៈ រដ្ឋាភិបាល ក្រុមហ៊ុន និង សាកលវិទ្យាល័យក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាលនិងវេជ្ជសាស្ត្រជាដើម និង ការបង្កើត កម្មវិធីជំរុញការចូលរួមរបស់អាស៊ានក្នុងបណ្តាញផលិតកម្មនិង ខ្សែសង្វាក់តម្លៃតំបន់និងសាកល រួមបញ្ចូលទាំងការរួមគ្នាទាក់ ទាញក្រុមហ៊ុននាំមុខក្នុងវិស័យបច្ចេកវិទ្យាឱ្យមកវិនិយោគនៅក្នុង តំបន់ ព្រមជាមួយការបង្កើតឧស្សាហកម្មជាចង្កោមនិងឧស្សាហ កម្មគាំទ្រក្នុងអាស៊ាន។

 

 

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-

អាស៊ានលើកពីបញ្ហា សេរីភាពនាវាចរណ៍និងអាកាសចរណ៍

 

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ (ភ្នំពេញថ្ងៃទី១៧) កិច្ចប្រជុំ កំពូលសហរដ្ឋអាម៉េរិក-អាស៊ានបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានសរសេរយ៉ាងច្បាស់អំពី ការធានាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍។ ខ្លឹមសារដែលលើកឡើងនេះបានដាក់កំហិត ទៅលើប្រទេសចិនទាក់ទងនឹងសកម្មភាពនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែ បណ្តាប្រទេសនីមួយៗដែលមានការខ្វែងគំនិតជាមួយនឹង ឥរិយាបថប្រទេសចិន រហូតដល់ទីបំផុតក៏នៅមិនទាន់មានការឯក ភាពនៅក្នុងសេចក្តីថ្លែងការណ៍រួមដោយមិនបានធ្វើការទិតៀន ប្រទេសចិនដោយត្រង់នោះទេ។

 

នៅម៉ោងប្រហែល១ និង៣០នាទី (ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ នៅភ្នំពេញ) ក្រោយពេលថតរូបអនុស្សាវរីយ៍ជាមួយប្រមុខដឹក នាំនៃបណ្តាប្រទេសនីមួយៗរួច លោក អូបាម៉ា បានថ្លែងទៅ កាន់អ្នកសារព័ត៌មានស្តីអំពីអត្ថន័យនៃកិច្ចប្រជុំកំពូលនេះថា នៅ ក្នុងកិច្ចប្រជុំនេះ គំនិតផ្តួចផ្តើមដ៏ខ្លាំងក្លារបស់អាស៊ានបានជំរុញ ពួកយើងឱ្យឆ្ពោះទៅមុខលើគ្រប់វិស័យ។ ខ្ញុំមានចិត្តសប្បាយ រីករាយឥតឧបមា។ ក្នុងនាមជាប្រធានាធិបតីថ្ងៃក្រោយខ្ញុំគប្បី ពង្រឹង (ទំនាក់ទំនងសហរដ្ឋអាម៉េរិក និង អាស៊ាន) បន្ថែមមួយ កម្រិតទៀត។ លោកមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះការពង្រឹង ទំនាក់ទំនងឱ្យកាន់តែខ្លាំងនៅថ្ងៃអនាគត។

នៅក្នុងសេចក្តីថ្លែងការណ៍រួម មិនត្រឹមតែលើកឡើងអំពី សេរីភាពនាវាចរណ៍និងអាកាសចរណ៍ នោះទេ តែថែមទាំង បានលើកឡើងយ៉ាងច្បាស់អំពី ការជំរុញការអត់ធ្មត់និងគ្មាន យោធូបនីយកម្មនៃសកម្មភាពក្នុងតំបន់ជំរុញការអត់ធ្មត់ មិនមានក្នុងសេចក្តីព្រាងនោះទេ តែត្រូវបានគេបន្ថែមនៅទីបំផុត។

 

លោក អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងនៅសមុទ្រចិនខាងត្បូង រួម មានបញ្ឈប់ការលុបសមុទ្របង្កើតកោះថ្មី បញ្ឈប់ការបង្កើតសកម្ម ភាពយោធូបនីយកម្មនៃតំបន់វិវាទនិងសកម្មភាពផ្សេងទៀត យើង ក៏បានធ្វើការពិភាក្សា ដើម្បីស្វែងរកវិធីដោះស្រាយប្រកបដោយ ប្រសិទ្ធភាព។ ថ្វីត្បិតតែមិនចង្អុលច្បាស់ចំពោះប្រទេសចិន ប៉ុន្តែ លោក អូបាម៉ា បានបង្ហាញជាប្រយោលថា ការពិភាក្សានិង បន្ថែមការពិពណ៌នាគឺសំដៅចំពោះប្រទេសចិន។

 

សេចក្តីថ្លែងការណ៍រួមថែមទាំងបានលើកឡើងពី ការជួយ ដល់ការប្រមូលផ្តុំនៃសេដ្ឋកិច្ចកម្រិតខ្ពស់។ ការទាក់ទងនឹងកិច្ច ព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងមហាសមុទ្រប៉ាស៊ីហ្វ៊ិក (TPP) ដែលមានប្រទេសសមាជិកអាស៊ាន រួមមានប្រទេស សិង្ហបុរី និង វៀតណាមជាដើមនោះ លោក អូបាម៉ា ថ្លែងថា ដើម្បី ឱ្យបណ្តាប្រទេសអាស៊ានទាំងអស់ចុងក្រោយសុទ្ធតែអាចចូលរួមជាស្ថាពរ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមជំរុញឱ្យភាគីទាំងអស់ យល់ពីសកម្មភាពជំនួយរបស់ TPP” ដែលបង្ហាញជាថ្មីម្តងទៀតថា សហរដ្ឋអាម៉េរិកយក TPP ជាស្នូល ក្នុងទិសដៅពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយនឹងអាស៊ាន។ ទន្ទឹមនឹងនេះ ភាគីទាំងអស់ បានឯកភាពលើទិសដៅបន្តធ្វើកិច្ចសន្ទនានយោបាយថ្នាក់ដឹកនាំជារៀងរាល់ឆ្នាំនៅថ្ងៃអនាគត។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍រួមលើកនេះ មិនមាន ការរីកចម្រើនច្រើននោះទេបើប្រៀបធៀបនឹងខ្លឹមសារដែលលើកឡើងដោយកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីមុន។ ទោះបី សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានបង្កើតឡើងកាលពីចុង ឆ្នាំ២០១៥ ប៉ុន្តែបណ្តាប្រទេសអាស៊ានដែលមិនអាចសាមគ្គីគ្នាជា ធ្លុងមួយនៅឡើយទេ គឺនៅតែមានគំនិតរៀងៗខ្លួន។

ប្រទេសហ្វ៊ីលីពីន និង វៀតណាម ដែលមានវិវាទដែនដី ជាមួយប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង មានឥរិយាបថ រឹងត្អឹងចំពោះប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជានិងឡាវ ជាដើមដែលជាប្រទេសដីគោកអន់ថយនោះ បានទទួលជំនួយយ៉ាង ធំធេងពីប្រទេសចិនសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ។ល។ ជាហេតុធ្វើឱ្យមានផលវិបាកក្នុងការទប់ស្កាត់ប្រទេសចិន។

 

តើទំនាក់ទំនងសហរដ្ឋអាម៉េរិក និង អាស៊ានអាចត្រូវពង្រឹង បន្ថែមទៀតឬយ៉ាងណា? នោះគឺអាស្រ័យលើ គោលនយោ បាយធ្វើឱ្យអាស៊ី-ប៉ាស៊ីហ្វ៊ិកមានតុល្យភាពឡើងវិញ (បង្វែរចំណុច សំខាន់នៃទំនាក់ទំនងការទូតពីមជ្ឈិមបូព៌ាមកអាស៊ី)របស់លោក អូបាម៉ា។ នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ គ្រប់ភាគី បានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើវិស័យសហប្រតិបត្តិការ សេដ្ឋកិច្ចនិងកិច្ចការពារសន្ដិសុខ។

 

ខ្លឹមសារសេចក្តីថ្លែងការណ៍រួមដែលសម្រេចបានគោលការណ៍ ១៧ ចំណុច

 

កិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ានដែលប្រព្រឹត្តឡើង រយៈពេលពីរថ្ងៃនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាម៉េរិក បានចេញ សេចក្តីថ្លែងការណ៍រួមមួយដែលមានគោលការណ៍រួមចំនួន ១៧ ចំណុច និងមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ មេដឹកនាំពួកយើង ប្រទេសសមាជិកអាស៊ាន និង សហរដ្ឋអាម៉េរិកបានជួបជុំគ្នានៅ Sunny Lands រដ្ឋកាលីហ្វ័រនីញ៉ាបើកកិច្ចប្រជុំកំពូលមេដឹកនាំ ពិសេស។ កិច្ចប្រជុំកំពូលពិសេសនៃមេដឹកនាំសហរដ្ឋអាម៉េរិក និង អាស៊ាននេះបានធ្វើឡើងជាលើកទីមួយនៅសហរដ្ឋអាម៉េរិក ហើយក៏ជាកិច្ចប្រជុំកំពូលលើកទីមួយក្រោយពេលដែលសហគមន៍ អាស៊ានត្រូវបានបង្កើតឡើង។

 

     កិច្ចប្រជុំកំពូលលើកនេះ និយាយចំពោះអាស៊ាន និង ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសហរដ្ឋអាម៉េរិក-អាស៊ានដែលកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ អាចនិយាយបានថា វាគឺជាឆ្នាំ របស់សហរដ្ឋអាម៉េរិក និង អាស៊ាន។ ឆ្នាំ២០១៥ ប្រទេសសមាជិក អាស៊ានបានអបអរការបង្កើតឡើងនៃសហគមន៍អាស៊ាន ខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីក្លាយជាអាស៊ានដែលបម្រើដល់ប្រជាជន អាស៊ីអាគ្នេយ៍កាន់តែល្អប្រសើរ។

 

នៅក្នុងកិច្ចប្រជុំកំពូលរបស់យើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងគួឡាឡាំពួ ឈរលើការប្រែប្រួលនៃទំនាក់ទំនងរបស់ ពួកយើងកាលពីប៉ុន្មានឆ្នាំមុន យើងបានលើកកម្ពស់ទំនាក់ទំនង សហរដ្ឋអាម៉េរិក និង អាស៊ានឱ្យទៅជាទំនាក់ទំនងដៃគូសហប្រតិ បត្តិការជាយុទ្ធសាស្ត្រ។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ មេដឹក នាំប្រទេសសមាជិកអាស៊ាន និង សហរដ្ឋអាម៉េរិកឆ្លៀតយក ឱកាសនេះប្រកាសសាជាថ្មីនូវគោលការណ៍គន្លឹះដែលអាចនាំឱ្យ កិច្ចសហប្រតិបត្តិការរបស់ពួកយើងរីកចម្រើនឆ្ពោះទៅមុខ៖

 

១- តាមរយៈការការពារយ៉ាងរឹងមាំនូវគោលការណ៍និង គោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពដែនដី សមភាព និង ឯករាជភាពនយោបាយរបស់ ប្រទេសទាំងអស់។

 

២- រួមគ្នាធ្វើឱ្យការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនិងបរិយាបន្នមានវិបុលភាព បណ្តុះបណ្តាលយុវជនយើង ដើម្បីអត្ថប្រយោជន៍រួមគ្នា រក្សានូវសន្តិភាព ការអភិវឌ្ឍ និង ស្ថិរភាពប្រកបដោយចីរភាពគឺមានសារៈសំខាន់ខ្លាំងណាស់។

 

៣- ទទួលស្គាល់ទៅវិញទៅមកក្នុងការអនុវត្តគោលនយោ បាយដែលយកប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយកម្លាំងរស់រវើក បើក ចំហ និងមានភាពប្រកួតប្រជែង គឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រព័ន្ធសេដ្ឋកិច្ចបែបនេះជំរុញឱ្យសេដ្ឋកិច្ចរីកចម្រើន បង្កើតឱកាស ការងារ ការច្នៃប្រឌិតថ្មី បង្កើតអាជីវកម្មនិងតភ្ជាប់ គាំទ្រសហ គ្រាសធុនតូចនិងមធ្យម ហើយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។

 

៤- ពួកយើងប្តេជ្ញាចិត្តធានាឱ្យបាននូវឱកាសសម្រាប់ប្រជាជន ទាំងអស់របស់ពួកយើងតាមរយៈការពង្រឹងប្រជាធិបតេយ្យ, ជំរុញ ការគ្រប់គ្រងដ៏ល្អប្រសើរនិងប្រកាន់ខ្ជាប់ការយកច្បាប់ជាគោល, ជំរុញនិងការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន, លើកទឹកចិត្ត ជំរុញការអត់ធ្មត់និងកម្រិតសមស្រប, និង ការពារបរិស្ថាន។

 

៥- ស្របពេលដែលរចនាសម្ព័ន្ធតំបន់នៃតំបន់អាស៊ី-ប៉ាស៊ី ហ្វ៊ិកមានការវិវត្តឥតឈប់ឈរ យើងគោរពនិងគាំទ្រតួនាទីស្នូល របស់អាស៊ាននិងយន្តការដែលមានអាស៊ានជាអ្នកដឹកនាំ។

 

៦- ប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិ និង តំបន់មួយ ដែលយកច្បាប់ជាមូលដ្ឋានដោយរក្សាការពារសិទ្ធិពិសេស និង សិទ្ធិអត្ថប្រយោជន៍របស់ប្រទេសទាំងអស់។

 

៧- រួមគ្នាដោះស្រាយវិវាទដោយសន្តិវិធី រួមមានការគោរព យ៉ាងពេញលេញចំពោះច្បាប់និងនីតិវិធីការទូត យោងតាមគោល ការណ៍ដែលច្បាប់អន្តរជាតិទទួលស្គាល់ជាផ្លូវការនិងកតិកាសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ (UNCLOS), មិនយកការប្រើ ប្រាស់អាវុធធ្វើជាការគំរាមកំហែងឬមិនប្រើប្រាស់អាវុធតែម្តង។

 

៨- រួមគ្នាក្នុងការរក្សាសន្តិភាព សន្ដិសុខ និង ស្ថិរភាពតំបន់ មួយនេះ ធានាសុវត្ថិភាពដែនសមុទ្រ រួមមានសេរីភាពនាវាចរណ៍ និងការហោះហើរឆ្លងកាត់ និង សិទ្ធិប្រើប្រាស់សមុទ្រស្របច្បាប់ ផ្សេងទៀត, កិច្ចការពាណិជ្ជកម្មលើដែនសមុទ្រស្របច្បាប់ដែល មិនត្រូវរារាំងដែលមានចែងនៅក្នុង UNCLOS ព្រមទាំងការអត់ធ្មត់ និងគ្មានយោធូបនីយកម្មនៅពេលប្រតិបត្តិការសកម្មភាព។

 

៩- រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងបញ្ហា ប្រឈមរួមនៃដែនសមុទ្រ។

 

១០- បង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំក្នុងតួនាទីជាអ្នក ដឹកនាំចំពោះបញ្ហាជាសកល ដូចជាភេរវកម្មនិយម និងហិង្សា ជ្រុលនិយម ការជួញដូរមនុស្សខុសច្បាប់ ការជួញដូរគ្រឿងញៀន ខុសច្បាប់ និង ការនេសាទខុសច្បាប់ ការមិនរាយការណ៍និងមិន គ្រប់គ្រង ព្រមទាំងការជួញដូរឈើនិងសត្វព្រៃខុសច្បាប់។

 

១១- រួមគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍ អាស៊ានមួយដែលមានសមត្ថភាពខ្លាំងក្នុងការស៊ាំនឹងបម្រែបម្រួលអាកាសធាតុនិងមានបរិស្ថានល្អ មានការអភិវឌ្ឍប្រកបដោយចីរ ភាពមួយរួមទាំងវិភាគទាននៃការអនុវត្តការសម្រេចចិត្តរបស់ប្រទេស នីមួយៗក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

 

១២- រួមគ្នាក្នុងការជំរុញស្ថិរភាព និងសុវត្ថិភាពលំហអ៊ីនធឺណិតសមស្របនឹងស្តង់ដាសកម្មភាពប្រទេសដែលមានការទទួលខុសត្រូវ។

 

១៣- គាំទ្រជំរុញសហគមន៍អាស៊ានមួយដែលខ្លាំងក្លា ស្ថិរ ភាព មានកម្លាំងប្រមូលផ្តុំនយោបាយ សមាហរណកម្មសេដ្ឋកិច្ច ទទួលខុសត្រូវចំពោះសង្គម យកប្រយោជន៍ប្រជាជនជាធំ យក មនុស្សជាតិជាស្នូល និង យកច្បាប់ជាមូលដ្ឋាន។

 

១៤- ជំរុញឱ្យសម្រេចបាននូវក្តីប្រាថ្នានៃសហគមន៍អាស៊ាន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋអាស៊ាន និង សហរដ្ឋអាម៉េរិក ជាពិសេស គម្រោងដែលចូលរួមដោយយុវជន និង ជំរុញគម្រោងផ្ដល់ឱកាស ដល់ប្រជាជនទាំងអស់របស់យើង ជាពិសេសប្រជាជនទន់ខ្សោយ ដើម្បីពង្រឹងទំនាក់ទំនងគ្នារវាងប្រជាជននិងប្រជាជន។

 

១៥- តាមរយៈការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០៣០ និង គោលការណ៍សកម្មភាពអាឌីស អាបាបា (Addis Ababa) យើងជំរុញទំនាក់ទំនងដៃគូជាសកលដែលមានការ អភិវឌ្ឍដោយចីរភាព ដើម្បីធានាបាននូវសង្គមមួយដែលប្រកប ដោយចីរភាព យុត្តិធម៌ និង បរិយាបន្នដោយគ្មាននរណាម្នាក់ត្រូវ បានគេបោះបង់ចោល។

 

១៦- រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនៃវេទិកាតំបន់និង អន្តរជាតិ ជាពិសេសនៅក្នុងយន្តការដែលមានអាស៊ានជាអ្នកដឹក នាំនាពេលបច្ចុប្បន្ននេះ។

 

១៧- តាមរយៈកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ាននិង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមេដឹកនាំរបស់ពួកយើងចូលរួមមួយឆ្នាំម្តងយើងរួមគ្នាជំរុញការបន្តកិច្ចសន្ទនានយោបាយថ្នាក់ដឹកនាំ។

 

កម្ពុជានឹងទទួលបានផលវិជ្ជមានច្រើនក្រោយជំនួបជា

ប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក និង អាស៊ាន

 

ទាក់ទងនឹងកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាម៉េរិក-អាស៊ាននេះដែរ តាមរយៈគេហទំព័រ «សប្បាយ» (Sabay) សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រនិងទំនាក់ទំនងអន្តរជាតិ លោក ដៀប សុផល បាន ចាត់ទុកថា កិច្ចប្រជុំនេះគឺជាការពង្រឹងមិត្តភាពចាស់រវាងសហរដ្ឋ អាម៉េរិក និង អាស៊ាន ហើយកម្ពុជានឹងទទួលបានផលវិជ្ជមានជា ច្រើនពីទំនាក់ទំនងនេះ។

 

លោកសាស្ត្រាចារ្យ ដៀប សុផល មានប្រសាសន៍ថា តាម ពិត ទៅអាម៉េរិកមានទំនាក់ទំនងជាយូរមកហើយជាមួយអាស៊ាន តាំងពីអាស៊ានមិនទាន់ចាប់បដិសន្ធិម៉្លេះ, ប៉ុន្តែក្រោយពីបញ្ចប់ សង្គ្រាមត្រជាក់នៅអំឡុងឆ្នាំ១៩៩១មក ទំនាក់ទំនងសហរដ្ឋ អាម៉េរិកនៅតំបន់អាស៊ានហាក់ស្ងប់ស្ងាត់មួយរយៈពេល, ឥឡូវ សហរដ្ឋអាម៉េរិកបានឃើញពីសារៈសំខាន់កាន់តែខ្លាំងរបស់អាស៊ាន ហើយក៏ចាប់ផ្ដើមចែចូវសាជាថ្មី ខណៈចិនកំពុងមានឥទ្ធិពលមក លើតំបន់មួយនេះ។

 

ចំពោះកត្តាដែលជំរុញឱ្យសហរដ្ឋអាម៉េរិកចាប់ផ្ដើមប្រកាសពង្រឹងទំនាក់ទំនងជាមួយអាស៊ានឡើងវិញ ត្រូវបានលោកសាស្ត្រា ចារ្យ ដៀប សុផល បានលើកឡើងថា កត្តាទី១ គឺសហរដ្ឋអាម៉េរិក បានសម្លឹងឃើញអាស៊ានដែលមានប្រជាជនប្រមាណជាង ៦០០ លាននាក់ បាននិងកំពុងតែដើរតួនាទីសំខាន់នៅក្នុងសកលលោក, កត្តាទី២ គឺសេដ្ឋកិច្ចអាស៊ាន,  កត្តាទី៣ គឺកាត់បន្ថយឥទ្ធិពលចិន នៅក្នុងតំបន់អាស៊ាន។

 

លោកសាស្ត្រាចារ្យបានបន្ថែមថា ការណ៍ដែលសហរដ្ឋ អាម៉េរិកចាប់ផ្ដើមចែចូវអាស៊ានឡើងវិញនេះ ក៏អាចនឹងធ្វើឱ្យ ប្រទេសចិនអន់ចិត្តដែរ ខណៈដែលចិនក្នុងរយៈពេល ២០ឆ្នាំចុង ក្រោយនេះបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់ អាស៊ាន។ ប៉ុន្តែការលូកដៃរបស់សហរដ្ឋអាម៉េរិកគឺកាន់តែធ្វើឱ្យ អាស៊ានខ្លាំងនិងមានតុល្យភាពអំណាច ហើយកម្ពុជាក៏នឹងទទួល បានផលវិជ្ជមានដែរ។ ទាំងនេះផ្ទុយអំពីការប្រកួតប្រជែងរបស់ មហាអំណាចនៅក្នុងអំឡុងសង្គ្រាមត្រជាក់ ដែលធ្វើឱ្យប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនរងការខ្ទេចខ្ទាំ ព្រោះនៅពេល នោះគេឈ្លោះគ្នាព្រោះតែចង់បានតំបន់ និង ចង់ចាញ់ឈ្នះរវាង សេរីនិងកុម្មុយនីស្តឥណ្ឌូចិន។ ប៉ុន្តែឥឡូវនេះមិនដូចមុនទេ គេ ប្រកួតគ្នារឿងសេដ្ឋកិច្ច (ផលិតផល) ប៉ុណ្ណោះ, ដូច្នេះវាមិនមាន បញ្ហាអ្វីនោះទេ។ តែទោះជាយ៉ាងណា សាច់រឿងដែលមានតួអង្គ សំខាន់ទាំង៣ ចិន-អាស៊ាន-សហរដ្ឋអាម៉េរិក នឹងមានវឌ្ឍនភាព បន្តទៀតដែលគេមិនអាចព្យាករទុកជាមុននៅថ្ងៃអនាគត។

 

បច្ចុប្បន្នអាស៊ានបើកចំហទីផ្សារ, អាស៊ានមិនមែនចាប់ ដៃតែជាមួយចិន ឬ សហរដ្ឋអាម៉េរិកនោះទេ។ ដូច្នេះអាស៊ាននឹង ទទួលបានផលចំណេញច្រើន ក្នុងនោះរួមមានប្រទេសកម្ពុជា ដែលជាសមាជិកមួយផងដែរ។

 

លោកសាស្ត្រាចារ្យ ដៀប សុផល លើកឡើងថា សហរដ្ឋ អាម៉េរិក បានផ្ដល់កូតាសម្លៀកបំពាក់ដល់កម្ពុជារួចមកហើយ, ដូច្នេះប្រសិនបើសហរដ្ឋអាម៉េរិកកាន់តែពង្រឹងនិងវិនិយោគវិស័យឧស្សាហកម្មនៅតំបន់អាស៊ាន ហើយប្រទេសកម្ពុជានៅមានសក្ដា នុពលច្រើន កម្ពុជានឹងលែងជាប្រទេសដែលកម្មករប្រើកម្លាំង ហើយងាកមកជាកម្មករ ឬ បុគ្គលិកដែលមានបច្ចេកទេសខ្ពស់។ មួយវិញទៀត វាក៏ជាផ្នែកមួយផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពអាចមានការងារល្អៗធ្វើ។

 

លោកនិយាយថា៖ ខ្ញុំជឿថា យុវជនយើងឥឡូវនេះមាន សមត្ថភាពច្រើន, ពួកគេចេះច្រើន ហើយពួកគេនឹងមានឱកាសល្អ ថែមទៀត ប្រសិនបើសហរដ្ឋអាម៉េរិកមកបណ្ដាក់ទុននៅស្រុកខ្មែរ

 

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ ឌៀប សុផល ក៏បាន បញ្ចេញនូវទស្សនៈបន្ថែមថា ដើម្បីទទួលផលចំណេញពីទំនាក់ ទំនងមហាអំណាច កម្ពុជាត្រូវតែប្រកាន់ជំហរកណ្ដាលដោយ សហរដ្ឋអាម៉េរិកក៏ចាប់ ចិនក៏យក, ធ្វើដូច្នេះដើម្បីបង្កើនតុល្យភាព អំណាចផងនិងសេដ្ឋកិច្ចផង៕

 

ប្រែសម្រួលដោយ លោក សុខសាន្ត